កម្ចីបានអនុម័តសម្រាប់ការបញ្ចប់ផ្លូវជាតិលេខ ២១

មួយឆ្នាំបន្ទាប់ពីនាយករដ្ឋមន្រ្តីកម្ពុជាសម្តេច ហ៊ុន សែន បានស្នើសុំខ្ចីប្រាក់បន្ថែមពីសមភាគីកូរ៉េដើម្បីបញ្ចប់ការកែលំអផ្លូវជាតិលេខ ២១ ប្រាក់កម្ចីនេះត្រូវបានអនុម័តកាលពីខែកញ្ញា។

ប្រទេសកូរ៉េខាងត្បូងនឹងផ្តល់កម្ចីសម្បទានដល់រាជរដ្ឋាភិបាលកម្ពុជាចំនួន ១១.៥លានដុល្លារដើម្បីបញ្ចប់ដំណាក់កាលទីពីរនៃផ្លូវជាតិលេខ ២១ ដែលមានប្រវែង ៨.៦គីឡូម៉ែត្រ។

សារព័ត៌មានតាមអ៊ីនធឺណែតដែលគ្រប់គ្រងដោយរដ្ឋ Fresh News បានរាយការណ៍ថា សមភាគីទាំងពីរបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងផ្តល់ប្រាក់កម្ចីនៅថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០១៧ នៅទីក្រុងសេអ៊ូល។ ពិធីចុះហត្ថលេខានេះត្រូវបានធ្វើឡើងក្រោមអធិបតីភាពរបស់រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុកម្ពុជា ឯកឧត្តម វង្សី វិសុទ្ធ និងប្រធានប្រតិបត្តិធនាគារ Exim Bank របស់កូរ៉េ លោក Chang Young-Hoon។ ពិធីនេះត្រូវបានប្រារព្ធធ្វើឡើងក្នុងឱកាសខួបលើកទី៣០ នៃមូលនិធិសហប្រតិបត្តិការអភិវឌ្ឍន៍សេដ្ឋកិច្ច (EDCF) របស់ប្រទេសកូរ៉េ ។

ផ្លូវជាតិលេខ ២១ ប្រវែង ៦៣.៦គីឡូម៉ែត្រ ត្រូវការជួសជុលឡើងវិញចាប់ពីរង្វង់មូលតាខ្មៅទៅជ្រៃធំ ខេត្តកណ្តាល។ ដំណាក់កាលទីមួយនៃការជួសជុលផ្លូវគឺប្រវែង ៥៥គីឡូម៉ែត្រ ហើយដំណាក់កាលទីពីរ ដែលទើបតែទទួលបានការអនុម័តផ្តល់ថវិកានេះមានប្រវែង ៨.៦គីឡូម៉ែត្រ។

ផ្លូវនេះតភ្ជាប់ពីផ្លូវប្រសព្វនៅក្រុងតាខ្មៅទៅច្រកព្រំដែនកម្ពុជា-វៀតណាមនៅជ្រៃធំ ខេត្ដកណ្តាល ដែលក្នុងនោះត្រូវការសាងសង់ស្ពានចំនួន ៥៨ និងលូ។ ផ្លូវនេះនឹងមានផ្ទៃគ្រួស និងផ្ទៃបេតុង និងត្រូវចំណាយថវិកាប្រហែល ៦១លានដុល្លារអាមេរិក។ ក្នុងនោះទឹកប្រាក់ចំនួន ៥២លានដុល្លារមានប្រភពមកពីប្រាក់កម្ចីពីធនាគារ Exim Bank របស់ប្រទេសកូរ៉េខាងត្បូង ហើយថវិកាដែលនៅសល់គឺជាថវិការបស់រាជរដ្ឋាភិបាលកម្ពុជា។

ចាប់តាំងពីការចាប់ផ្តើមសាងសង់នៅឆ្នាំ ២០១៥ ការបញ្ចប់ការកែលម្អផ្លូវហាយវេជាតិត្រូវបានរំពឹងថានឹងចំណាយពេល ៣៦ខែក្រោមការត្រួតពិនិត្យបច្ចេកទេសរបស់ក្រុមហ៊ុនអន្តរជាតិ Dasan និងការសាងសង់ដោយក្រុមហ៊ុនកូរ៉េ Hanshi ។

កាសែត Khmer Times បានដកស្រង់សម្ដីរបស់នាយករដ្ឋមន្ត្រីដែលបានមានប្រសាសន៍នៅឯពិធីបើកការបន្តសាងសង់នៅឆ្នាំ ២០១៦ ថា “នៅដំណាក់កាលទី២ នៃគម្រោងនេះ គឺនៅសល់តែប្រវែងជាង ១០គីឡូម៉ែត្រប៉ុណ្ណោះ។ ខ្ញុំគិតថា [ទឹកប្រាក់ ១០លានដុល្លារ]នេះ មិនមែនជាបញ្ហានោះទេ ព្រោះប្រទេសកូរ៉េខាងត្បូងបានផ្តល់ប្រាក់រាប់រយលានដុល្លាររួចទៅហើយសម្រាប់ប្រទេសកម្ពុជា។ ខ្ញុំអាចនិយាយបានថា ខ្ញុំមានមោទនភាពចំពោះគោលនយោបាយការបរទេសដែលប្រទេសទាំងពីរបានបង្កើតឡើង។”

យោងតាមនាយករដ្ឋមន្រ្តី ផ្លូវជាតិលេខ២១ ជាផ្លូវដ៏សំខាន់រវាងរាជធានីភ្នំពេញ និងប្រទេសវៀតណាម ហើយវានឹងក្លាយជាសរសៃឈាមសំខាន់មួយនៅក្នុងតំបន់ ដែលផ្តល់នូវលទ្ធភាពងាយស្រួលក្នុងការចូលទៅដល់សហគមន៍ជនបទ និងការរួមចំណែកដ៏ខ្លាំងក្លាដល់សេដ្ឋកិច្ចក្នុងតំបន់។ បន្ថែមពីលើនេះ ផ្លូវនេះត្រូវបានកំណត់ថានឹងក្លាយជាផ្នែកមួយនៃបណ្តាញផ្លូវដឹកជញ្ជូនទំនិញទៅនិងមករវាងរាជធានីភ្នំពេញ និងប្រទេសវៀតណាម។

មូលនិធិសហប្រតិបត្តិការអភិវឌ្ឍន៍សេដ្ឋកិច្ច (EDCF) ដែលគ្រប់គ្រងដោយធនាគារនីហរ័ណអាហរ័ណកូរ៉េ (Korea EXIM Bank) ត្រូវបានបង្កើតឡើងនៅឆ្នាំ ១៩៨៧ ដើម្បីជួយគាំទ្រដល់បណ្តាប្រទេសកំពុងអភិវឌ្ឍន៍នៅក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បីសម្រេចបាននូវឧស្សាហូបនីយកម្ម និងស្ថិរភាពសេដ្ឋកិច្ច។ ក្នុងនាមជាសសរស្តម្ភមួយនៃជំនួយអភិវឌ្ឍន៍ផ្លូវការ (ODA) របស់កូរ៉េ EDCF គាំទ្រដល់ការផ្តល់ប្រាក់កម្ចីសម្បទានដល់ប្រទេសនានាដើម្បីអនុវត្តគម្រោងអភិវឌ្ឍន៍ក្នុងវិស័យផ្សេងៗដូចជា វិស័យដឹកជញ្ជូន ថាមពល ការផ្គត់ផ្គង់ទឹក អនាម័យ និងអប់រំ។

យោងតាមក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) គិតត្រឹមឆ្នាំ ២០១៦ ប្រទេសកូរ៉េបានផ្តល់ទឹកប្រាក់ប្រមាណ ៥២៦លានដុល្លារដល់ប្រទេសកម្ពុជា។ ភាពជាដៃគូរវាងប្រទេសទាំងពីរត្រូវបានពង្រឹងបន្ថែមតាមរយៈការអនុវត្តរួមគ្នានូវយុទ្ធសាស្រ្តនៃភាពជាដៃគូ ២០១៦-២០២០ ដែលផ្តោតលើវិស័យដឹកជញ្ជូន ការគ្រប់គ្រងទឹក សុខភាពសាធារណៈ ការអប់រំ និងការអភិវឌ្ឍជនបទ។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

ក្រសួងបរិស្ថាន និង WB រួមគ្នាពង្រឹងគ្រប់គ្រងការអភិរក្សតំបន់ការពារលើផ្ទៃដីជាង ៤០ម៉ឺនហិកតា

ក្រសួងបរិស្ថាន និងធនាគារពិភពលោក (World Bank) បានប្តេជ្ញ […]

កម្ពុជាទទួលបានគម្រោងជលផលសមុទ្រ​ និង​តំបន់ឆ្នេរប្រកបដោយចីរភាព មានតម្លៃ ៧៣លានដុល្លារ

កម្ពុជា ទទួលបានគម្រោង ជលផលសមុទ្រ​និង​តំបន់ឆ្នេរប្រកបដោយ […]

ក្រុមហ៊ុនចិន ចាប់អារម្មណ៍វិនិយោគរោងចក្រផលិតស៊ីម៉ងត៍ និងថាមពលកកើតឡើងវិញនៅកម្ពុជា

ក្រុមហ៊ុនយក្សមួយរបស់ចិន China Energy International បានប […]

វិស័យឯកជនកម្ពុជា-បារាំង នឹងដំណើរការគម្រោងអភិវឌ្ឍន៍ផ្សារបោះដុំផលិតផលស្រស់ភ្នំពេញ

កិច្ចសហការ​ដ៏​មាន​ចក្ខុវិស័យ​មួយ​ពី​កសិដ្ឋាន​ដល់​តុ​អាហ […]

បារាំងបង្ហើបគម្រោងវារីអគ្គិសនី ៨០០មេហ្កាវ៉ាត់ និងគម្រោងដុតសំរាមនៅភ្នំពេញទៅជាអគ្គិសនី

ក្រុមហ៊ុនបារាំង បានបង្ហើបពីការសិក្សាគម្រោងវិនិយោគបង្កើត […]

ជប៉ុនផ្តល់ឥណទាន ១១៩ លានដុល្លារ ជួយគម្រោងអភិវឌ្ឍន៍ចំណតផែកុងតឺន័រថ្មី នៅខេត្តព្រះសីហនុ

ភាពជាដៃគូហិរញ្ញវត្ថុ រវាងទីក្រុងភ្នំពេញ និងទីក្រុងតូក្យ […]