កម្ពុជាកំពុងឈានទៅរករលកថ្មីនៃការអភិវឌ្ឍន៍អចលនទ្រព្យ
ខណៈពេលដែលទីផ្សារអចលនទ្រព្យមាននិន្នាការផ្លាស់ប្តូរទៅតាមវដ្តនៃការអភិវឌ្ឍន៍ជាក់លាក់ណាមួយ ប្រទេសកម្ពុជាបច្ចុប្បន្នកំពុងតែឈានទៅរករលកថ្មីនៃការអភិវឌ្ឍន៍អចលនទ្រព្យ នេះបើយោងតាមអ្នកជំនាញក្នុងទីផ្សារអចលនទ្រព្យ។
លោក Jules Kay នាយកគ្រប់គ្រងផ្នែកពាណិជ្ជកម្មនៃកម្មវិធីពានរង្វាន់អចលនទ្រព្យអាស៊ីរបស់ PropertyGuruបានឲ្យដឹងបន្ទាប់ពីជំនួបជាមួយអ្នកសារព័ត៌មានក្នុងកម្មវិធីផ្សព្វផ្សាយការបើកកម្មវិធីប្រកួត«ពានរង្វាន់អចលនទ្រព្យកម្ពុជា»លើកទី៤ថា ការអភិវឌ្ឍន៍អចលនទ្រព្យនៅកម្ពុជាកំពុងផ្លាស់ប្តូរឆ្ពោះទៅរកការអភិវឌ្ឍន៍គម្រោងបែបពាណិជ្ជកម្មវិញ។
«ខ្ញុំគិតថាទីផ្សារអចលនទ្រព្យវាធ្វើដំណើរទៅតាមវដ្តរបស់វា ដូច្នេះការអភិវឌ្ឍន៍លំនៅដ្ឋានមានការថយចុះបន្តិច ប៉ុន្តែគម្រោងពាណិជ្ជកម្មកំពុងកើនឡើង» លោកបានបញ្ជាក់យ៉ាងដូចនេះ។
ជាមួយគ្នានេះដែរ លោកJules Kayបានគូសបញ្ជាក់ដែរថាឥឡូវមានការផ្លាស់ប្តូរដ៏គួរឲ្យកត់សម្គាល់ខណៈដែលលោកលើកឡើងថាការអភិវឌ្ឍន៍អចលនទ្រព្យនៅកម្ពុជាកំពុងរីកចម្រើនយ៉ាងលឿនបើប្រៀបធៀបទៅនឹងការធ្លាក់ចុះនៃការអភិវឌ្ឍន៍នៅតាមបណ្តាប្រទេសដទៃទៀតក្នុងតំបន់។
«យើងមើលឃើញមានផ្សារលក់រាយកាន់តែច្រើន យើងមើលឃើញមានកាស៊ីណូកាន់តែច្រើន ហើយយើងក៏មើលឃើញថាមានសណ្ឋាគារកាន់តែច្រើននឹងមកដល់ ដូច្នេះវាតែងតែមានវដ្តដ៏គួរឱ្យចាប់អារម្មណ៍។ នេះជាការផ្លាស់ប្តូរដ៏គួរឲ្យកត់សម្គាល់ក្នុងទីផ្សារដែលយើងមើលឃើញបន្ទាប់ពីយើងបានចូលមកដល់»លោកបានបន្ត។
ឧទាហរណ៍ កាស៊ីណូគឺជាផ្នែកថ្មីនៃការអភិវឌ្ឍន៍ក្នុងប្រទេសកម្ពុជា ដែលក្នុងនោះមានអចលនទ្រព្យជាច្រើនកន្លែង។ ជាការពិតណាស់ ថ្មីៗនេះក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុបានផ្តល់អាជ្ញាប័ណ្ណចំនួន ៥២ ទៅឲ្យកាស៊ីណូនៅឆ្នាំ ២០១៨ ដែលនេះគឺកើនឡើងរហូតដល់ ៥៣ ភាគរយបើប្រៀបធៀបទៅនឹងឆ្នាំមុន។
ស្របជាមួយនឹងនិន្នាការថ្មីនេះ ក្រុមហ៊ុនយក្សខ្មែរជីបម៉ុង គ្រុប កាលពីពេលថ្មីៗនេះបានប្រារព្ធពិធីបញ្ចុះបឋមសិលាបុកគ្រឹះសាងសង់អគារពាណិជ្ជកម្មចម្រុះអន្តរជាតិតម្លៃ១៥០លានដុល្លារអាមេរិកស្ថិតនៅតាមបណ្តោយមហាវិថីសហព័ន្ធរុស្សី។ អានបន្ថែម
- Video Advertisement -