កម្ពុជាកំពុងអភិវឌ្ឍន៍ខ្លួនទៅជាតំបន់សម្រាប់ទំនិញឆ្លងកាត់

រូបភាពដោយ MPWT

រដ្ឋាភិបាលកម្ពុជាបានបង្ហាញនូវមហិច្ឆិតាប្រែក្លាយខ្លួនទៅជាកន្លែងឡូជីស្ទឺកស្តុកទុក ទំនិញ និងឆ្លងកាត់ទំនិញរវាងប្រទេសអាស៊ាន ជាពិសេស ប្រទេសវៀតណាម និងថៃ តាមរយៈការពង្រឹងគុណភាពប្រព័ន្ធហេដ្ឋារចនាសម្ព័នដឹកជញ្ជូនរបស់ខ្លួន។

រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ឯកឧត្តម ស៊ុន ចាន់ថុល បានមានប្រសាសន៍ថា ដើម្បីប្រែក្លាយជាឡូជីស្ទឹកតំបន់បាន កម្ពុជាត្រូវតែស្តារ អភិវឌ្ឍប្រព័ន្ធហេដ្ឋារចនាដឹកជញ្ជូនរបស់ខ្លួនដើម្បីធានាដល់ការដឹកជញ្ជូនទំនិញឆ្លងកាត់ឲ្យមានប្រសិទ្ធភាពខ្ពស់។
ឯកឧត្តម ស៊ុន ចាន់ថុល បានថ្លែងថា៖ «បច្ចុប្បន្ននេះ រដ្ឋាភិបាលរបស់យើងកំពុងតែពង្រីកផ្លូវជាតិលេខ ៥ របស់យើងពី ២គន្លងទៅជា៤គន្លងវិញ ដើម្បីឲ្យងាយស្រួលក្នុងការធ្វើដំណើរ ដឹកទំនិញ និងភ្ញៀវទេសចរ។ ផ្លូវជាតិលេខ១ ពីភ្នំពេញទៅដល់ទល់ដែនកម្ពុជាវៀតណាម កំពុងស្តារពង្រឹងគុណភាពផ្លូវពី ប្រភេទ BBAC ទៅប្រភេទ AC»។

លោកបន្ថែមថា រដ្ឋាភិបាលនឹងប្រឹងប្រែងរកអ្នកវិនិយោគដើម្បីមកកសាងផ្លូវល្បឿនភ្នំពេញទៅបាវិត-មុកបាយ ដែលទើបតែបញ្ចប់ការសិក្សារ ដើម្បីឲ្យទំនិញ ពីថៃ ឆ្លងកាត់ទៅវៀតណាម មានភាពងាយស្រួល។
លោកថ្លែងបញ្ជាក់ថា៖ «ទំនិញឆ្លងកាត់នេះ ធ្វើឲ្យយើងមានការងារធ្វើច្រើន យើង ធ្វើជាឃ្លាំងស្តុកទុកបាន ដូច្នេះដើម្បីឲ្យគេធ្វើដំណើរ យកកន្លែងយើងឃ្លាំងស្តុកទុក លុះត្រាតែយើងមានកន្លែងឡូជីស្ទីកល្អ កន្លែងត្រួតពិនិត្យល្អ ផ្លូវយើងធំទូលាយល្អ ទើបគេធ្វើដំណើរឆ្លងកាត់ប្រទេសយើង»។
បើតាមលោករដ្ឋមន្រ្តី ការពង្រឹងគុណភាពហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន នឹងធ្វើឲ្យកម្ពុជាតភ្ជាប់ជាមួយផ្លូវហាយវ៉េ អាស៊ាន តភ្ជាប់ការដឹកជញ្ជូនទំនិញឆ្លងកាត់ដល់ប្រទេសចិន។

ឯកឧត្តម ស៊ុន ចាន់ថុល មានប្រសាសន៍ថា៖ «ដោយសារប្រទេសកម្ពុជាយើងជាប្រទេសមួយនៅចំកណ្តាល ប្រទេសថៃ និងប្រទេសវៀតណាម ដូច្នេះទំនិញចង់ទៅប្រទេសវៀតណាម នឹងប្រើប្រាស់ផ្លូវអាស៊ាន ហាយវេលេខ១ គឺការតភ្ជាប់ពីចិន មកភូមា មកថៃ មកកម្ពុជា ទៅវៀតណាម តាមរយៈផ្លូវជាតិលេខ ៥ របស់យើងនិងផ្លូវជាតិលេខ១»។

គួរបញ្ជាក់ថា គម្រោងសិក្សាផ្លូវល្បឿនភ្នំពេញ បាវិតបានបញ្ចប់ការសិក្សារួចហើយ ដោយអង្គការ JICA។ តាមរយៈលទ្ធផលសិក្សានេះ កម្ពុជាត្រូវការថវិការប្រមាណ ៣.៨ពាន់លានដុល្លារ ដើម្បីសាងសង់។

ទាក់ទងនឹងថវិកាដើម្បីសាងសង់ផ្លូវល្បឿនលឿននេះ លោក វ៉ាស៊ីម សូរិយា មន្រ្តីនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន បានឲ្យដឹងថា កម្ពុជាមិនមានថវិកាគ្រប់គ្រាន់សម្រាប់អនុវត្តគម្រោងនេះនៅឡើយទេ។ លោកថា ដើម្បីសាងសង់គម្រោងនេះបាន ត្រូវមានការចូលរួមពីវិស័យឯកជន។
«ផ្លូវល្បឿនហ្នឹង យើងត្រូវការវិស័យឯកជនចូលរួម ព្រោះថាយើងត្រូវការចាំបាច់ (ផ្លូវល្បឿនលឿន) តែយើងអត់មានថវិកា។ សម្រាប់ expressway យើងត្រូវការថវិកាច្រើនណាស់ វាថ្លៃណាស់ ចឹងបើយកលុយរដ្ឋាភិបាលទៅធ្វើ ឬសុំជំនួយគេធ្វើគឺពិបាក ប៉ុន្តែ បើយើងរកផ្នែកឯកជន ក៏ទាមទាររយៈពេលយូរដែរ ទាល់តែមានការសិក្សា ឬក៏គាត់រកឃើញនូវផលចំណេញណាមួយ»៕

- Video Advertisement -

ព័ត៌មានដែលទាក់ទង

គម្រោងសង់ពុទ្ធបដិមាខ្ពស់ជាងគេលើលោកតម្លៃជាង ៣០លានដុល្លារ ចាប់ផ្តើមហើយ

គម្រោងសាងសង់ពុទ្ធបដិមាខ្ពស់ជាងគេលើលោក ដែលមានតម្លៃជាង ៣០ […]

ជប៉ុនជួយកម្ពុជាសង់អគារមេត្តយ្យសិក្សានៅខេត្តបាត់ដំបង និង កោះកុង

រដ្ឋាភិបាលជប៉ុន បានឯកភាពផ្តល់ជំនួយឥតសំណងដែលមានថវិកាសរុប […]

ក្រសួងបរិស្ថាន៖ ផ្ទៃដីទាំងអស់របស់កម្ពុជាត្រូវបានចែកចេញជា ២១​ប្រភេទ

ទិន្នន័យបឋមនៃការប្រើប្រាស់ដីឆ្នាំ២០២២ ត្រូវបានសិក្សាលម្ […]

ក្រសួងបើកការដ្ឋានសាងសង់ សាលាជាតិវិជ្ជាជីវៈទេសចរណ៍ ជាផ្លូវការហើយ

ក្រសួងទេសចរណ៍ បានបើកការដ្ឋានសាងសង់ សាលាជាតិវិជ្ជាជីវៈទេ […]

ក្រសួងនឹងបើកការដ្ឋានសង់សាលាជាតិវិជ្ជាជីវៈ តម្លៃជាង ១១លានដុល្លារ ក្នុងខែវិច្ឆិកានេះ

សាលាជាតិវិជ្ជាជីវៈទេសចរណ៍ (VST) ចំនួនពីរទីតាំង នៅភ្នំពេ […]

សមាគមអ្នកសាងសង់ស្នើឱ្យជប៉ុនជួយធ្វើទំនើបកម្មពង្រឹងស្ដង់ដាកិច្ចសន្យាសំណង់នៅកម្ពុជា

សមាគមអ្នកសាងសង់នៅកម្ពុជា​ ឬCCA បានស្នើឱ្យអ្នកជំនាញជប៉ុន […]