កម្ពុជាចេញច្បាប់ថ្មីជំរុញ និងសម្រួលការវិនិយោគរួមរវាងរដ្ឋនិងឯកជនលើគម្រោងហេដ្ឋារចនាសម្ព័ន្ធ
ច្បាប់ស្តីពីភាពជាដៃគូរវាងរដ្ឋនិងឯកជន (ភ.រ.ជ) ត្រូវបានដាក់ឱ្យប្រើប្រាសជាផ្លូវការហើយ ដែលនឹងក្លាយជាចលករថ្មីមួយជួយជំរុញ និងសម្រួលនីតិវិធីនៃការវិនិយោគរវាងរដ្ឋ និងឯកជន លើគម្រោងហេដ្ឋារចនាសម្ព័ន្ធ និងសេវាសាធារណៈនានា ឱ្យងាយស្រួលជាងមុន។
ភាពជាដៃគូរវាងរដ្ឋ និងឯកជន សំដៅដល់កិច្ចព្រមព្រៀងរវាងភាគីរដ្ឋ និងដៃគូឯកជន ដើម្បីធ្វើការងារស្តារ ជួសជុល ពង្រីក សាងសង់ ប្រតិបត្តិការ និងថែទាំលើហេដ្ឋារចនាសម្ព័ន្ធសាធារណៈ ឬទ្រព្យសម្បតិ្តគម្រោង ឬដើម្បីផ្តល់សេវាសាធារណៈ ក្នុងអំឡុងពេលកំណត់ណាមួយ។
យោងតាមច្បាប់ថ្មីនេះ គម្រោងដែលអាចធ្វើឡើងក្រោមវិនិយោគរួមរវាងរដ្ឋ និងឯកជនរួមមាន គម្រោងហេដ្ឋារចនាសម្ព័ន្ធ និងសេវាសាធារណៈ ដែលបំរើដល់វិស័យដឹកជញ្ជូន ប្រៃសណីយ៍ ទូរគមនាគមន៍ បច្ចេកវិទ្យា ថាមពល អគ្គិសនី រ៉ែ ឧស្សាហកម្ម កសិកម្ម សុខាភិបាល អប់រំ កីឡា ទេសចរណ៍ ទឹកស្អាត អនាម័យ លំនៅឋាន និងគម្រោងផ្សេងៗទៀត។
ដោយឡែក ចំពោះកិច្ចសន្យា ភ.រ.ជ ត្រូវធ្វើឡើងតាមទម្រង់ជា៖
-សាងសង់ ធ្វើប្រតិបត្តិការ និងផ្ទេរ
-សាងសង់ ធ្វើជាម្ចាស់កម្មសិទ្ធិ ធ្វើប្រតិបត្តិការ និងផ្ទេរ
-សាងសង់ ធ្វើជាម្ចាស់កម្មសិទ្ធិ ធ្វើប្រតិបត្តិការ
-កិច្ចព្រមព្រៀងស្តីពីការគ្រប់គ្រង/កិច្ចព្រមព្រៀងស្តីពីប្រតិបត្តិការ និងការថែទាំ
-រចនាប្លង់ សាងសង់ ហិរញ្ញប្បទាន ធ្វើប្រតិបត្តិការ និងថែទាំ
-រចនាប្លង់ សាងសង់ និងជួល
-និងប្រភេទគម្រោង ភ.រ.ជ ផ្សេងទៀត។
ចំពោះការជ្រើសរើសដៃគូជាឯកជន គឺត្រូវបានធ្វើឡើងតាមការដេញថ្លៃ ឬតាមវិធីសាស្ត្រការចុះកិច្ចសន្យាដោយផ្ទាល់ សម្រាប់ទាំងគម្រោងផ្តួចផ្តើមដោយរដ្ឋ និងគម្រោងផ្តួចផ្តើមដោយឯកជន។
គួរបញ្ជាក់ថា ច្បាប់នេះធ្វើឡើងដើម្បីជំនួសឱ្យច្បាប់ស្តីពីសម្បទាន ឆ្នាំ២០០៧ ដោយច្បាប់ថ្មីនេះ បានតាក់តែងក្នុងទិសដៅសម្រួលដល់ការវិនិយោគរវាងរដ្ឋ និងឯកជន ឱ្យមានលក្ខណៈជាប្រព័ន្ធ មានតម្លាភាព និងងាយស្រួលជាងមុន។
ច្បាប់នេះ ក៏នឹងបង្កើតស្ថាប័នថ្មីមួយដើម្បីគ្រប់គ្រង បង្កើតក្របខណ្ឌ យន្តការផ្នែកហិរញ្ញវត្ថុ ពិនិត្យ តាមដាន ដោះស្រាយវិវាទ លើគម្រោងវិនិយោគរវាងរដ្ឋ និងឯកជន ឱ្យបានគ្រប់ជ្រុងជ្រោយជាងច្បាប់ចាស់។
ច្បាប់នេះ ក៏ចាត់ទុកថាជាការបំពេញបន្ថែមទៅនឹងច្បាប់ស្តីពីវិនិយោគថ្មីដែលទើបដែលដាក់ឱ្យប្រើប្រាស់ផងដែរ។ (អានបន្ថែម)
- Video Advertisement -