កម្ពុជាទទួលកម្ចីពីចិន ២០លានដុល្លារអាមេរិកសម្រាប់សិក្សានិងពង្រីកកំពង់ផែភ្នំពេញ
រដ្ឋាភិបាលកម្ពុជាទទួលកម្ចីពីចិន ២០លានដុល្លារអាមេរិកក្នុងការសិក្សា និងពង្រីកទីតាំងកំពង់ផែមួយទៀត នៅទីក្រុងភ្នំពេញ ដែលបច្ចុប្បន្នត្រូវបានបែងចែកជា៤ដំណាក់កាលធំៗ។ នេះបើយោងតាមប្រសាសន៍របស់ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណៈការ និងដឹកជញ្ជូន។
ឯកឧត្តម ស៊ុន ចាន់ថុល បានឱ្យដឹងដូច្នេះ កាលពីព្រឹកថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២០ ក្នុងសន្និសីទសារពត៌មានស្តីពី វឌ្ឍនភាព និងទិសដៅការងារបន្តរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន នៅទីស្តីការគណៈរដ្ឋមន្ត្រី ដែលរៀបចំដោយអង្គភាពអ្នកនាំពាក្យរបស់រាជរដ្ឋាភិបាល។
ឯកឧត្ដមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានមានប្រសាសន៍ថា៖ «កំពង់ផែភ្នំពេញយើងបានធ្វើហើយ គឺកម្ចីពីចិនប្រមាណ ២០លានដុល្លារអាមេរិកនេះគឺជាជំហានទី១។ ហើយជំហានទី២ គឺការពង្រីកទីតាំងសម្រាប់ផ្ទុក Container (កុងទីន័រ) ដែលជាប្រាក់របស់កំពង់ផែផ្ទាល់ ហើយអាហ្នឹងក៏យើងធ្វើហើយដែរ។ ជំហានទី៣ គឺការសិក្សាកំពង់ផែមួយទៀតក៏ជាប្រាក់កម្ចីពីចិនដែរ។ ហើយដំណាក់កាលទី៤ទើបយើងអាចស្នើសុំថវិការកម្ចីពីមិត្តចិនបានបន្ថែមទៀត»។
បើតាមគេហទំព័រផ្ទាល់របស់ក្រសួងក្រសួងសាធារណការ និងដឹកជញ្ជូន រាជរដ្ឋាភិបាលបាននឹងកំពុងសាងសង់កំពង់ផែទឹកជ្រៅ ជម្រៅ ១៤, ៥ម៉ែត្រ និងសិក្សាបន្ថែមលើការសាងសង់កំពង់ផែទឹកជ្រៅជម្រៅ១៧ម៉ែត្រ ទៅ១៧, ៥ម៉ែត្រ ដែលត្រូវបានសិក្សាដោយទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន(JICA) ដើម្បីអាចដឹកទំនិញត្រង់ទៅសហរដ្ឋអាមេរិក ពិសេសបាននឹងកំពុងជំរុញការដឹកជញ្ជូនតាមផ្លូវទឹក និងផ្លូវដែកនៅព្រះរាជាណាចក្រកម្ពុជាតាមរយៈការទាក់ទាញក្រុមហ៊ុននានាដើម្បីមកវិនិយោគក្នុងវិស័យនេះ។
គួរបញ្ជាក់ផងដែរថា កាលពីឆ្នាំ២០១៨ កម្ពុជាក៏មានគម្រោងប្រព័ន្ធកំពង់ផែ Electronic Data Interchange (EDI) ដែលស្ថិតក្រោមជំនួយឥតសំណងរបស់រដ្ឋាភិបាលជប៉ុនតាមរយៈទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិ JICA ក្នុងទឹកប្រាក់ប្រមាណជា ១៤ លានដុល្លារអាមេរិក សម្រាប់គ្រប់គ្រងព័ត៌មានប្រកបដោយប្រសិទ្ធិភាពលើប្រតិបត្ដិការនាំចេញនាំចូលរបស់ទំនិញដែលនឹងធ្វើឲ្យនីតិវិធីកំពង់ផែមានភាពងាយស្រួលជាងមុន ដែលនឹងដាក់ឲ្យដំណើរការនៅខែមេសា ឆ្នាំ២០២១ ខាងមុខនេះ។ (អានបន្ថែម)



- Video Advertisement -