កម្ពុជានឹងចុះកិច្ចសន្យាលក់ឥណកាបូន ១៥លានតោន ឱ្យទៅក្រុមហ៊ុនអន្តរជាតិ
កម្ពុជាបានយល់ព្រមថានឹងចុះកិច្ចសន្យាលក់ឥណកាបូនចំនួន ១៥លានតោន ទៅក្រុមហ៊ុនសាជីវកម្មអន្តរជាតិធំៗ ដែលនឹងទិញគម្រោងរេបូន (REDD+) ចំនួន ០៣គម្រោង។
នេះបើតាមកិច្ចពិភាក្សាស្តីពីការបញ្ឈប់ការបំផ្លាញព្រៃឈើក្នុងសន្និសីទកំពូលលើកទី២៧ នៃបណ្តាភាគីអនុសញ្ញាក្របខ័ណ្ឌសហប្រជាជាតិស្តីពីការប្រែប្រួលអាកាសធាតុ កាលពីថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២២។
កម្ពុជាបានបង្កើនកម្មវិធីរេបូក (REDD+) តាមរយៈការពង្រីកការទទួលខុសត្រូវចំពោះគម្រោងនេះ និងតាមរយៈការជួយជ្រោមជ្រែងពីដៃគូគម្រោងសំខាន់ៗ រួមមានសង្គមអភិរក្សសត្វព្រៃ (WCS) និងសម្ព័ន្ធសត្វព្រៃ (WA)។
តាមរយៈកម្មវិធីរេបូក (REDD+) នេះ ក្រសួងបរិស្ថានបានអនុវត្តគម្រោងចំនួន ០៣ តាំងពីឆ្នាំ២០១៦ ក្នុងតំបន់ការពារធម្មជាតិរួមមាន តំបន់កែវសីមា ជួរភ្នំក្រវាញខាងត្បូង និងព្រៃឡង់ ដែលគ្របដណ្តប់លើផ្ទៃដីចំនួន ១.២៧លានហិកតា។
ជាមួយគ្នានេះ កម្ពុជាកំពុងបង្កើនដំណើរការនីតិវិធីលក់ឥណទានកាបូន ពី១លានហិកតា ទៅជិត ៣លានហិកតា ក្នុងឆ្នាំ២០២២ នេះផងដែរ។ (អានបន្ថែម)
នៅក្នុងសន្និសីទកំពូលលើកទី២៧ លោកស្រី Suwanna Gauntlett ដែលជានាយកប្រតិបត្តិនៃសម្ព័ន្ធសត្វព្រៃ (WA) បានលើកឡើងថា « គម្រោងរេបូក (REDD+) របស់កម្ពុជា ប្រកាន់ខ្ជាប់នូវការត្រួតពិនិត្យ វាយតម្លៃយ៉ាងល្អិតល្អន់ និងដោយឯករាជ្យ។ គម្រោងទាំងនេះ បង្កើតឱ្យមានឥណទានកាបូន ឬ Verified Emission Reductions (VERs) ប្រកបដោយគុណភាព ដែលជួយការពារព្រៃឈើ ការកាត់បន្ថយការបញ្ចេញឧស្ម័ន និងជារនាំងការពារសត្វព្រៃ និងព្រៃឈើដែលកំពុងរងគ្រោះ និងធានានូវជីវភាពរស់នៅសម្រាប់ប្រជាជនក្នុងសហគមន៍ព្រៃឈើ»។
គួរបញ្ជាក់ថា បើតាម Carbon Credits ការកាប់បំផ្លាញព្រៃឈើ និងការខូចគុណភាពដីព្រៃ គឺជាកត្តារួមចំណែកយ៉ាងធំដល់វិបត្តិអាកាសធាតុ ដែលបង្ហាញឱ្យឃើញថាមានប្រហែល ១០% ទៅ ១២% នៃការបញ្ចេញឧស្ម័នទាំងអស់។
ពិភពលោកអាចនឹងឡើងកំដៅ ១.៥អង្សារសេ បើគ្មានការបញ្ឈប់ការបញ្ចេញឧស្ម័ន ដែលបណ្តាលមកពីការបាត់បង់ព្រៃឈើ ត្រឹមឆ្នាំ២០៣០។
- Video Advertisement -