កម្ពុជានឹងជំរុញស្តង់ដារវិស្វករក្នុងស្រុកដើម្បីប្រកួតប្រជែងក្នុងទីផ្សារអន្តរជាតិ
រូបភាពដោយ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ
រដ្ឋាភិបាលតាមរយៈគណៈវិស្វករកម្ពុជាបាននិងកំពុងធ្វើយ៉ាងណាជំរុញស្តង់ដារវិជ្ជាជីវៈវិស្វករគ្រប់ជំនាញទាំងអស់នៅកម្ពុជា ទាំងផ្នែកឯកជននិងរដ្ឋ ដើម្បីប្រកួតប្រជែងក្នុងទីផ្សារអន្តរជាតិ នេះបើយោងតាមការចុះផ្សាយនៅលើទំព័រហ្វ៊េសប៊ុកផ្លូវការរបស់ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ។
គណៈវិស្វករកម្ពុជាដែលជាស្ថាប័នប្រមូលផ្តុំទៅដោយវិស្វករគ្រប់មុខជំនាញវិជ្ជាជីវៈវិស្វកម្មនៅកម្ពុជា កាលពីថ្ងៃទី ០៤ ខែ មិនា ឆ្នាំ ២០១៩ បានរៀបចំសិក្ខាសាលាស្តីពី «ចល័តភាព និងការទទួលស្គាល់គុណភាពវិស្វករជាអន្តរជាតិ» ដែលក្នុងនោះ ការពង្រឹងគុណភាពវិជ្ជាជីវៈរបស់វិស្វករគឺជាការងារចម្បងដើម្បីធានាថាធនធានបញ្ញវន្តវិស្វករកម្ពុជាមានចំណេះជំនាញនិងអាចប្រកួតប្រជែងក្នុងទីផ្សារអន្តរជាតិបាន។
ថ្លែងក្នុងសិក្ខាសាលាខាងលើ ឯកឧត្តមបណ្ឌិត ពេជ សោភ័ន រដ្ឋលេខាធិការប្រចាំការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងជាអនុប្រធានក្រុមប្រឹក្សាគណៈវិស្វករកម្ពុជា បានមានប្រសាសន៍ថា៖ «ការអប់រំបណ្តុះបណ្តាលបន្ថែម គឺដើម្បីឲ្យវិស្វករមានសមត្ថភាពជំនាញវិជ្ជាជីវៈពិតប្រាកដប្រកបដោយបទពិសោធន៍ខ្ពស់ រក្សាបានភាពថ្លៃថ្នូរ រួមចំណែកលើកស្ទួយអត្តសញ្ញាណជាតិ ចូលរួមកសាង និងអភិវឌ្ឍប្រទេសជាតិ និងចូលរួមប្រកួតប្រជែងទីផ្សារការងារពលកម្មវិស័យវិស្វកម្មក្នុងពេលបច្ចុប្បន្ន និងអនាគត ទាំងក្នុងប្រទេស តំបន់ និងសកលលោក»។
ដើម្បីទទួលបានការបណ្តុះបណ្តាល និងគោរមងារជាវិស្វករដែលទទួលស្គាល់ដោយរដ្ឋាភិបាលកម្ពុជានិងអន្តរជាតិ ឯកឧត្តមបណ្ឌិត ពេជ សោភ័ន បានអំពាវនាវឲ្យវិស្វករគ្រប់ជំនាញទាំងអស់ចុះបញ្ជីវិស្វករនៅគណៈវិស្វករកម្ពុជា។
«វិស្វករជាតិយើង បើមិនបានចុះបញ្ជីវិស្វករនៅគណៈវិស្វករកម្ពុជាទេ វិស្វករយើងនឹងបាត់បង់ឱកាសទទួលបានជាគោរមងារ ពិសេសមិនមានឱកាសបម្លាស់ទីការងារឱ្យស្មើមុខស្មើមាត់ជាមួយប្រទេសក្នុងតំបន់ និងពិភពលោកបានទេ» ឯកឧត្តមបណ្ឌិត ពេជ សោភ័ន បានបញ្ជាក់យ៉ាងដូចនេះ។


- Video Advertisement -