កម្ពុជាបានកម្ចីពីចិនជាង ២០០លានដុល្លារពង្រីកផ្លូវជាតិលេខ៣ ចោមចៅ-បែកគូស-កំពត

កាលពីព្រឹកថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០១៨ សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីបើកការដ្ឋានពង្រីកនិងលើកកម្រិតគុណភាពកំណាត់ផ្លូវជាតិលេខ៣ ប្រវែងជាង ១៣៤គីឡូម៉ែត្រ ពីចោមចៅទៅបែកគូស និងពីបែកគូសទៅកំពត។

គម្រោងពង្រីកនិងលើកកម្រិតកំណាត់ផ្លូវជាតិលេខ៣នេះ គឺចាប់ពីរាជធានីភ្នំពេញ (ចោមចៅ) ដល់ក្រុងកំពត ដោយឆ្លងកាត់រាជធានីភ្នំពេញ ប្រវែង ១២គីឡូម៉ែត្រ ខេត្តកណ្តាល ប្រវែង ១១គីឡូម៉ែត្រ ខេត្តកំពង់ស្ពឺ ប្រវែង ៣០គីឡូម៉ែត្រ ខេត្តតាកែវ ប្រវែង ៣០គីឡូម៉ែត្រ និងខេត្តកំពត ប្រវែង ៥១គីឡូម៉ែត្រ។

កំណាត់ពីចោមចៅទៅបែកគូសនឹងពង្រីកទៅជាបួនគន្លង ទទឹង ២៤,៥ ម៉ែត្រ ដោយក្រាលកៅស៊ូប្រភេទ AC ។ ដោយឡែកចំពោះកំណាត់ពីបែកគូសទៅកំពត នឹងនៅជាពីរគន្លងដដែល ប៉ុន្តែនឹងពង្រីកទទឹងទៅជា ១២ ម៉ែត្រដោយនឹងក្រាលកៅស៊ូប្រភេទ AC ដូចគ្នាផងដែរ។

គម្រោងនេះនឹងគ្រោងចំណាយថវិកាជាង ២០០លានដុល្លារអាមេរិក ក្រោមហិរញ្ញប្បទានសម្បទានពីរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន រួមជាមួយថវិកាបដិភាគរបស់រាជរដ្ឋាភិបាលកម្ពុជា សម្រាប់ការដោះស្រាយផលប៉ះពាល់ ការបោសសម្អាតមីននិងយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ។

សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានមានប្រសាសន៍ថា កាលពីអំឡុងខែមករា កន្លងទៅមកនេះ នាយករដ្ឋមន្ត្រីចិន និងកម្ពុជាបានជួបគ្នានៅទីក្រុងភ្នំពេញ តាមរយៈកិច្ចប្រជុំមេគង្គឡានឆាំងហើយក៏បានចុះហត្ថលេខាផ្តល់ហិរញ្ញប្បទានសម្បទានប្រមាណ ២០០លានដុល្លារក្នុងការលើកគុណភាព និងពង្រីកផ្លូវជាតិលេខ៣នេះ។

“ផ្លូវជាតិលេខ៣នេះ មានសារៈសំខាន់យ៉ាងខ្លាំងក្នុងការធ្វើដំណើររបស់ប្រជាពលរដ្ឋ ការដឹកជញ្ជូនទំនិញផលិតផល ពិសេសការដឹកជញ្ជូនអំបិលពីខេត្តកំពតទៅកាន់ខេត្តផ្សេងៗ និងសម្រាប់វិស័យទេសចរណ៍ដែកតភ្ជាប់ពីភ្នំពេញទៅកាន់ភូមិភាគទិសនារតីនៃតំបន់សមុទ្រកម្ពុជាផងដែរ” សម្តេចបានបន្ត។

ក្នុងកំឡុងពេលសាងសង់ សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានអំពូវនាវសុំការយោគយល់ពីប្រជាពលរដ្ឋរស់នៅតាមដងផ្លូវនិងអ្នកធ្វើដំណើរពីព្រោះអាចមានការរំខានដោយគ្រឿងចក្រនឹងការកកស្ទះផ្សេងៗ។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

ក្រសួងរ៉ែនិងថាមល និងក្រុមហ៊ុន Toyota ពិនិត្យលទ្ធភាពជំរុញការប្រើប្រាស់រថយន្តអគ្គិសនី និងកូនកាត់នៅកម្ពុជា

ឯកឧត្តម កែវ រតនៈ និងអគ្គនាយកក្រុមហ៊ុន Toyota ប្រចាំកម្ព […]

Bentley ឈ្នះពានរង្វាន់ Gold Stevie Award សម្រាប់បច្ចេកវិទ្យា AI ក្នុងវិស្វកម្ម

Bentley Systems បានឈ្នះពានរង្វាន់ Gold Stevie Award for […]

ចិនប្តេជ្ញាជំរុញលើកទឹកចិត្តឱ្យក្រុមហ៊ុន សហគ្រាស និងអ្នកធុរកិច្ចចិន ឱ្យទៅបោះទុនវិនិយោគនៅកម្ពុជា

ចិនបានប្តេជ្ញាថា នឹងជំរុញលើកទឹកចិត្តឱ្យក្រុមហ៊ុន សហគ្រា […]

វិនិយោគិនអាម៉េរិក ស្វែងយល់ពីបរិយាកាសវិនិយោគ និងគោលនយោបាយលើកទឹកចិត្តនៅកម្ពុជា

ក្រោមការសម្របសម្រួលរបស់សភាពាណិជ្ជកម្មអាមេរិក-កម្ពុជា (A […]