កម្ពុជាប្ដេជ្ញាថានឹងប្រើរថយន្តអគ្គិសនីឱ្យបាន ៤០% និងម៉ូតូអគ្គិសនី ៣០% ត្រឹមឆ្នាំ ២០៥០
កម្ពុជាបានប្ដេជ្ញាជាមួយUN ថាប្រើរថយន្តអគ្គិសនីឱ្យបាន៤០% និងម៉ូតូអគ្គិសនីឱ្យបាន៣០% ត្រឹមឆ្នាំ២០៥០ ទិសដៅដើម្បីកាត់បន្ថយការបំភាយឧស្ម័នកាបូនទៅក្នុងបរិយាកាសផែនដីឱ្យនៅកម្រិតសូន្យ។
ឯកឧត្តម ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន បានឱ្យដឹងដូច្នេះ ក្នុងកិច្ចប្រជុំ ជាមួយតំណាងស្ថានីយប្រេងឥន្ធនៈធំៗ ចំនួន ៥ កាលថ្ងៃទី៣ ខែកុម្ភៈ កន្លងទៅ។
កិច្ចប្រជុំនេះធ្វើឡើងដើម្បីរិះរកវិធី និងរបៀបរបបបំពេញការងាររវាងក្រសួង ជាមួយនឹងស្ថានីយប្រេងឥន្ធនៈនានានៅកម្ពុជាទាក់ទងនឹងការបំពាក់ស្ថានីយសាកយានយន្តអគ្គិសនី។
កិច្ចពិភាក្សា ក៏បានឱ្យដឹងថា ក្រសួងគ្រោងដំឡើងស្ថានីយសាកយានយន្ត EVs នៅតាមផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុចំនួន ២ កន្លែង និងនៅតាមបណ្ដាញផ្លូវជាតិសំខាន់ៗផងដែរដូចជា ផ្លូវជាតិលេខ១ ផ្លូវជាតិលេខ៥ ផ្លូវជាតិលេខ៦ និងផ្លូវជាតិលេខ៧ សរុបយ៉ាងហោយ ១០ទីតាំង។
គួរបញ្ជាក់ថា ក្រសួងក៏កំពុងពិចារណាលើការស្នើឱ្យក្រុមហ៊ុនផ្តល់សេវាដឹកជញ្ជូនម្ហូបអាហារដូចជា Food Panda ,NHAM24 និង E-Gets ប្រើប្រាស់ម៉ូតូអគ្គិសនីជំនួសម៉ូតូប្រើសាំង ក្នុងការបម្រើសេវារបស់ខ្លួនផងដែរ៕ (អានបន្ថែម)

