កម្ពុជាផលិតស៊ីម៉ង់ ប្រមាណជិត៧លានតោន ក្នុងមួយឆ្នាំ
បភាពដោយ chipmong.com
រោងចក្រផលិតស៊ីម៉ង់ចំនួនបួន នៅកម្ពុជាមានសមត្ថភាពផលិតស៊ីម៉ង់បានចំនួនប្រមាណជា៧លានតោនក្នុងមួយឆ្នាំ ដើម្បីឆ្លើយតបទៅនឹងតម្រូវការនៃវិស័យសំណង់ក្នុងស្រុក ដែលមាននិន្នាការកើនឡើងពីមួយឆ្នាំទៅមួយឆ្នាំ។ នេះបើយោងតាមការបញ្ជាក់របស់លោក ប៉េង ណាវុធ អនុរដ្ឋលេខាធិការនៃ ក្រសួងរ៉ែ និងថាមពេល។
ថ្លែងនៅក្នុងវេទិការអភិបាលកិច្ចវិស័យឧស្សាហកម្មនិស្សារណកម្ម នៅកម្ពុជាលើកទី៧ ដែលធ្វើឡើងនៅភ្នំពេញ កាលពីថ្ងៃទី០២ ខែមេសា លោក ណាវុធបានបញ្ជាក់ថា ការកើនឡើងលើសការផលិតក្នុងស្រុក គឺដោយសារកំណើននៃវិស័យសំណង់។
ទោះជាយ៉ាងនេះក្តី លោកណាវុធ បានបញ្ជាក់ថាក្រសួងមិនមានតួលេខពីតម្រូវការប្រើប្រាស់ស៊ីម៉ង់ជាក់ស្តែងទេ។ លោកជំរុញឲ្យមានការសិក្សាច្បាស់លាស់ លើតម្រូវការជាក់ស្តែងនៃការប្រើប្រាស់ស៊ីម៉ង់ក្នុងវិស័យសំណង់។
លោកបន្ថែមថា៖ «ស្តាយដែរ យើងអត់មានការសិក្សាទិន្នន័យណាមួយឲ្យប្រាកដ ថាតើតម្រូវការស៊ីម៉ង់របស់ជាតិយើង ប៉ុន្មាន? យើងអត់មានការសិក្សារអានឹងទេ»។
រោងចក្រផលិតស៊ីម៉ង់ចំនួនបួនគឺ រោងចក្រស៊ីម៉ង់ Kampot Cement រោងចក្រ Cambodia Cement Chakrey Ting រោងចក្រ Chip Mong Insee Cement និងរោងចក្រ Battambang Conch Cement។
លោក សន សៀប អគ្គនាយកក្រុមហ៊ុនអលចលនទ្រព្យ ឃី រៀលអ៊ីស្ទេត បានលើកឡើងស្រដៀងគ្នានេះដែរថា ការកើនឡើងវិស័យសំណង់កំពុងធ្វើឲ្យតម្រូវការស៊ីម៉ង់កើនឡើង រួមទាំងការកើនឡើងនៃសំភារៈសំណង់ផ្សេងទៀតផងដែរ។
«យើងមើលទៅមានតម្រូវការច្រើន មានការសាងសង់គ្រប់កន្លែងទាំងអស់ បើយើងមើលនៅខាងបាវិតនឹងក៏ច្រើន និងនៅកំពង់សោម នៅប៉ោយប៉ែត ឃើញថាសកម្មភាពសាងសង់នឹងៗ » នេះជាការបញ្ជាក់របស់លោក សន សៀប។
លោកបន្ថែមថា៖«ឥឡូវនេះ ឃើញថាមានការខ្វះខាតខ្សាច់ មានការខ្វះខាតដែក ដោយសារការសាងសង់វាច្រើនពេក»។
ក្រុមហ៊ុន SCG ជាក្រុមហ៊ុនផ្គត់ផ្គង់សម្ភារសំណង់ធំមួយនៅកម្ពុជា កាលពីពេលថ្មីៗនេះបានប្រកាសចំណូលលក់ប្រចាំឆ្នាំ នៃប្រតិបត្តិការរបស់ខ្លួននៅកម្ពុជា។ ចំណូលពីការលក់កាលពីឆ្នាំ២០១៨ បានសម្រេច ៣៩៦លានដុល្លារ កើន៥ភាគរយ ធៀបនឹងឆ្នាំ២០១៧។ នេះបើយោងតាមសេចក្តីប្រកាសរបស់ក្រុមហ៊ុន ចេញផ្សាយកាលពីខែកុម្ភៈកន្លងទៅនេះ។
របាយការណ៍ឆ្នាំ២០១៩ របស់ក្រសួងគ្រប់គ្រងដែនដី និងនគររូបនីយកម្ម បានបង្ហាញថា គម្រោងចំនួន ២.៣៦៧ ត្រូវបានអនុម័តកាលពីឆ្នាំ២០១៨ ដែលមានទំហំវិនិយោគសរុបចំនួន ៥ពាន់លានដុល្លារអាមេរិក៕
- Video Advertisement -