កម្ពុជាមានឆ្នេរចំនួន១១ ជាប់ជ័យលាភីជាឆ្នេរខ្សាច់កម្សាន្តស្អាតប្រចាំឆ្នាំ២០២២
ប្រទេសកម្ពុជា មានឆ្នេរចំនួន១១ ជាប់ជ័យលាភីជាឆ្នេរខ្សាច់កម្សាន្តស្អាតប្រចាំឆ្នាំ២០២២ ក្នុងនោះកម្រិតល្អណាស់មាន ៦ឆ្នេរ និងកម្រិតមធ្យមមាន ៥ឆ្នេរ ក្នុងចំណោមឆ្នេរបេក្ខភាពចំនួន២៧ឆ្នេរនៅក្នុងតំបន់ឆ្នេរសមុទ្រកម្ពុជា។
ជ័យលាភីនេះ បានធ្វើឡើងក្នុងសិក្ខាសាលាស្ដីពីការពង្រឹងគុណភាពសេវាកម្មទេសចរណ៍ឆ្ពោះទៅការអបអរសាទរពិធីបុណ្យសមុទ្រលើកទី៩ ជុំទី៣ កាលពីថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២២។
បើតាមលោក លោក មុំ បូវីល លេខាធិការក្រុមការងារទទួលបន្ទុកតាមដាននិងវាយតម្លៃឆ្នេរកម្សាន្ត នៃអគ្គដ្ឋានគណៈកម្មាធិការជាតិគ្រប់គ្រងនិងអភិវឌ្ឍន៍ឆ្នេរសមុទ្រកម្ពុជា (គ.អ.ឆ.ក.) បានឱ្យដឹងថា ក្រុមការងារ បានចុះត្រួតពិនិត្យ និងវាយតម្លៃឆ្នេរបេក្ខភាពចំនួន ២៧នៅតាមបណ្តាខេត្តតំបន់ឆ្នេរសមុទ្រកម្ពុជា ក្នុងនោះនៅខេត្តកែបមានចំនួន ៦ឆ្នេរ ខេត្តកោះកុងចំនួន ៥ឆ្នេរ និងខេត្តព្រះសីហនុចំនួន ១៦ឆ្នេរ។
ក្រោយពីការត្រួតពិនិត្យ ក្រុមការងារបានសម្រេចឱ្យ ឆ្នេរខ្សាច់កម្សាន្តដែលទទួលបានចំណាត់ថ្នាក់ជាឆ្នេរស្អាតកម្រិតល្អណាស់មានចំនួន ៦ឆ្នេរ រួមមាន ខេត្តកែបមាន២ឆ្នេរ គឺ ឆ្នេរកែប និងឆ្នេរកោះទន្សាយ ចំណែកខេត្តព្រះសីហនុមាន ៤ឆ្នេរ គឺឆ្នេរសុខា ឆ្នេរអូរឈើទាល ឆ្នេរអូរត្រេះ និងឆ្នេរឋានសួគ៌។
ដោយឡែក ឆ្នេរខ្សាច់កម្សាន្តដែលទទួលបានចំណាត់ថ្នាក់ជាឆ្នេរស្អាតកម្រិតមធ្យមមានចំនួន៥ឆ្នេរ រួមមាន ខេត្តកោះកុងមាន ១ឆ្នេរ គឺ ឆ្នេរកោងកាង ចំណែកខេត្តព្រះសីហនុមាន ៤ឆ្នេរ គឺឆ្នេរឯករាជ្យ ឆ្នេរសុខសាន្ត (គ្រប់គ្រងដោយសហគមន៍) ឆ្នេរកោះរ៉ុង និងឆ្នេរប្រាសាទ។

