កម្ពុជាស្នើចិនផ្តល់កម្ចីអភិវឌ្ឍគម្រោងសង់ហេដ្ឋារចនាសម្ព័ន្ធធំៗ៧ ក្នុងឆ្នាំ២០២២-២០២៤
កម្ពុជាបានស្នើទៅភាគីចិនជួយផ្តល់ឥណទានសម្បទាន (កម្ចី) ដើម្បីអភិវឌ្ឍគម្រោងសាងសង់នូវហេដ្ឋារចនាសម្ព័ន្ធអាទិភាពធំៗចំនួន៧ សម្រាប់ឆ្នាំ២០២២-២០២៤។
នេះបើតាមកិច្ចប្រជុំពេញអង្គរបស់គណៈកម្មាធិការសម្របសម្រួលអន្តររដ្ឋាភិបាលកម្ពុជា-ចិន ដើម្បីអនុវត្តកិច្ចសហប្រតិបត្តិការភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ តាមរយៈប្រព័ន្ធវីដេអូ នៅថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២២។
ភាគីទាំងពីរ បានឯកភាពគ្នាសម្រេចលើគម្រោងអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធជាអាទិភាពរួមមាន៖
- គម្រោងសាងសង់ស្ពានទន្លេមេគង្គក្រចេះ និង ផ្លូវតភ្ជាប់ខេត្តក្រចេះ
- គម្រោងពង្រីកកំណាត់ផ្លូវជាតិលេខ7
- គម្រោងពង្រីកខ្សែបញ្ជូនអគ្គិសនីជនបទ
- គម្រោងអភិវឌ្ឍន៍អាងទឹកដងកាំបិត ខេត្តកំពង់ធំ
- គម្រោងសាងសង់ស្ពានទន្លេបាសាក់ ចាក់អង្រែក្រោម-ព្រែកប្រា
- គម្រោងលើកកម្រិតកំណត់ផ្លូវជាតិលេខ 3 (PK181+100-វាលរេញ)
- គម្រោងពង្រីកកំណាត់ផ្លូវជាតិលេខ 6 នៅក្រុងសៀមរាប
ជាមួយគ្នានេះផងដែរ ភាគីកម្ពុជា ក៏បានស្នើចិនផងដែរ ឱ្យផ្តល់ជំនួយ (ហិរញ្ញប្បទានឥតសំណង) សម្រាប់អភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ក្នុងឆ្នាំ២០២២-២០២៤ ដូចជា៖
- គម្រោងធ្វើឱ្យប្រសើរឡើងកំណាត់ផ្លូវជាតិលេខ 7
- ស្នើភាគីមិត្តជំរុញការសិក្សាសមិទ្ធិលទ្ធភាព និងដើម្បីបន្តនីតិវិធីជាបន្តទៀត សម្រាប់គម្រោងសាងសង់ប្រព័ន្ធចមោះទឹកកខ្វក់នៅក្រុងព្រះសីហនុ
- គម្រោងកែលម្អផ្លូវជនបទ និងផ្គត់ផ្គង់ទឹកជំហានទី 3
- ស្នើបន្តគាំទ្រសកម្មភាពលុបបំបាត់ គ្រាប់មីននៅកម្ពុជា។
គួរបញ្ជាក់ថា នៅក្នុងឆ្នាំ២០២២ ថ្មីៗនេះ ភាគីកម្ពុជា និងចិន បានចុះកិច្ចព្រមព្រៀងឥណទាន លើគម្រោងបណ្តាញខ្សែកាបអុបទិកក្រោមបាតសមុទ្រ ព្រះសីហនុ-ហុងកុង ដែលមានទឹកប្រាក់ប្រមាណ ៣៤៤លានដុល្លារអាមេរិក សម្រាប់៤ គម្រោងធំៗ ក្នុងវិស័យផ្លូវថ្នល់ និងខ្សែកាប្លិ៍អុបទិក។ (អានបន្ថែម)
សម្រាប់កិច្ចសហប្រតិបត្តិការហិរញ្ញប្បទានសម្រាប់ការអភិវឌ្ឍ (China ODA) ២០២០-២០២២ វិញ ចិនបានផ្តល់កម្ចី (ឥណទានសម្បទាន) ប្រមាណជាង៤៣២ លានដុល្លារអាមេរិក សម្រាប់គម្រោងអភិវឌ្ឍវិស័យអគ្គិសនី ផ្លូវថ្នល់ និងប្រព័ន្ធធារាសាស្ត្រ។
យ៉ាងណាមិញ ក្រៅពីកម្ចី ចិនក៏បានផ្តល់ជំនួយឥតសំណងផងដែរ ដែលមានទឹកប្រាក់ប្រមាណ២៧០០ លានយ័ន ស្មើនឹងប្រមាណជាង៣៩៩ លានដុល្លារអាមេរិក ក្នុងកិច្ចសហប្រតិបត្តិការ (China ODA)ដល់ភាគីកម្ពុជា។
- Video Advertisement -