កម្ពុជាស្នើជប៉ុនមកវិនិយោគលើការសង់ស្ថានីយបញ្ចូលអគ្គីសនី ដើម្បីជំរុញការប្រើរថយន្តអគ្គិសនី
កម្ពុជាបានស្នើឱ្យជប៉ុនជួយជំរុញឱ្យមានក្រុមហ៊ុនជប៉ុនមកវិនិយោគលើការសាងសងស្ថានីយបញ្ចូលអគ្គីសនីនៅកម្ពុជា ដើម្បីជំរុញការប្រើប្រាស់យានយន្តអគ្គិសនីឱ្យបានកាន់តែច្រើននិងមានភាពប្រសើរឡើង។
នេះបើតាមកិច្ចប្រជុំទ្វេភាគីរវាងឯកឧត្តម ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ជាមួយនឹងឯកឧត្តមបណ្ឌិត MORI MASAFUMI ទីប្រឹក្សាពិសេសរបស់នាយករដ្ឋមន្រ្តីជប៉ុន កាលពីថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២២។
ឯកឧត្តបានឱ្យដឹងថា ប្រទេសកម្ពុជាកំពុងជំរុញការប្រើប្រាស់យានយន្តដើរដោយថាមពលអគ្គិសនី (EV) ដើម្បីកាត់បន្ថយការបញ្ចេញការបូនឌីអុកស៊ីត។
ឯកឧត្តមបានបន្ថែមថាដើម្បីជំរុញការប្រើប្រាស់នេះ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានកាត់បន្ថយពន្ធនាំចូលមកត្រឹមតែប្រមាណជាង ៦០% ប៉ុណ្ណោះនៃតម្លៃយានយន្តអគ្គិសនី។
ឯកឧត្តមបន្តថា កម្ពុជាក៏បានស្នើដល់ភាគីជប៉ុន ជួយជំរុញឱ្យមានក្រុមហ៊ុនជប៉ុនមកវិនិយោគលើការសាងសង់ស្ថានីយបញ្ចូលអគ្គីសនីនៅកម្ពុជាផងដែរ។
ពាក់ព័ន្ធនឹងការកាត់បន្ថយការបញ្ចេញកាបូនឌីអុកស៊ីត ក្រុមហ៊ុន តូយ៉ូតា ដែលជាក្រុមហ៊ុនរបស់ប្រទេសជប៉ុន ក៏ធ្លាប់បានស្នើទៅកាន់កម្ពុជា ឱ្យពិនិត្យលទ្ធភាពក្នុងការបន្ធូរបន្ថយពន្ធនាំចូលរថយន្តប្រភេទ Hybrid ដើម្បីរួមចំណែកក្នុងការជួយឱ្យកម្ពុជាសម្រេចគោលដៅអព្យាក្រឹត្យកាបូននៅឆ្នាំ២០៥០។ (អានបន្ថែម)
លោក អ៊ី សង់ មន្ត្រីនៃអគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវគោក ក្រសួងសាធារណការ និងដឹកជញ្ជូន បានប្រាប់ទស្សនាវដ្តីអចលនទ្រព្យ និងសំណង់ កាលពីថ្ងៃទី១៦ ខែវិច្ឆិកានេះ ឱ្យដឹងថា មកទល់ពេលបច្ចុប្បន្ននេះ កម្ពុជា មានស្ថានីយបញ្ចូលអគ្គីសនី ចំនួន ៧ទីតាំង ក្នុងនោះ ៤ទីតាំងនៅក្នុងក្រសួងសាធារណការ និងដឹកជញ្ជូន ១ទីតាំងនៅខេត្តសៀមរាប ១ទីតាំងនៅខេត្តបាត់ដំបង និង១ទីតាំងទៀតនៅក្នុងខេត្តព្រះសីហនុ។
គិតត្រឹមថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២២ កម្ពុជាកំពុងប្រើប្រាស់យានយន្ត ត្រីចក្រយានយន្ត និងទោចក្រយានយន្ត ដែលបានចុះបញ្ជី និងដើរដោយថាមពលអគ្គិសនីចំនួនជាង ៥៥៧គ្រឿងមកហើយ។
- Video Advertisement -