កម្ពុជា-ថៃ ចាប់ដៃគ្នានាំយកផ្សារទំនើប Big C មកបង្ហាញខ្លួននៅទីក្រុងរណបជ្រោយចង្វារ
ថ្មីៗនេះ អ្នកអភិវឌ្ឍដ៏ល្បីល្បាញរបស់កម្ពុជាគឺក្រុមហ៊ុន OCIC បានចុះអនុស្សារណៈជាមួយផ្សារទំនើប Big c របស់ប្រទេសថៃ ដើម្បីនាំយកផ្សារទំនើបយីហោល្បីនេះមកបង្ហាញខ្លួនក្នុងទីក្រុងរណបជ្រោយចង្វារថ្មី ដែលស្ថិតនៅភាគខាងជើងនៃរាជធានីភ្នំពេញ។ នេះបើតាមការចុះផ្សាយរបស់ក្រុមហ៊ុន OCIC នៅថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៣។
គម្រោងផ្សារទំនើប big c នេះ នឹងត្រូវសាងសង់ឡើងនៅលើផ្ទៃដីទំហំ ២,៧ហិកតា នៅម្តុំរង្វង់មូលនាងទេមមច្ឆា ត្រើយខាងកើតនៃស្ពានជ្រោយចង្វា ជិតតំបន់ពាណិជ្ជកម្មថ្មីរបស់ក្រុមហ៊ុន OCIC។
លោកស្រី Lim Lychin នាយិកាក្រុមហ៊ុន OCIC បានឱ្យដឹងថា ផ្សារទំនើប Big c នេះ នឹងក្លាយជាផ្សារទំនើបដំបូងគេក្នុងទីក្រុងរណបជ្រោយចង្វារ ដែលជាតំបន់ពាណិជ្ជកម្មថ្មី និងល្អបំផុតនៅរាជធានីភ្នំពេញ។
លោកស្រីបន្ត គោលដៅនៃការបង្កើតទីក្រុងរណបជ្រោយចង្វារនេះឡើង គឺដើម្បីប្រែក្លាយតំបន់ថ្មីនេះ ឱ្យទៅជាទីក្រុងពាណិជ្ជកម្មដ៏សម្បូរបែបបំផុតរបស់រាជធានីភ្នំពេញ ក្នុងនោះរួមមានគម្រោងធំៗជាច្រើននឹងត្រូវបង្កើតឡើង ដើម្បីបំពេញតម្រូវការរបស់វិនិយោគគិនជាតិ និងអន្តរជាតិ ឱ្យទទួលបាននូវការកំសាន្ត និងធ្វើពាណិជ្ជកម្មនៅនឹងកន្លែងតែមួយតែម្តង។
ជាមួយគ្នានេះដែរ លោក Gary Hardy នាយកប្រតិបតិ្តរបស់ផ្សារទំនើប big C ក៏បានបង្ហាញពីសេចក្តីសោមនស្សរីករាយយ៉ាងខ្លាំងក្នុងការពង្រីកបណ្តាញរបស់ខ្លួននៅក្នុងប្រទេសកម្ពុជា ជាមួយនឹងការចុះហត្ថលេខាលើផ្សារទំនើប BIG C ទី១នៅរាជធានីភ្នំពេញក្នុងខណ្ឌជ្រោយចង្វារនេះ ព្រោះកន្លងមកធ្លាប់មានតែប្រភេទផ្សារ big c ជាទម្រង់តូចគឺ “BIG C MINI” ចំនួន 20 នៅទូទាំងរាជធានីភ្នំពេញ និងកំពត។
លោក Gary បន្តទៀតថា យើងរីករាយណាស់ក្នុងការធ្វើជាដៃគូជាមួយ OCIC និង Canadia Group ។ ជំហានដំបូងនេះគឺជាផ្នែកមួយនៃយុទ្ធសាស្ត្រពង្រីកទីផ្សារឱ្យកាន់តែទូលំទូលាយក្នុងរយៈពេល 5 ឆ្នាំខាងមុខ ដើម្បីអភិវឌ្ឍទម្រង់ជាច្រើនទៀតនៅទូទាំងប្រទេសកម្ពុជា និងតំបន់ SEA។
គម្រោងផ្សារទំនើបនេះ ត្រូវបានបង្កើតឡើងនៅចំពេលដែល ស្ពានបេតុងខ្សែកាបឫស្សីកែវឆ្លងទន្លេសាបរបស់ក្រុមហ៊ុន OCIC បានបើកដំណើរការជាបណ្តោះអាសន្ន ដែលធ្វើឱ្យតំបន់នេះ ក្លាយជាទិសដៅមុតស្រួចមួយនៃកំណើនដ៏លឿនរបស់ប្រជាជននៃទីក្រុង ក៏ដូចជាកំណើននៃអ្នកវិនិយោគ និងយីហោល្បីៗរបស់អន្តរជាតិ។ (អានបន្ថែម)
គួរបញ្ជាក់ថា ផ្សារទំនើប Big C ក៏ធ្លាប់គ្រោងនឹងពង្រីកសាខារាប់រយបន្ថែមទៀត នៅរាជធានីភ្នំពេញ បាត់ដំបង សៀមរាប និងខេត្តក្រុងសំខាន់ៗដទៃ ក្នុងរយៈពេល ៥ ឆ្នាំខាងមុខនេះ ជាពិសេសប្រភេទផ្សារ Mini Big C។ (អានបន្ថែម)
- Video Advertisement -