កម្ពុជា និងសិង្ហបុរី បញ្ចប់សេចក្ដីព្រាងលើគម្រោងអភិវឌ្ឍមជ្ឈមណ្ឌលភ័ស្តុភារកម្មភ្នំពេញ
សេចក្តីព្រាងកិច្ចព្រមព្រៀងរវាងក្រសួងសាធារណការនិងដឹកជញ្ជូន និងក្រុមហ៊ុនសិង្ហបុរី YHC សម្រាប់គម្រោងសាងសង់មជ្ឈមណ្ឌលភស្តុភារនៅភ្នំពេញត្រូវបានបញ្ចប់។ បច្ចុប្បន្ននេះភាគីទាំង ២ កំពុងពិនិត្យលើខ្លឹមសារឡើងវិញសារជាថ្មីម្តងទៀតមុននឹងឈានទៅដំណាក់កាលបន្ទាប់។
នេះបើយោងតាមការឱ្យដឹងពី ឯកឧត្តម ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ក្នុងកិច្ចប្រជុំជាមួយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុស្ដីពីវិវឌ្ឍនភាពនៃគម្រោងកាលពីព្រឹកថ្ងៃទី ២៧ តុលានេះ។
ឯកឧត្តមទេសរដ្ឋមន្ត្រី បានឱ្យដឹងថាកិច្ចព្រមព្រៀងត្រូវបានរៀបចំជាសេចក្ដីព្រាងរួចរាល់។ ប៉ុន្តែ យើងត្រូវកែសម្រួលឡើងវិញបន្ទាប់ពីទទួលបានធាតុចូលបន្ថែមទៀត យ៉ាងណាឱ្យខ្លឹមសារ និងវិសាលភាពឆ្លើយតបទៅនឹងកម្មវត្ថុនៃកិច្ចព្រមព្រៀង និងផ្ដល់ប្រយោជន៍ដល់ជាតិមាតុភូមិ។
ឯកឧត្ដមបន្តថា៖ ការអភិវឌ្ឍគម្រោងនេះ ស្របតាមផែនការមេភ័ស្តុភារកម្មកម្ពុជា ដែលចង់ប្រែក្លាយកម្ពុជាទៅជាមជ្ឈមណ្ឌលភ័ស្តុភារកម្មក្នុងតំបន់ បម្រើឱ្យការដឹកជញ្ជូនឆ្លងកាត់ព្រំដែនរវាងប្រទេសថៃ កម្ពុជា វៀតណាម ភូមា និងឡាវជាដើម។ គម្រោងនេះក៏នឹងជួយលើកកម្ពស់វិស័យដឹកជញ្ជូន បង្កើតការងារ លើកកម្ពស់ជីវភាពគ្រួសារ និងសេដ្ឋកិច្ចជាតិផងដែរ។ (អានបន្ថែម)
ក្នុងកិច្ចប្រជុំនេះ ក្រសួងទាំងទីក៏បានពិភាក្សាផងដែរលើគម្រោងឱ្យប្រសើរឡើងនូវច្រកទ្វារព្រំដែនអន្តរជាតិ ដោយក្រសួងកំពុងសិក្សាអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធចំនួយ ៤៣ គម្រោង នៅច្រកទ្វារនានាទូទាំងប្រទេស។ (អានបន្ថែម)


