កម្ពុជា បង្ហាញផែនការសង់ស្ថានីយច្រកទ្វារព្រំដែនអន្តរជាតិចំនួន ៤ទៀត តាមបណ្តោយព្រំដែនជាមួយវៀតណាម

រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងសាធារណការ និងដឹកជញ្ជូន បានដឹកនាំកិច្ចប្រជុំពិភាក្សាលើការកំណត់ទីតាំង ពិនិត្យលទ្ធភាព និងវិធានការដោះស្រាយដីបម្រុងទុកសម្រាប់សាងសង់ស្ថានីយច្រកទ្វារព្រំដែនអន្តរជាតិ ៤កន្លែង នាពេលខាងមុខឆាប់ៗនេះ។ នេះបើយោងតាមហ្វេសប៊ុករបស់ក្រសួងសាធារណការ កាលថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៥។

លោកជំទាវ ឥម នីថារ៉ា រដ្ឋលេខាធិការក្រសួងសាធារណការ បានឱ្យដឹងថា ស្ថានីយច្រកទ្វារព្រំដែនអន្តរជាតិ៤កន្លែង ដែលសាងសង់នាពេលខាងមុខឆាប់ៗនេះ គឺស្ថិតក្រោមក្របខ័ណ្ឌគម្រោងជំរុញការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធច្រកទ្វារព្រំដែន(3CEP)។ លោកជំទាវបន្តថា កិច្ចប្រជុំនេះ ភាគីពាក់ព័ន្ធបានពិភាក្សាលើការកំណត់ទីតាំង  សម្រាប់សាងសង់ស្ថានីយច្រកទ្វារព្រំដែនអន្តរជាតិទាំង៤កន្លែង រួមមាន ខេត្តតាកែវ ក្រចេះ រតនគិរី និងត្បូងឃ្មុំ។

នៅក្នុងកិច្ចប្រជុំនេះ ក៏ឯកភាពរៀបចំគំនូសប្លង់វិស្វកម្មលម្អិត(DEDs) សំដៅពន្លឿនការងារអនុវត្តបន្តរបស់គម្រោង 3CEP ក្នុងដំណាក់កាលរៀបចំគម្រោង ឱ្យប្រព្រឹត្តទៅបានដោយរលូន និងទទួលបានជោគជ័យទៅតាមផែនការដែលបានគ្រោងទុកផងដែរ។

គួរបញ្ជាក់បន្ថែមថា៖ គម្រោង 3CEP នេះ នឹងប្រើប្រាស់ហិរញ្ញប្បទានសហប្រតិបត្តិការពីធនាគារវិនិយោគហេដ្ឋារចនាសម្ព័ន្ធអាស៊ី(AIIB) ដែលត្រូវបានរំពឹងទុកថា សមិទ្ធផលនៃគម្រោងនេះ នឹងជួយគាំទ្រដល់វិស័យដឹកជញ្ជូនក្នុងការពង្រឹងការតភ្ជាប់ និងជំរុញកំណើននៃរំហូរប្រតិបត្តិការដឹកញ្ជូនក្នុងតំបន់ភូមិភាគឦសាន និងឆ្លងកាត់ព្រំដែន ប្រកបដោយប្រសិទ្ធភាព និងប្រសិទ្ធផល ជាពិសេស គម្រោងនេះក៏នឹងជំរុញការតភ្ជាប់ និងធ្វើឱ្យប្រសើរឡើងនូវស្ថានីយ និងហេដ្ឋារចនាសម្ព័ន្ធច្រកទ្វារព្រំដែនអន្តរជាតិ(CBF) សម្រួលការដឹកជញ្ជូន ពាណិជ្ជកម្ម ទេសចរណ៍ឆ្លងកាត់ព្រំដែនអន្តរជាតិ និងការតភ្ជាប់សេដ្ឋកិច្ចក្នុងក្របខ័ណ្ឌ៖ ១.កិច្ចសហប្រតិបត្តិការក្នុងមហាអនុតំបន់មេគង្គ(GMS)២.កិច្ចសហប្រតិបត្តិការទ្វេភាគីកម្ពុជា-វៀតណាម ៣.ចូលរួមចំណែក អនុវត្តផែនការមេ អភិវឌ្ឍតំបន់ភូមិភាគឦសាន (ប៉ូលសេដ្ឋកិច្ចទី៥) និង៤.អនុវត្តយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកកម្ពុជាជាដើម៕

- Video Advertisement -

ព័ត៌មានដែលទាក់ទង

កម្ពុជានឹងសង់ច្រកព្រំដែនអន្តរជាតិថ្មីចំនួន៤ ដើម្បីពង្រឹងការតភ្ជាប់ជាមួយប្រទេសជិតខាង

​ដើម្បី​ជំរុញ​ការ​តភ្ជាប់​ក្នុង​តំបន់ រដ្ឋាភិបាល​កម្ពុជ […]