កម្ពុជា ឡាវ និងវៀតណាម ឯកភាពគ្នាពន្លឿនការស្ថាបនាហេដ្ឋារចនាសម្ព័ន្ធឆ្លងប្រទេសធំៗ ៣

នាយករដ្ឋមន្រ្តីនៃប្រទេសកម្ពុជា ឡាវ និងវៀតណាម បានសម្រេចឯកភាពគ្នាគៀងគរធនធានពីដៃគូអភិវឌ្ឍន៍ ដើម្បីពន្លឿនការស្ថាបនាហេដ្ឋារចនាសម្ព័ន្ធឆ្លងប្រទេសធំៗ ៣ រួមមាន ផ្លូវរថភ្លើងភ្នំពេញ-ហូជីមិញ ផ្លូវល្បឿនលឿនហាណូយ-វៀងចន្ទន៍ និងផ្លូវរថភ្លើងវៀងចន្ទន៍-វង្សអាន ។

នេះបើយោងតាមកិច្ចប្រជុំតាមប្រព័ន្ធវីដេអូរវាងប្រមុខថ្នាក់ដឹកនាំនៃប្រទេសទាំងបី កាលពីថ្ងៃទី១០ ខែមីនា ឆ្នាំ២០២១ នេះ។

ការពន្លឿនការស្ថាបនាផ្លូវល្បឿនលឿន និងផ្លូវរថភ្លើងទាំងនេះ គឺដើម្បីជំរុញកិច្ចសហប្រតិបត្តិការក្របខណ្ឌក្នុងតំបន់ ដែលជាការអនុវត្តតាមផែនការតភ្ជាប់សេដ្ឋកិច្ច CLV ដល់ឆ្នាំ ២០៣០។

ក្នុងកិច្ចប្រជុំដដែលនេះ ថ្នាក់ដឹកនាំប្រទេសបី ក៏បានពិចារណាដំណើរការឡើងវិញនូវជើងហោះហើរអន្តរជាតិរវាងកម្ពុជា ឡាវ និងវៀតណាម ផងដែរ ដើម្បីជំរុញពាណិជ្ជកម្ម និងការវិនិយោគ។

ដោយឡែក ទាក់ទិននឹងគម្រោង ផ្លូវរថភ្លើងភ្នំពេញ-ហូជីមិញ មកទល់បច្ចុប្បន្ន នៅមិនទាន់ចាប់ផ្ដើមនៅឡើយទេ។ បើយោងតាម អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន ឯកឧត្តម វ៉ាស៊ីម សុរិយា កាលពីថ្មីៗនេះ គម្រោងនេះគ្រាន់តែជាការឯកភាពគ្នាដោយផ្ទាល់មាត់ ដោយមិនទាន់មានការចុះហត្ថលេខាអ្វីនៅឡើយទេ។ (អានបន្ថែម)

ប៉ុន្តែឯកឧត្តម បានបន្ថែមថា គម្រោងផ្លូវរថភ្លើងឆ្លងប្រទេសមួយខ្សែនេះនៅតែស្ថិតក្នុងបញ្ជីគម្រោងអាទិភាពរបស់រដ្ឋ ដោយកាលពីខែ តុលា ឆ្នាំ ២០២០ កន្លងមក មានក្រុមហ៊ុនចិនមួយបានបញ្ចប់ការសិក្សា តែរដ្ឋមិនទាន់អនុម័តអ្វីនោះទេ។ (អានបន្ថែម)

- Video Advertisement -