ការកាត់ឆ្វៀលដីចេញពីអនុក្រឹត្យលេខ ៨០ និងឧទ្យានជាតិបុទុមសាគរនៅមិនទាន់សម្រេចនៅឡើយ
សំណើសូមការកាត់ឆ្វៀលដីចេញពីតំបន់ដីក្រោមអនុក្រឹត្យលេខ ៨០ និងតំបន់ឧទ្យានជាតិបុទុមសាគរជូនប្រជាពលរដ្ឋរស់នៅក្នុងតំបន់នោះ កំពុងនៅមិនទាន់ឈានដល់សេចក្តីសម្រេចជាផ្លូវការឡើយ។ នេះជាការលើកឡើងរបស់លោក ជា សូវី អភិបាល នៃគណៈអភិបាលស្រុកកោះកុង តាមការយៈការសម្ភាសន៍ជាមួយទស្សនាវដ្តីសំណង់ និងអចលនទ្រព្យកាលពីថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២០។
តំបន់ដីដែលត្រូវបានស្នើកាត់ឆ្វៀលនេះ គឺជាតំបន់ស្ថិតក្នុងបវិវេណឧទ្យានជាតិបុទុមសាគរ និងអនុក្រឹត្យលេខ ៨០ ស្តីពីការបង្កើតដែនជម្រកសត្វព្រៃតាតៃ ចុះថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០១៦។ តំបន់នេះ ត្រូវបានរដ្ឋាភិបាលសម្រេចបង្កើតដែនជម្រកសត្វព្រៃតាតៃ ដែលមានផ្ទៃដីទំហំ១៤៤,២៧៥ ហិកតា ក្នុងគោលបំណងថែទាំទីជម្រកសត្វព្រៃ និងប្រព័ន្ធអេកូឡូស៊ីក្នុងភូមិសាស្ត្រនោះ នេះបើយោងតាមការបញ្ជាក់ពីលោក សូវី។
គេនៅមិនទាន់ទទួលបានព័ត៌មានច្បាស់អំពីចំនួន ប្រជាពលរដ្ឋប៉ុន្មានគ្រួសារ និងមួយគ្រួសារៗមានដីទំហំប៉ុន្មាន ដែលនឹងស្ថិតក្នុងរង្វង់ដីកំពុងស្នើសុំកាត់ឆ្វៀលនេះនៅឡើយទេ។ ក៏ប៉ុន្តែ យោងតាមប្រសាសន៍របស់លោកអភិបាលស្រុកកោះកុង គោលបំណងស្នើឆ្វៀលដីនេះ គឺដើម្បីផ្តល់ឱ្យប្រជាពលរដ្ឋ បានរស់នៅស្របច្បាប់ កុំអោយមានទំនាស់ជាមួយការអភិរក្ស ព្រោះមានប្រជាពលដ្ឋច្រើន ដែលមានដីធ្លី ភូមិករ ស្រែចម្ការរបស់ខ្លួនពួកគាត់ ស្ថិតនៅក្នុងតបន់អភិរក្សនេះ។
លោក សូវី បន្តថា អំឡុងពេលនេះ រដ្ឋបាលស្រុកនីមួយៗត្រូវធ្វើការជាមួយរដ្ឋបាលខេត្តកោះកុងអំពីការកំណត់ទីតាំង ជាមួយនឹងឯកសារពាក់ព័ន្ធនឹងអនុក្រឹត្យលេខ៨០(ដែនជម្រកសត្វព្រៃតាតៃ) និងឧទ្យានជាតិបុទុមសាគរ ដើម្បីជាមូលដ្ឋានក្នុងការពិគ្រោះជាមួយក្រសួងបរិស្ថាន មុននឹងលើកជូនរដ្ឋាភិបាលពិនិត្យសម្រេចចុងក្រោយ។
ពាក់ព័ន្ធនឹងការសម្រេចលើបញ្ហានេះ ខាងសាលាស្រុកកោះកុង និងសាលាខេត្តកោះកុង ភាគីពាក់ព័ន្ធ បានរៀបចំកិច្ចប្រជុំចំនួន ៥ ដងរួចមកហើយ ដើម្បីឈានរកការសម្រេចរួមមួយ។ សូមបញ្ជាក់ថា យោងតាមគោលការណ៍ច្បាប់ តំបន់អភិរក្សធម្មជាតិ និងតំបន់ឧទ្យានជាតិ មានការកំណត់បែងចែកដីជា ៤តំបន់៖ ១.តំបន់សហគមន៍ ២.តំបន់ប្រើប្រាស់ដោយចីរភាព ៣. តំបន់អភិរក្ស ៤.តំបន់ស្នូល។ លោកសូវី បានឱ្យដឹងថា កិច្ចប្រជុំខាងលើនេះបានកំណត់ការកាត់ឆ្វៀលដីជា ៤ តំបន់ តាមគោលការណ៍នេះផងដែរ។
ទន្ទឹមនឹងសកម្មភាពរៀបចំសម្រួលកម្មសិទ្ធិដីធ្លីជូនប្រជាពលរដ្ឋជុំវិញតំបន់នេះ គេក៏សង្កេតឃើញថា រាជរដ្ឋាភិបាលក៏កំពុងមមាញឹកក្នុងគម្រោងអភិវឌ្ឍន៍មួយចំនួនជុំវិញតំបន់ឧទ្យាននេះផងដែរ។ គម្រោងទាំងនោះរួមមាន គម្រោងកសាងផ្លូវជាតិលេខ ១០ (អានបន្ថែម) គម្រោងអាកាសយានដ្ឋានអន្តរជាតិតារាសាគរជាដើម (អានបន្ថែម) គម្រោងអាកាសយានដ្ឋានក្នុងទីរួមខេត្តកោះកុង (អានបន្ថែម) ។ ជាពិសេស ថ្មីៗនេះ គម្រោងសាងសង់រោងចក្រអគ្គិសនីដុតធ្យូងថ្ម អានុភាព ៧០០ មេហ្គាវ៉ាត់ របស់ក្រុមហ៊ុនរ៉ូយ៉ាល់គ្រុប ដែលគ្រោងនឹងសាងសង់ក្នុងតំបន់ជុំវិញបរិវេណតំបន់ឧទ្យានជាតិបុទុមសាគរនេះតែម្តង (អានបន្ថែម) និងរោងចក្រផលិតដែករបស់ក្រុមហ៊ុន Celestial ក្នុងស្រុកគីរីសាគរ (អានបន្ថែម) ផ្សារភ្ជាប់ជាមួយកំពង់ផែទឹកជ្រៅ ដែលនឹងជំរុញទាំងវិស័យទេសចរណ៍ និងឧស្សាហកម្មក្នុងខេត្តកោះកុងឱ្យកាន់តែមានសន្ទុះ។ ទឡ្ហីករណ៍ទាំងនេះ បង្ហាញរឹតតែច្បាស់ពីចេតនារបស់រដ្ឋាភិបាល ជាពិសេសកិច្ចខិតខំប្រឹងប្រែងរបស់អាជ្ញាធរមូលដ្ឋានក្នុងការដោះស្រាយបញ្ហាជីវភាព និងសេដ្ឋកិច្ចមូលដ្ឋានជូនបងប្អូនប្រជាពលរដ្ឋ៕



