ការកាន់កាប់យកចំណីដីនៅតាមខ្សែព្រំដែនជាអំពើខុសច្បាប់

ប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល ឯកឧត្តម ផៃ ស៊ីផាន ក្នុងសន្និសីទសារព័ត៌មានកាលពីថ្ងែទី ២៣ កក្កដានេះ បានព្រមានថា ការកាន់កាប់យកចំណីដីនៅតាមខ្សែព្រំដែន ជាពិសេសកម្ពុជាវៀតណាមនៅខេត្តតាកែវ ជាអំពើខុសច្បាប់ ហើយអំពាវនាវថាគឺត្រូវតែបញ្ឍប់ជាបន្ទាន់ បើមិនដូច្នេះនឹងត្រូវទទួលទោសតាមច្បាប់។

ឯកឧត្តម បានមានប្រសាសន៍ថា ៖ «ដីដែលនៅស្របតាមខ្សែខណ្ឌសីមាកម្ពុជា វៀតណាម មិនមែនជារបស់ឯកជនទេ គឺជារបស់រដ្ឋ។ កន្លងមកឃើញថាមានប្រជាពលរដ្ឋមួយចំនួន ជឿការញុះញង់ ហើយនាំគ្នាទៅចាប់យកដី នេះគឺជាអំពើខុសច្បាប់។

ឯកឧត្តម បានបន្តថា ៖ «ការធ្វើបែបនេះ យើងនឹងមិនអនុញ្ញាតិដាច់ខាត ដូច្នេះយើងសូមអំពាវនាវឱ្យឈប់ បើមិនដូច្នេះនឹងត្រូវទទួលទោសតាមច្បាប់»។

គួរបញ្ជាក់ផងដែរថា ខ្សែព្រំដែន កម្ពុជា-វៀតណាម សម្រាប់ខេត្តតាកែវ គឺមានសរុប ៧៤ គីឡូម៉ែត្រ និង មានសរុប ៣៧ បង្គោល និងជាប់នឹង ២ ខេត្តរបស់ប្រទេសវៀតណាម។

- Video Advertisement -