ការកើនឡើងនៃអចលនទ្រព្យនៅកម្ពុជា៖ ការព្យាករណ៍ឆ្នាំ២០២៤ បង្ហាញពីកំណើនដែលរំពឹងទុក”
ការព្យាករវិស័យអចលនទ្រព្យកម្ពុជាគិតត្រឹមត្រីមាសទី១ ឆ្នាំ ២០២៤ នេះ បង្ហាញភាពប្រទាញប្រទង់មិនមានការថយចុះខ្លាំង តែក៏មិនមានកំណើនថ្មីគួរឱ្យកត់សម្គាល់នោះដែរ ដែលក្នុងនោះក្រុមហ៊ុន CBRE បានរកឃើញថា វិស័យអគារការិយាល័យសម្រេចបានអត្រាកាន់កាប់ចំនួន ៦២,២%% ហើយទីផ្សារហាងលក់រាយ មានអត្រាកាន់កាប់ប្រមាណ ៦៣,៤%។ ស្ថិតិទាំងនេះ ថ្វីត្បិតតែបានឆ្លុះបញ្ចាំងពីទំនុកចិត្តដែលកំពុងកើនឡើងវិញនៅក្នុងទីផ្សារអចលនទ្រព្យជាបណ្តើរៗក៏ពិតមែន ប៉ុន្តែក៏ពុំទាន់បង្ហាញសញ្ញាវិជ្ជមានបន្ថែមថ្មីឡើយ ខណៈមានការព្យាករសេដ្ឋកិច្ចថានឹងមានកំណើនប្រមាណត្រឹម ៥,៨% ប៉ុណ្ណោះ នេះបើយោងតាមរបាយការណ៍ Market Insights Q1 2024 ធ្វើបច្ចុប្បន្នភាពដោយ CBRE Research ចុះផ្សាយកាលពីថ្ងៃទី១១ ខែមេសា ឆ្នាំ ២០២៤។
ប្រភពដដែលបានឱ្យដឹងថា វិស័យអគារការិយាល័យ ពុំមានការបញ្ចេញគម្រោងថ្មីនោះទេ ប៉ុន្តែគម្រោងអគារការិយាល័យដែលមានស្រាប់ នៅតែបន្តអនុវត្តបញ្ចប់គម្រោងតាមធម្មតា។ ការព្យាករទំហំអគារការិយាល័យដែលនឹងត្រូវបន្ថែមទៅក្នុងទីផ្សារ (ក្រោយចប់គម្រោង) សម្រាប់ឆ្នាំ ២០២៤ មានប្រមាណ ១៧១ម៉ឺន ម៉ែត្រការ៉េ និងសម្រាប់ឆ្នាំ ២០២៥ គឺប្រមាណ ២៦៨ម៉ឺន ម៉ែត្រការ៉េ។ ការព្យាករទំហំអគារការិយាល័យសរុបសម្រាប់ឆ្នាំ ២០២៤ (ទាំងមានស្រាប់និងបន្ថែម) មានប្រមាណជិត ១២០០ម៉ឺន ម៉ែត្រការ៉េ និងសម្រាប់ឆ្នាំ ២០២៥ មានប្រមាណជាង ១៤០០ម៉ឺ ម៉ែត្រការ៉េ។
សម្រាប់អត្រាការចេញសម្រង់តម្លៃជួលអគារការិយាល័យ (Quoting Rent) វិញ ពុំមានកំណើនថ្មីនោះទេ ពោលគឺតួលេខទាំងអគារលំដាប់ Grade A, B, និងC មាននិន្នាការនៅទ្រឹង ចាប់តាំងពីត្រីមាសទី៣ និងទី៤នៃឆ្នាំ២០២៣ រហូតមកទល់ត្រីមាសទី៤ នៃឆ្នាំនេះ ដោយមិនមានកំណើនលើសពី១%នោះទេ។
ដោយឡែកសម្រាប់អត្រាកាន់កាប់ទីផ្សារហាងលក់រាយគិតជាមធ្យម បន្តឱនភាពរហូតដល់ឆ្នាំ ២០២៥ ដែលអាចនឹងថយចុះក្នុងរង្វង់ ៦០%។ ទំហំហាងលក់រាយថ្មីដែលនឹងបន្ថែមទៅក្នុងទីផ្សារដែលមានស្រាប់ សម្រាប់ឆ្នាំ ២០២៤ មានប្រមាណ ១០១ម៉ឺនម៉ែត្រការ៉េ (នៃទំហំសរុប ៨០០ម៉ឺនម៉ែត្រការ៉េ គិតទាំងមានស្រាប់និងគ្រោងបន្ថែមថ្មី) និងសម្រាប់ឆ្នាំ ២០២៥ មានប្រមាណ ១១៦ម៉ឺនម៉ែត្រការ៉េ (នៃទំហំសរុបជាង ៩០០ម៉ឺនម៉ែត្រការ៉េ គិតទាំងមានស្រាប់និងគ្រោងបន្ថែមថ្មី)។
របាយការណ៍ដដែលក៏បានធ្វើបច្ចុប្បន្នភាពពីតម្លៃអចលនទ្រព្យផងដែរ ដែលក្នុងនោះខុនដូលំដាប់ខ្ពស់ (High End) មានតម្លៃប្រមាណ ២.៧០៤ ដុល្លារក្នុងមួយម៉ែត្រការ៉េ, អគារអាផាតមិនពាណិជ្ជកម្មកម្រិត A មានតម្លៃ ២០,៤០ ដុល្លារក្នុងមួយម៉ែត្រការ៉េក្នុងមួយខែ, អគារការិយាល័យកម្រិត A តម្លៃ ២៦,៥ដុល្លារក្នុងមួយម៉ែត្រការ៉េក្នុងមួយខែ, ហាងលក់រាយប្រភេទផ្សារទំនើប តម្លៃ ២៨,៩ដុល្លារក្នុងមួយម៉ែត្រការ៉េក្នុងមួយខែ ខណៈគម្រោងបុរីដែលបានបញ្ចប់ការសាងសង់រួចមានចំនួន ៤៤៨គម្រោង៕
- Video Advertisement -