ការក្ស័យធនរបស់ក្រុមហ៊ុនអភិវឌ្ឍអចលនទ្រព្យធំទីពីររបស់ចិន Evergrande និងការរីករាលដាលនៃវិបត្តិអចលនទ្រព្យសាកល

វិបត្តិជាប់គាំងគម្រោងសំណង់ ឬបរាជ័យក្នុងការជំរុញគម្រោងសាងសង់ដោយសារតែអសមត្ថភាពក្នុងការបង់ថ្លៃសាងសង់ កំពុងក្លាយជាបញ្ហាដែលអ្នកអភិវឌ្ឍន៍អចលនទ្រព្យនៅក្នុងប្រទេសចិនកំពុងប្រឈម រហូតដល់ក្លាយជាដំបៅដែលអ្នកជំនាញនាំគ្នាហៅថា “Zombification” ពោលគឺរាលដាលឆ្លងបន្តគ្នាពីក្រុមហ៊ុនមួយទៅក្រុមហ៊ុនមួយទៀតដូចជាស៊ុមប៊ី Zombie។ បញ្ហា​នេះ​កំពុង​បង្អាក់​ឆន្ទៈ​របស់អតិថិជនលែងចង់​ទិញ​ផ្ទះ ជាលទ្ធផល​អត្រាការ​លក់​ផ្ទះដាច់បាន​ធ្លាក់​ចុះ នេះបើយើងតាមការចុះផ្សាយកាលពីថ្ងៃទី១៨ ខែសីហា ឆ្នាំ ២០២៣​របស់សារៈព័ត៌មាន NikkeiAsia។

ឥឡូវនេះ ចំនួនប្រជាជនរបស់ប្រទេសចិនបានចាប់ផ្តើមថយចុះ ហើយអ្នកជំនាញជាច្រើនបានព្យាករថា “វាគឺជារឿងមិនទំនងនោះទេ ដែលថាតម្រូវការផ្ទះ អាចនឹងងើបឡើងវិញក្នុងយៈពេលវែងនោះ។ ផលប៉ះពាល់នៃវិបត្តិអចលនទ្រព្យនេះ គឺមានទំហំធំធេង។ គេអាចមើលឃើញឧទាហរណ៍ជាក់ស្តែង ពីករណីបច្ចុប្បន្នអំពីក្រុមហ៊ុន China Evergrande Group ដែលធ្លាប់ជាអ្នកអភិវឌ្ឍអចលនទ្រព្យធំជាងគេទីពីររបស់ប្រទេសចិន កំពុងប្រឈមនឹងពាក្យបណ្តឹងចំនួន ១.៥១៩បណ្តឹង ដែលទារបង់តម្លៃ ៣៩៥ ពាន់លានយន់នៅចុងឆ្នាំ ២០២២ ដែលភាគច្រើនទាមទារឱ្យបង់ប្រាក់សម្រាប់ការចំណាយលើការសាងសង់ និងសម្ភារៈដែលជំពាក់។ ប្រភពបញ្ហាគឺមកពីក្រុមហ៊ុនអចលនទ្រព្យយក្សនេះ មិនអាចបង្ហើយនិងប្រគល់ផ្ទះទៅឱ្យអ្នកទិញបាន ដោយសារវិបត្តិបំណុលចាក់ស្រែះ បានធ្វើឱ្យគម្រោងសាងសង់របស់ខ្លួនវាមិនអាចបន្តទៅរួចទៀតបាន។

ការខាតបង់រួមគ្នារបស់ក្រុមហ៊ុន Evergrande ក្នុងរយៈពេលពីរឆ្នាំជាប់ៗគ្នា (២០២១ និង២០២២) បានឈានដល់តម្លៃប្រហែល ៥៨០ ពាន់លានយន់ (៨០ ពាន់លានដុល្លារ) ដែលបណ្តាលឱ្យក្រុមហ៊ុនធ្លាក់ចូលទៅក្នុងបំណុលវណ្ឌក ដែលមានតម្លៃបំណុលសរុបចំនួន ២៤៣៧ ពាន់លានយន់ (៣៣៤,៦៨ ពាន់លានដុល្លារ) គិតត្រឹមចុងឆ្នាំ ២០២២។

ដើម្បីដោះស្រាយវិបត្តិនេះ ក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យដ៏ធំរបស់ចិនដែលកំពុងស្ថិតក្នុងដំណាក់កាលស្តារនីតិសម្បទានៃរចនាសម្ព័ន្ធគ្រប់គ្រងនេះ បានដាក់ពាក្យសុំការការពារពីម្ចាស់បំណុលក្រោមជំពូកទី ១៥ នៃក្រមក្ស័យធនរបស់សហរដ្ឋអាមេរិក ដោយសំអាងហេតុថា ទ្រព្យបំណុលរបស់ខ្លួនភាគខ្លះមានសញ្ញាបណ្ណស្ថិតក្រោមយុត្តាធិការរូបិយបណ្ណបរទេស។ ប៉ុន្តែលទ្ធផលនៃការប្រឹងរកជំនួញពីច្បាប់បរទេសនេះ ទោះបីជាទទួលបានជោគជ័យក៏ដោយ ក៏នឹងនៅតែមានកម្រិត និងឆ្ងាយពីដំណោះស្រាយជាមូលដ្ឋានចំពោះការស្តារនីតិសម្បទាគ្រប់គ្រងរបស់ក្រុមហ៊ុន ដោយសារមានតែ ២៧,៣% នៃទំហំបំណុលសរុបប្រមាណ ៦១២ ពាន់លានយន់ដែលមានការប្រាក់ ដែលស្ថិតនៅក្រោមឥទ្ធិពលច្បាប់រូបិយបណ្ណសហរដ្ឋអាមេរិក ខណៈដែលភាគច្រើន (៦៩,៧%) នៃបំណុលរបស់ខ្លួននៅតែមាននៅក្នុងប្រទេសចិន។

ចេញពីករណី Evergrande អ្នកអភិវឌ្ឍន៍អចលនទ្រព្យជាច្រើនផ្សេងទៀត ជួបប្រទះនូវសេណារីយ៉ូស្រដៀងគ្នានេះ។ ជាឧទាហរណ៍ ក្រុមហ៊ុន Country Garden Holdings ដែលជាក្រុមហ៊ុនអភិវឌ្ឍន៍ឯកជនដ៏ធំបំផុត គឺធំជាងគេនៅក្នុងប្រទេសចិនបាននិយាយថា ខ្លួនអាចនឹងធ្លាក់ចូលទៅក្នុងការខាតបង់សុទ្ធពី ៤៥ ពាន់លានយន់ (៦,១៨ ពាន់លានដុល្លារ) ទៅ ៥៥ (៧,១៨ ពាន់លានដុល្លារ) ពាន់លានយន់ក្នុងអំឡុងខែមករាដល់ខែមិថុនាឆ្នាំ ២០២៣។

តើ​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​មាន​ជំហរ​យ៉ាង​ណា​ចំពោះ​បញ្ហា​នេះ?

នៅក្នុងរបាយការណ៍គោលនយោបាយប្រចាំត្រីមាសរបស់ខ្លួនដែលបានចេញផ្សាយកាលពីថ្ងៃព្រហស្បតិ៍ ធនាគារកណ្តាលចិន បានសង្កត់ធ្ងន់លើការលុបបំបាត់ និងការការពារហានិភ័យ ខណៈដែលពិតជាបានទទួលស្គាល់ថាក្រុមហ៊ុនមួយចំនួនកំពុងជាប់គាំងក្នុងវិបត្តិហិរញ្ញវត្ថុ។ ប៉ុន្តែគេមើលឃើញថា រដ្ឋបាលទីក្រុងប៉េកាំង ហាក់ដាក់ខ្លួននៅតែឃ្លាតឆ្ងាយពីវិធានការដ៏តឹងរ៉ឹង ដើម្បីដោះស្រាយជាមួយក្រុមហ៊ុនដែលមានបញ្ហា ដូចជាវិធានការជម្រះបញ្ជីផ្លូវច្បាប់ដែលដឹកនាំដោយតុលាការក្នុងស្រុកជាដើម ដោយខ្លាចថាពួកគេនឹងនាំឱ្យមានភាពចលាចលក្នុងសង្គម និងបង្កផលប៉ះពាល់អវិជ្ជមានដល់ដៃគូអាជីវកម្មរបស់ពួកគេ និងកង្វល់ជាច្រើនទៀត។

កាលពីខែកក្កដា លេខាធិការបក្សកុម្មុយនិស្តចិនប្រចាំធនាគារកណ្តាលជាតិចិន (PBOC) លោក Guo Shuqing បានលាលែងពីមុខតំណែង។ លោក Guo ត្រូវបានគេស្គាល់ថា ជាអ្នកកែទម្រង់ហិរញ្ញវត្ថុដោយស្នើវិធានការ “បន្ទាត់ក្រហមបី” ដើម្បីរឹតបន្តឹងទំហំនៃការប្រមូលទុនដោយអ្នកអភិវឌ្ឍន៍អចលនទ្រព្យ។ នៅពីក្រោយការផ្លាស់ប្តូរនេះ រដ្ឋាភិបាលចិន ក្រោមការដឹកនាំរបស់លោកប្រធានាធិបតីឈី ជីងពីង ផ្តល់អាទិភាពកំពូលដល់ស្ថិរភាពសេដ្ឋកិច្ចទាំងមូលរបស់ប្រទេសចិន ម្ល៉ោះហើយគេឃើញថា រដ្ឋាភិបាលចិនហាក់នៅតែស្ទាក់ស្ទើរក្នុងការអនុវត្តកំណែទម្រង់រចនាសម្ព័ន្ធហិរញ្ញវត្ថុដើម្បីដោះស្រាយវិបត្តិនេះឱ្យបានស៊ីជម្រៅខ្លាំងជាងនេះ៕

- Video Advertisement -

ព័ត៌មានដែលទាក់ទង

ADB ប្រកាស​ពង្រីកទំហំហិរញ្ញប្បទានរបស់ខ្លួនដល់ $៣៦ពាន់លាន ដើម្បី​ដោះស្រាយ​បញ្ហា​ប្រឈម​នៅអាស៊ីប៉ាស៊ីហ្វិក

នៅក្នុងការផ្លាស់ប្តូរដ៏សំខាន់មួយក្នុងការជំរុញការអភិវឌ្ឍ […]

ការដកខ្លួនរបស់ទីភ្នាក់ងារ USAID ត្រួសត្រាយផ្លូវសម្រាប់ការពង្រីកឥទ្ធិពលរបស់ចិននៅកម្ពុជា និងអាស៊ាន

ការបង្កកជំនួយ USAID ភ្លាមៗក្រោមរដ្ឋបាលអាមេរិកថ្មីរបស់លោ […]

សេដ្ឋកិច្ច​ចិនជួបវិបត្តិថ្មី ជះឥទ្ធិពលដល់ទីផ្សារ​អចលន​ទ្រព្យ​និងគម្រោងអភិវឌ្ឍន៍សំខាន់ៗនៅអាស៊ាន

ទំហំពាណិជ្ជកម្មតម្លៃប្រមាណ ៧២២ពាន់លានដុល្លាររ វាងចិន និ […]

ទីផ្សារអចលនទ្រព្យអាស៊ីអាគ្នេយ៍ ត្រៀមខ្លួនសម្រាប់កំណើន ដែលមិនធ្លាប់មានពីមុនមក

ទិដ្ឋភាពអចលនទ្រព្យអាស៊ីអាគ្នេយ៍ កំពុងជួបប្រទះការផ្លាស់ប […]