ការដេញថ្លៃគម្រោងជួសជុលពង្រីកផ្លូវលេខ ៤ គ្រោងបញ្ចប់ខែមីនា ខណៈការដ្ឋាននឹងបើកឆ្នាំនេះ
នីតិវិធីដេញថ្លៃសម្រាប់គម្រោងជួសជុល ពង្រីក និងកែលម្អផ្លូវជាតិលេខ ៤ គ្រោងនឹងបញ្ចប់នៅខែមីនាខាងមុខ ខណៈការដ្ឋានសាងសង់រំពឹងថានឹងចាប់ផ្តើមនៅឆ្នាំនេះ។
រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ឯកឧត្តម ស៊ុន ចាន់ថុល បានឱ្យដឹងដូច្នេះ ក្នុងសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២១ និងលើកទិសដៅការងារឆ្នាំ២០២២ កាលពីថ្ងៃទី ២៧ មករា កន្លងមកនេះ។
ជាក់ស្ដែង គម្រោងលើកកម្ពស់ផ្លូវជាតិលេខ ៤ នេះ ត្រូវបានចុះកិច្ចសន្យាជាមួយធនាគារពិភពលោក ៣ឆ្នាំ មកហើយ។
ឯកឧត្តម ស៊ុន ចាន់ថុល ថា៖ «បច្ចុប្បន្ន ស្ថិតក្នុងដំណាក់កាលដេញថ្លៃ ដោយបានដេញថ្លៃរួចបាន ៣ កញ្ចប់ហើយ នៅសល់ ២ កញ្ចប់ទៀត ដែលគ្រោងនឹងបញ្ចប់នៅខែមីនា»។
«បើតាមផែនការកំណាត់ដែលដេញថ្លៃរួច អាចនឹងចាប់ផ្ដើមបើកការដ្ឋានមុនបណ្ដើរៗដើម្បីឱ្យចំណេញពេលវេលា ហើយកំណាត់មិនទាន់ដេញថ្លៃបាននឹងចាប់ផ្ដើមតាមក្រោយ» ឯកឧត្តម បន្ដ។
គួរបញ្ជាក់ថា ផ្លូវជាតិលេខ៤ តភ្ជាប់ពីរាជធានីភ្នំពេញ ទៅខេត្តព្រះសីហនុ ដែលមានរយៈចម្ងាយ ២៣២ គីឡូម៉ែត្រ។ ផ្លូវនេះគឺផ្លូវអាស៊ានមួយខ្សែ តភ្ជាប់មហាតំបន់ពាណិជ្ជកម្មរាជធានីភ្នំពេញ ទៅកំពង់ផែអន្តរជាតិក្រុងព្រះសីហនុ ដែលជាកំពង់ផែទឹកជ្រៅ៕

