ការថមថយនៃវិស័យអចលនទ្រព្យនៅតែជាកង្វល់របស់ADB ទោះសេដ្ឋកិច្ចអាចកើនឡើង៥,៤% នៅឆ្នាំ ២០២១ ក្ដី
របាយការណ៍ព្យាករណ៍ក្នុងខែធ្នូរបស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានបង្ហាញថា កំណើនសេដ្ឋកិច្ចកម្ពុជាគឺនៅតែថយចុះ -៤% ដដែលសម្រាប់ឆ្នាំ ២០២០ តែអាចនឹងស្ទុះឡើងវិញទៅ ៥,៤% ក្នុងឆ្នាំ ២០២១ ។ ទោះយ៉ាងណា ការថមថយនៃវិស័យសំណង់ និងអចលនទ្រព្យនៅតែជាកង្វល់មួយ ក្នុងចំណោមហានិភ័យផ្សេងៗទៀតដែលADB បានលើកឡើង។
ការព្យាករណ៍ខែធ្នូនេះ គឺនៅដដែលបើប្រៀបធៀបទៅនឹងការព្យាករណ៍កាលពីខែកញ្ញា របស់ស្ថាប័ននេះ។ ADB ក៏បានលើកឡើងទៀតថា ប្រទេសកម្ពុជាកំពុងធ្វើពិពិធកម្មសមត្ថភាពនាំចេញរបស់ខ្លួន ដែលនេះជាគន្លឹះសម្រាប់កំណើនសេដ្ឋកិច្ចនាពេលអនាគត។
ជាងនេះទៅទៀត កំណើនសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា គឺនឹងពឹងផ្អែកយ៉ាងខ្លាំងលើការបើកចំហពាណិជ្ជកម្ម និងការវិនិយោគ។
លោក David Freedman សេដ្ឋវិទូប្រចាំប្រទេសរបស់ ADB ប្រចាំប្រទេសកម្ពុជា ក៏បានចង្អុលបង្ហាញថា ទោះបីមានការព្យាករណ៍វិជ្ជមាននៅឆ្នាំ ២០២១ ក៏ដោយ ហានិភ័យក៏នៅតែមាន។
ដកស្រង់សំដីចេញពីកាសែតខ្មែរថាមស៍ លោកបានឱ្យដឹងថា ហានិភ័យទាំងនោះរួមមានការងើបឡើងវិញយឺតនៃតម្រូវការទេសចរណ៍ និងតម្រូវការអ្នកប្រើប្រាស់ ការធ្លាក់ចុះនៃវិស័យសំណង់និងអចលនទ្រព្យ ការកើនឡើងនូវភាពក្រីក្រ បំណុលគ្រួសារ កង្វះជំនាញ និងហានិភ័យមួយចំនួនទៀតដែលបណ្តាលមកពីការប្រែប្រួលអាកាសធាតុ។

