ការបញ្ចាំសម្រាប់ទិញអចលនទ្រព្យនៅកម្ពុជា
ខណៈពេលដែលប្រទេសកម្ពុជាត្រូវបានរំពឹងថានឹងរក្សាកំណើនសេដ្ឋកិច្ចរឹងមាំក្នុងពេលប៉ុន្មានឆ្នាំខាងមុខ អ្នកទិញជាច្រើនមានទំនុកចិត្តក្នុងការទិញអចលនទ្រព្យដូចជាផ្ទះ ឬកំពុងពិចារណាទិញអចលនទ្រព្យសម្រាប់ការវិនិយោគឬធ្វើជាផ្ទះទីពីរ។ ភាពងាយស្រួលបញ្ចាំពីធនាគារសម្រាប់អ្នកទិញជួយឱ្យអ្នកទិញទាំងនោះមិនបាច់បង់ប្រាក់កក់ ១០០ភាគរយនៃថ្លៃស្នើលក់ក្នុងមួយយូនីត ហើយពួកគេភាគច្រើនយកការបញ្ចាំនោះដើម្បីផ្តល់ហិរញ្ញប្បទានដល់អចលនទ្រព្យរបស់ពួកគេ។
នីតិវិធីដើម្បីទទួលបានការអនុម័តលើការបញ្ចាំដើម្បីទិញផ្ទះ ឬផ្តល់ហិរញ្ញប្បទានសម្រាប់ទិញផ្ទះគឺមិនស្មុគស្មាញនោះទេ។ អ្នកខ្ចីដែលស្វែងរកប្រាក់កម្ចីសព្វថ្ងៃនេះ ស្វែងរកអ្នកផ្តល់កម្ចីជាច្រើនដើម្បីជ្រើសរើសកម្ចី ហើយទីផ្សារនេះមានលក្ខណៈសន្ទនីយ៍ច្រើន។ អ្នកអភិវឌ្ឍន៍លំនៅឋានជាច្រើនបានជួយសម្រួលផ្នែកតម្រូវការប្រាក់កម្ចីសម្រាប់គម្រោងរបស់ពួកគេដែលមានអចលនទ្រព្យមានដីធ្លីដូចជា ផ្ទះវីឡាជាដើម។ អ្នកអភិវឌ្ឍន៍ទាំងនេះផ្តល់ប្រាក់កម្ចី និងការបញ្ចាំដល់អតិថិជនរបស់ខ្លួន។ ដូចដែលខ្ញុំបានរៀបរាប់នៅក្នុងអត្ថបទមុនៗរបស់ខ្ញុំ ចំណុចនេះនឹងបង្កើនហានិភ័យសម្រាប់អ្នកទិញដោយហេតុថាបើម្ចាស់ផ្ទះក្លាយជាអ្នកគ្មានការងារធ្វើឬបាត់បង់ប្រាក់ចំណូល ពួកគេនឹងមិនអាចមានលទ្ធភាពទិញផ្ទះរបស់ពួកគេ ហើយទីបំផុតទៅផ្ទះរបស់ពួកគេនឹងត្រូវដកហូតវិញ។
ម្យ៉ាងវិញទៀត មិនមែនអ្នកទិញទាំងអស់សុទ្ធតែដឹងថារយៈពេលនៃការបង់ប្រាក់កាន់តែយូរ មានន័យថាការប្រាក់កាន់តែខ្ពស់នោះទេ។ វាអាចដែលថាការប្រាក់បង្គរលើប្រាក់កម្ចីក្នុងរយៈពេលវែង (ដូចជាបន្ទាប់ពីបង់រយៈពេល ១០ ឬ១៥ឆ្នាំ) គឺស្មើឬលើសតម្លៃផ្ទះទៅទៀត។ ទោះជាយ៉ាងណា វាប្រសើរជាងការបង់ថ្លៃជួលលើផ្ទះរបស់អ្នកដទៃ ដែលអាចមានចំនួនស្មើនឹងចំនួនដែលអ្នកត្រូវបង់ទៅធនាគារជារៀងរាល់ខែ។ ជាការពិត សម្រាប់អ្នកទិញដែលមានប្រាក់ច្រើន ពួកគេអាចបង់ថ្លៃអចលនទ្រព្យពេញថ្លៃតែម្តង ដើម្បីចៀសវាងការខ្ជះខ្ជាយប្រាក់លើការប្រាក់។
ទោះជាយ៉ាងណា មនុស្សជាច្រើនបានត្អូញត្អែរថា អត្រាការប្រាក់សម្រាប់ប្រាក់កម្ចីនៅក្នុងប្រទេសកម្ពុជាមានកំរិតខ្ពស់បើប្រៀបធៀបទៅនឹងប្រទេសដទៃ។ ការប្រាក់លើប្រាក់កម្ចីទិញអចលនទ្រព្យអាចកើនឡើងរហូតដល់ ១០ភាគរយក្នុងមួយឆ្នាំ។ ការបង់អត្រាការប្រាក់ខ្ពស់លើការទូទាត់ប្រាក់កម្ចីទាំងនេះកំពុងដាក់សម្ពាធបន្ថែមដល់អ្នកទិញជាច្រើន ជាពិសេសអ្នកទិញដែលមិនមានប្រាក់ចំណូលមានស្ថិរភាព។ ជាទូទៅ អ្នកទិញអចលនទ្រព្យត្រូវបង់ប្រាក់ប្រហែល ២០ ទៅ ៣០ភាគរយនៃតម្លៃសរុបរបស់អចលនទ្រព្យមុនពេលទទួលបានកម្ចីទិញអចលនទ្រព្យ។ រយៈពេលនៃកម្ចីនេះជាធម្មតាពី ១៥ ទៅ ៣០ឆ្នាំ។ ក្រៅពីធនាគារក៏មានគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុដែលមានឯកទេសលើប្រាក់កម្ចីទិញផ្ទះផងដែរ ដែលអត្រាការប្រាក់ជាទូទៅមានភាពខុសគ្នាតាមគ្រឹះស្ថាន និងមានអត្រាការប្រាក់ខ្ពស់ជាងបើធៀបនឹងធនាគារ។
ដោយសារតែជម្រើសការបញ្ចាំទាំងនេះនៅលើទីផ្សារ បច្ចុប្បន្នអ្នកទិញអាចមានលទ្ធភាពទិញអចលនទ្រព្យ។ ពួកគេមិនចាំបាច់មានប្រាក់សន្សំគ្រប់គ្រាន់ដើម្បីទិញអចលនទ្រព្យភ្លាមៗនោះទេ។ វាមិនពិបាកក្នុងការទទួលបានប្រាក់កម្ចីពីធនាគារនោះទេ ប្រសិនបើគេមានកំណត់ត្រាឥណទានស្អាតស្អំ មានការបង់ប្រាក់ដំបូង(ឬប្រាក់កក់) ហើយអាចបង្ហាញភស្តុតាងនៃប្រាក់ចំណូលគ្រប់គ្រាន់។
- Video Advertisement -