ការព្យាករណ៍អចលនទ្រព្យអាស៊ីប៉ាស៊ីហ្វិកឆ្នាំ ២០២៥៖ ការប្រឈម ភាពធន់ និងឱកាស
ទីផ្សារអចលនទ្រព្យក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក ហាក់បង្ហាញភាពស្វាហាប់ឡើងវិញសម្រាប់ឆ្នាំ២០២៥ ដែលត្រូវបានជំរុញដោយការធ្លាក់ចុះអត្រាការប្រាក់សកល និងការព្យាករកំណើន GDP ក្នុងតំបន់ ចំនួន ៤,៤% បើទោះបីជាបញ្ហាប្រឈមដែលបណ្តាលមកពីការតស៊ូទីផ្សារអចលនទ្រព្យរបស់ប្រទេសចិន និងភាពតានតឹងភូមិសាស្ត្រនយោបាយក៏ដោយ នេះបើយោងតាមការវិភាគ អ្នកជំនាញអចលនទ្រព្យប្រចាំតំបន់អាស៊ី Benjamin Cole របស់ស្ថាប័នស្រាវជ្រាវអចលនទ្រព្យ irei.com ចេញផ្សាយនៅថ្ងៃទី ២១ ខែធ្នូ ឆ្នាំ២០២៤។
ប្រភពដដែលបានឱ្យដឹងថា កំណើន GDP ក្នុងតំបន់ កើនឡើងដល់ ៤,៦% នៅឆ្នាំ ២០២៤ មុនពេលថយចុះមកត្រឹម ៤,៤% នៅឆ្នាំ ២០២៥ យោងតាមទស្សនវិស័យប្រចាំឆមាសប្រចាំឆ្នាំរបស់មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) ដែលបានចេញផ្សាយក្នុងខែវិច្ឆិកា ឆ្នាំ ២០២៤ ។ តួលេខដដែលនេះ ត្រូវបានបញ្ជាក់ដោយធនាគារពិភពលោកប្រចាំតំបន់អាស៊ីបូព៌ា និងប៉ាស៊ីហ្វិក។
និន្នាការអត្រាការប្រាក់ និងផលប៉ះពាល់អចលនទ្រព្យ
កត្តាសំខាន់ដែលជំរុញអចលនទ្រព្យអាស៊ីប៉ាស៊ីហ្វិកនៅឆ្នាំ២០២៥ គឺការបន្ធូរបន្ថយអត្រាការប្រាក់រយៈពេលវែងនៅទូទាំងប្រទេសសេដ្ឋកិច្ចធំៗ។ ជាក់ស្តែង ធនាគារប្រជាជនចិន (PBOC) ទើបតែបានចាប់ផ្តើមកាត់បន្ថយអត្រាការប្រាក់យ៉ាងសម្បើមនៅចុងឆ្នាំ ២០២៤ ដែលគាំទ្រដោយអត្រាអតិផរណាត្រឹមតែ ០,៣%នៃអត្រាប្រចាំឆ្នាំ ក្នុងខែតុលា ឆ្នាំ ២០២៤។ ដូចគ្នានេះដែរ ធនាគារកណ្តាលពិភពលោកដូចជាធនាគារកណ្តាលអាមេរិក ធនាគារអង់គ្លេស និងធនាគារកណ្តាលអ៊ឺរ៉ុប ក៏បានបង្ហាញពីការបន្ធូរបន្ថយគោលនយោបាយរូបិយវត្ថុ បង្កើតបរិយាកាសអំណោយផលសម្រាប់ការវិនិយោគអចលនទ្រព្យផងដែរ។ ផ្ទុយទៅវិញ ធនាគារកណ្តាលជប៉ុន (BOJ) របស់ប្រទេសជប៉ុន ថ្វីត្បិតតែបានដំឡើងអត្រាការប្រាក់តិចតួចក្នុងឆ្នាំ ២០២៤ ប៉ុន្តែនៅតែបន្តរក្សាជំហរជាមួយនឹងអត្រាការប្រាក់សម្រាប់រយៈពេលខ្លី នៅត្រឹម ០,២៥% និងអត្រារយៈពេលវែងប្រហែល ១% ។
ប្រទេសជប៉ុន៖ កន្លែងសុវត្ថិភាពសម្រាប់អចលនទ្រព្យ
ប្រទេសជប៉ុននៅតែបន្តទាក់ទាញទំនុកចិត្តរបស់អ្នកវិនិយោគជាមួយនឹងទីផ្សារអចលនទ្រព្យដ៏រឹងមាំរបស់ខ្លួន។ អត្រាជួលក្នុងទីផ្សារការិយាល័យរបស់តូក្យូ បានឃើញការកើនឡើង ៤,៤% នៃអត្រាប្រចាំឆ្នាំ គិតត្រឹមត្រីមាសទី ៣ ឆ្នាំ ២០២៤ ជាមួយនឹងអត្រាទំនេរ ៤,៧%។ ការងើបឡើងវិញនៃវិស័យសណ្ឋាគារ និងលក់រាយរបស់ប្រទេសជប៉ុន ដែលជំរុញដោយការកើនឡើងនៃវិស័យទេសចរណ៍ ធ្វើឱ្យមានភាពរឹងមាំបន្ថែមទៀត។ សណ្ឋាគារប្រណីត កំពុងកត់ត្រាប្រាក់ចំណូលខ្ពស់ ខណៈដែលភ្ញៀវទេសចរភាគច្រើន ចូលពីកូរ៉េខាងត្បូង ចិន និងសហរដ្ឋអាមេរិក កំពុងស្តារសកម្មភាពពាណិជ្ជកម្មការធ្វើដំណើរឡើងវិញ។
អាស៊ីអាគ្នេយ៍ និងឥណ្ឌា៖ តារាសេដ្ឋកិច្ចកំពុងរះថ្មី
មួយវិញទៀត ភាពធន់នឹងសេដ្ឋកិច្ចនៃតំបន់អាស៊ីប៉ាស៊ីហ្វិក មួយភាគធំ ត្រូវបានគាំទ្រដោយដំណើរការដ៏រឹងមាំនៅក្នុងប្រទេសដែលមានសេដ្ឋកិច្ចកំពុងរីកចម្រើនដូចជាប្រទេសឥណ្ឌា ដែលត្រូវបានព្យាករថា នឹងសម្រេចបាននូវកំណើន GDP ៦,៥% នៅឆ្នាំ ២០២៥ ដោយសារភាពអំណោយផលពីកត្តាប្រជាសាស្រ្តរបស់ប្រទេស ហើយ កំពុងវិវត្តខ្លួនក្លាយជាមជ្ឈមណ្ឌលផលិតកម្ម និងសេវាកម្មបច្ចេកទេសសកល។ ទន្ទឹមនឹងនេះ បណ្តាប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍ កំពុងទទួលបានអត្ថប្រយោជន៍ពីកំណើនចំនួនប្រជាជន និងប្រាក់ចំណូលក្នុងតំបន់ដែលកំពុងកើនឡើង ក្នុងនោះឥណ្ឌូនេស៊ី ហ្វីលីពីន និងវៀតណាម នឹងសម្រេចបាននូវអត្រាកំណើន GDP ៥,១%, ៦,១% និង៦,១% រៀងគ្នានៅឆ្នាំ ២០២៥ នេះបើយោងតាម IMF ។
អាស៊ីអាគ្នេយ៍ ផ្តល់ឱកាសគួរឱ្យទាក់ទាញសម្រាប់វិនិយោគិនពីប្រទេសសេដ្ឋកិច្ចរីកចម្រើន ដោយមានឥណ្ឌូនេស៊ី វៀតណាម និងហ្វីលីពីននាំមុខគេក្នុងកំណើនក្នុងតំបន់។ ចំនួនប្រជាជនដែលកំពុងពង្រីកក្នុងតំបន់នេះ ដែលត្រូវបានព្យាករថានឹងកើនឡើងបន្ថែមចំនួន ៧៤១ លាននាក់ក្នុងទសវត្សរ៍ក្រោយ រួមផ្សំជាមួយនឹងការកើនឡើងនៃប្រាក់ចំណូល បង្កើតជាទីតាំងភូមិសាស្ត្រអំណោយផលខ្លាំងសម្រាប់ការវិនិយោគអចលនទ្រព្យ។ ទន្ទឹមនឹងនេះ ទីផ្សារអចលនទ្រព្យរបស់ប្រទេសឥណ្ឌានៅតែបន្តរីកចម្រើន ដោយមានឧស្សាហកម្ម ឃ្លាំង និងការិយាល័យមានតម្រូវការដែលមិនធ្លាប់មានពីមុនមក។ អ្នកវិភាគ ចង្អុលបង្ហាញឱ្យឃើញពីការលេចចេញរបស់ឥណ្ឌាជាមជ្ឈមណ្ឌលទេសចរណ៍ខាងវិស័យអភិវឌ្ឍន៍អចលនទ្រព្យដែលបម្រើឱ្យសេវាអភិវឌ្ឍចិត្តវិញ្ញាណ និងជារោងចក្រថាមពលដែលជាកត្តាជំរុញកំណើនដ៏សំខាន់។
បញ្ហាប្រឈមមួយចំនួន និងច្រកចេញសម្រាប់អនាគតនៃអចលនទ្រព្យក្នុងតំបន់
ក្នុងទិដ្ឋភាពប្រវត្តិសេដ្ឋកិច្ច ទីផ្សារអចលនទ្រព្យរបស់ប្រទេសចិន នៅតែជាបញ្ហាប្រឈមដ៏សំខាន់បំផុតរបស់តំបន់ ដោយប្រឈមនឹងការធ្លាក់ចុះគួរឱ្យកត់សម្គាល់ នៅក្នុងសន្ទស្សន៍អចលនទ្រព្យរបស់ Hang Seng ចាប់តាំងពីខែមករាឆ្នាំ ២០២០។ វិស័យសំខាន់ៗ រួមមានលំនៅដ្ឋាន និងការិយាល័យ ប្រឈមនឹងការផ្គត់ផ្គង់លើស ការថយចុះតម្លៃជួល និងអត្រាទំនេរខ្ពស់។ គួរកត់សម្គាល់ថា China Evergrande Group ដែលធ្លាប់ជាក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យដ៏មានតម្លៃបំផុតរបស់ពិភពលោកបានប្រឈមនឹងការក្ស័យធននៅឆ្នាំ ២០២៣ និងការរំលាយនៅឆ្នាំ ២០២៤ ដែលហេតុការណ៍នេះ នៅតែបង្ហាញពីភាពងាយរងគ្រោះរបស់វិស័យនេះនៅឡើយ។ ទោះបីជាមានឧបសគ្គទាំងនេះ ក៏ដោយ IMF បានព្យាករថា GDP របស់ប្រទេសចិន នឹងកើនឡើង ៤,៥% នៅឆ្នាំ ២០២៥ ដែលត្រូវបានជំរុញដោយការជំរុញការអនុវត្តគោលនយោបាយសារពើពន្ធរបស់រដ្ឋ និងអន្តរាគមន៍របស់ធនាគារកណ្តាល។
សម្រាប់ឆ្នាំ ២០២៥ ខណៈពេលដែលទីផ្សារអចលនទ្រព្យអាស៊ីប៉ាស៊ីហ្វិក នៅបន្តប្រឈមមុខនឹងវិបត្តិអចលនទ្រព្យរបស់ប្រទេសចិន និងភាពមិនប្រាកដប្រជានៃសេដ្ឋកិច្ចសកល ភាពរឹងមាំជាមូលដ្ឋានរបស់តំបន់ ដែលនៅតែបន្តទ្រទ្រង់សេដ្ឋកិច្ចរួមមាន – ការកើនឡើងប្រាក់ចំណូល កំណើនប្រជាសាស្រ្ត និងការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធដ៏រឹងមាំ – បានបង្កើតភាពធន់ និងផ្តល់ជាមូលដ្ឋានគ្រឹះសម្រាប់ការងើបឡើងវិញដ៏ជោគជ័យមួយសម្រាប់អ្នកវិនិយោគរយៈពេលវែង។ នៅពេលដែលសេដ្ឋកិច្ចពិភពលោកងើបឡើងវិញ ព្រមជាមួយនឹងអត្រាការប្រាក់មានភាពងាយស្រួលជាងមុននោះ ប្រទេសក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក នឹងក្លាយជាគោលដៅមានសក្តានុពលច្រើន ក្នុងទិដ្ឋភាពអចលនទ្រព្យសកល៕
- Video Advertisement -