ការវិនិយោគអចលនទ្រព្យផ្នែកខុនដូ ឬកន្លែងការិយាល័យនៅកម្ពុជា
ប្រទេសកម្ពុជានៅបន្តក្លាយជាគោលដៅវិនិយោគអចលនទ្រព្យដ៏ទាក់ទាញ ហើយកម្ពុជាបានក្លាយជាមជ្ឈមណ្ឌលវិនិយោគអចលនទ្រព្យសំខាន់មួយក្នុងតំបន់អាស៊ីអាគ្នេយ៍ដោយសារតែលក្ខណៈអំណោយផលខាងភូមិសាស្រ្ត។ មកដល់បច្ចុប្បន្នភាពទាក់ទាញរបស់ប្រទេសកម្ពុជានៅក្នុងក្រសែភ្នែករបស់វិនិយោគិនក្រុមហ៊ុនបរទេស គឺការមិនមានហានិភ័យនៃការរឹបអូសយកអចលនទ្រព្យទៅវិញ។ ប្រទេសតៃវ៉ាន់ និងសិង្ហបូរី នៅតែជាប្រភពវិនិយោគិនក្រុមហ៊ុនបរទេសសំខាន់ៗដ៏ចម្បង ខណៈពេលដែលអ្នកអភិវឌ្ឍន៍ជប៉ុន និងចិនចាប់ផ្តើមក្លាយជាអ្នកនាំមុខគេនៅក្នុងទីផ្សារអចលនទ្រព្យ។
គម្រោងខុនដូថ្មីៗជាច្រើនត្រូវបានដាក់ចេញនាពេលថ្មីៗនេះតាមរយៈការបណ្តាក់ទុនរួមគ្នារវាងដៃគូកម្ពុជានិងអ្នកអភិវឌ្ឍន៍ធំៗមកពីក្រៅប្រទេសដូចជា Sina Plaza ដែលជាការអភិវឌ្ឍអគារការិយាល័យប្រើប្រាស់ចំរុះនិងសណ្ឋាគារកម្ពស់ ៣៧ជាន់។ អ្នកអភិវឌ្ឍន៍ចិនក៏បានសហការចាប់ដៃគូជាមួយអ្នកអភិវឌ្ឍន៍កម្ពុជាសម្រាប់គម្រោងធំៗផងដែរ។ ការវិនិយោគពីគ្រឹះស្ថានបរទេស និងវិនិយោគិនជាសហប្រតិបត្តិការបរទេសនៅឆ្នាំនេះបានកើនឡើងគួរឲ្យកត់សម្គាល់ ដោយមានអ្នកអភិវឌ្ឍន៍ជប៉ុន និងចិនធំៗចូលរួមក្នុងការបណ្តាក់ទុនរួមគ្នាថ្មីៗជាមួយដៃគូក្នុងស្រុកនៅកម្រិតគម្រោង។
នៅផ្នែកអភិវឌ្ឍន៍នេះ វិស័យខុនដូនៅតែទាក់ទាញការវិនិយោគពីបរទេស ព្រោះតែវាផ្តល់ជូននូវផលចំណេញមកវិញក្នុងអត្រាខ្ពស់បំផុតនៅតំបន់អាស៊ីអាគ្នេយ៍ និងរយៈពេលទទួលបានផលមកវិញខ្លីជាងបើធៀបទៅនឹងប្រភេទអចលនទ្រព្យផ្សេងទៀត។
ខុនដូនៅតែជាភាពទាក់ទាញដ៏សំខាន់មួយសម្រាប់វិនិយោគិន និងអ្នកទិញទាំងបរទេស និងអ្នកទិញក្នុងស្រុក។ ទីផ្សាររំពឹងថានាពេលឆាប់ៗនឹងមានគម្រោងខុនដូថ្មីក្នុងចំនួនដ៏ច្រើនដែលនឹងឈានដល់ដំណាក់កាលពេញលេញ។ សម្រាប់រយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ ចំនួនជនបរទេសដែលទិញខុនដូនៅក្នុងតំបន់សំខាន់ៗនៃរាជធានីភ្នំពេញ បានកើនឡើងយ៉ាងខ្លាំង។ កាលពីមុន នៅពេលគំនិតនៃខុនដូត្រូវបានបង្ហាញជាលើកដំបូងនៅកម្ពុជា អ្នកទិញជនជាតិខ្មែរធៀបនឹងអ្នកទិញជាជនបរទេសមានជាង ៥០ភាគរយ។ ទោះជាយ៉ាងណា ចំណែករបស់ជនបរទេសថ្មីៗនេះបានកើនដល់ជាង ៦០ភាគរយ។
សម្រាប់ការវិនិយោគលើការិយាល័យ ជាទូទៅគឺជាការវិនិយោគរយៈពេលយូរ និងមានឱកាសតិចតួចសម្រាប់ការទទួលបានផលចំណេញមកវិញ។ ទោះបីជាយ៉ាងនេះក្តី វិនិយោគិនបរទេសមានច្រើនជាងគេនៅក្នុងផ្នែកការិយាល័យនៅភ្នំពេញ។ ទោះយ៉ាងណា នៅមានបញ្ហាប្រឈមមួយចំនួនដែលធ្វើឲ្យមិនសូវមានការវិនិយោគពីបរទេស។ ទី១ មានអាគារការិយាល័យតិចតួចណាស់ដែលត្រូវបានដាក់លក់នៅភ្នំពេញ។ ទី២ មានការប្រកួតប្រជែងខ្លាំងសម្រាប់អគារការិយាល័យដែលមានស្រាប់ និងអគារការិយាល័យថ្មីៗនៅភ្នំពេញ ដោយសារតែមានអ្នកវិនិយោគក្នុងស្រុកនិងបរទេសដែលមានដើមទុនច្រើនជាច្រើនកំពុងស្វែងរកចាប់យកឱកាសវិនិយោគនៅក្នុងទីផ្សារការិយាល័យដែលកំពុងកើនឡើងនៅភ្នំពេញ។
លោក ឆាយ លាងងួន នាយកប្រតិបត្តិក្រុមហ៊ុន Ratanaka Realty បានលើកឡើងថា “ខ្ញុំជឿថាអចលនទ្រព្យពាណិជ្ជកម្មនឹងមានតម្លៃខ្ពស់នាពេលអនាគត។ ខ្ញុំជឿជាក់ថាតម្រូវការជួលពាណិជ្ជកម្មនឹងកើនឡើងខ្លាំងផងដែរនាពេលអនាគត ព្រោះថាក្រុមហ៊ុនកាន់តែច្រើនឡើងចាប់ផ្តើមផ្លាស់ប្តូរការិយាល័យរបស់ពួកគេពីផ្ទះដាច់តែឯងទៅកាន់អគារបែបវិជ្ជាជីវៈដែលមានសន្តិសុខ និងការផ្តល់សេវាកម្មល្អប្រសើរជាង។”
នៅភ្នំពេញ ការផ្គត់ផ្គង់ការិយាល័យប្រចាំឆ្នាំនៅតែស្តួចស្តើងខណៈដែលតម្រូវការក៏នៅមានកម្រិតផងដែរ។ លោកស្រី ចាន់ ម្លប់សុខា បានលើកថា “គិតមកដល់សព្វថ្ងៃនេះ តម្រូវការការិយាល័យនៅមានកម្រិតណាស់។ ខ្ញុំសូមមិនណែនាំឲ្យអ្នកទិញណាមួយវិនិយោគលើកន្លែងការិយាល័យនោះទេ។”
ក្នុងរយៈពេលវែង អ្នកអភិវឌ្ឍន៍និងភ្នាក់ងារអចលនទ្រព្យជាច្រើនជឿជាក់ថា ការរីកចម្រើនឥតឈប់ឈរលើផ្នែកហេដ្ឋារចនាសម្ព័ន្ធ ភាពអំណោយផលខាងភូមិសាស្រ្ត កម្លាំងពលកម្មជំនាញ និងការចំណាយទាបក្នុងការធ្វើអាជីវកម្មរបស់ប្រទេសកម្ពុជា នឹងទាក់ទាញការវិនិយោគបរទេសបន្ថែមទៀតមកក្នុងទីផ្សារអចលនទ្រព្យរបស់ប្រទេស។
ប្រទេសកម្ពុជាត្រូវបានចាត់ទុកថានៅមិនទាន់ចាស់ទុំផ្នែកទីផ្សារអចលនទ្រព្យ ប៉ុន្តែវាជាទីផ្សារដែលផ្តល់ផលដ៏គួរឲ្យទាក់ទាញ។ ទីក្រុងធំៗផ្សេងទៀតដូចជា ទីក្រុងបាងកក ទីក្រុងហ្សាកាតា ទីក្រុងគូឡាឡាំពួ និងទីក្រុងសាំងហ្គាពួរ នឹងបន្តជាទីផ្សារវិនិយោគសកម្មបំផុតនៅអាស៊ានដោយសារតែតម្លាភាពកម្រិតខ្ពស់ និងបរិមាណដ៏ច្រើននៃអចលនទ្រព្យសម្រាប់វិនិយោគ។ ម្យ៉ាងទៀត ភាពមានកម្រិតដូចជា ហេដ្ឋារចនាសម្ព័ន្ធនៅមិនទាន់ល្អប្រសើរ កង្វះច្បាប់ពាណិជ្ជកម្ម និងអចលនទ្រព្យ និងការរឹតត្បិតផ្សេងទៀត បានធ្វើឲ្យវិនិយោគិនមិនចូលមកវិនិយោគ។
ចុងក្រោយ ទីផ្សារអចលនទ្រព្យក្នុងស្រុកអាចទាក់ទាញវិនិយោគិនបរទេសបានលុះត្រាតែគោលនយោបាយសេដ្ឋកិច្ចរបស់រដ្ឋាភិបាលមានលក្ខណៈល្អ ហើយផ្នែកទឹកចិត្តនិងការយល់ឃើញរបស់អ្នកប្រើប្រាស់និងអាជីវកម្មមានភាពប្រសើរឡើង។

- Video Advertisement -