ការសាងសង់រោងចក្រថាមពលអគ្គិសនីដុតប្រេងខ្មៅ នៅស្រុកល្វាឯម ប្រឈមការពន្យាពេលដោយសារកូរ៉ូណា
ការសាងសង់រោងចក្រថាមពលអគ្គិសនី ដុតប្រេងខ្មៅ ចំនួនពីរ ដែលមានអានុភាពសរុប ៤០០ មេហ្គាវ៉ាត នឹងត្រូវពន្យារពេលដំណើរការការតភ្ជាប់បណ្តាញជាតិ ឱ្យបានទាន់តាមការគ្រោងទុក ដោយសារការក្រុមហ៊ុនសាងសង់ មកពីប្រទេសចិន រងផលប៉ះពាល់ដោយសារការរីករាលដាលនៃវីរុស កូវីដ ១៩។
បើយោងតាមគម្រោង ក្រោយពីបានចាប់ផ្តើមសាងសង់នៅខែតុលា ឆ្នាំ២០១៩ រួចមក រោងចក្រថាមពលអគ្គិសនីទាំងពីរនេះ នឹងត្រូវដាក់ឲ្យដំណើរការ និងភ្ជាប់ចូលបណ្តាញជាតិ នៅខែឧសភា ឬមិថុនា ឆ្នាំ២០២០ នេះតែម្តង។
ប៉ុន្តែដោយសារក្រុមហ៊ុនម៉ៅការសាងសង់ជាក្រុមហ៊ុនមកពីប្រទេសចិន ពិបាកនឹងធ្វើដំណើរ ដោយត្រូវប្រឈមនឹងការដាក់ក្នុងចត្តាឡីស័ក (Quarantine) ដើម្បីបង្ការការរីករាដាលជំងឺកូវីដ ១៩ ធ្វើឲ្យដំណើរការសាងសង់ ត្រូវពន្យារពេល។
លោក វ៉ិចទ័រ ហ្សូណា អគ្គនាយកនៃអគ្គនាយកដ្ឋានថាមពល និងជាអ្នកនាំពាក្យក្រសួងរ៉ែ និងថាមពល បានឲ្យដឹងថា “ការពន្យារពេលដាក់ឱ្យដំណើរការផលិតថាមពល អាចមានរហូតដល់ ៦ខែ បើសិនស្ថានភាពកូវីដ១៩ ប្រសើរឡើងវិញ។”
ដោយសារការគំរាមកំហែងនៃការរីករាលដាលមេរោគនេះ ទៅលើអភិវឌ្ឍន៍សេដ្ឋកិច្ច មានការលើកឡើងពីការព្រួយបារម្ភមួយចំនួន អំពីការធ្លាក់ចុះនៃសេដ្ឋកិច្ចជាតិ ជាពិសេសនៅក្នុងវិស័យថាមពល ព្រោះវាអាចមានការដកការវិនិយោគថាមពល និងការពន្យារពេលក្នុងការអនុវត្តគម្រោងថាមពលនានា។
ទោះជាយ៉ាងណា ឆ្លើយតបចំពោះបញ្ហានេះ លោក វ៉ិចទ័រ ហ្សូណា បានបំភ្លឺថា “ទោះបីជាមានការពន្យារពេលដំណើរការផលិតថាមពល ពីរោងចក្រទាំងពីរនេះក្តី ក៏នឹងមិនប៉ះពាល់ដល់ការផ្គត់ផ្គង់ថាមពលដល់រាជធានីភ្នំពេញដែរ។ ដោយសារថា ថាមពលពីប្រភពផ្សេង ដូចជាមកពី វារីអគ្គិសនី រោងចក្រថាមពលដុតធ្យូងថ្ម សូឡា និងរោងចក្រជីវៈម៉ាស់ជាដើម ត្រូវបានត្រៀមសម្រាប់ផ្គត់ផ្គង់នៅរដូវប្រាំងនេះ ស្រេចបាច់ហើយ។”
គួររំលឹកជូនថា គម្រោងរោងចក្រថាមពលអគ្គិសនីដុតប្រេងខ្មៅ អានុភាព ៤០០ មេហ្គាវ៉ាតនេះ រដ្ឋាភិបាលបានបញ្ចេញថវិកា ដើម្បីវិនិយោគប្រមាណ ៣៨០ ដុល្លារ យកទៅទិញម៉ាស៊ីនភ្លើង មកពីប្រទេសហ្វាំងឡង់ និងអាឡឺម៉ង់ កាលពីពាក់កណ្តាលឆ្នាំ ២០១៩ កន្លងទៅ ដើម្បីបង្កើនប្រភពផ្គត់ផ្គង់ថាមពលដល់រាជធានីភ្នំពេញ។
ការសាងសង់រោងចក្រនេះ ត្រូវបានចុះហត្ថលេខាផ្តល់សិទ្ធិសាងសង់ឲ្យទៅក្រុមហ៊ុនសាងសង់ ចំនួនពីរ មកពីប្រទេសចិន គឺក្រុមហ៊ុន CGGC-UN Power Co និងក្រុមហ៊ុន China National Heavy Machinery Corporation។ បន្ទាប់ពីសាងសង់រួចហើយ រោងចក្រថាមពលទាំងពីរនេះ នឹងត្រូវស្ថិតនៅក្រោមការគ្រប់គ្រងរបស់អគ្គិសនីកម្ពុជា៕ (អានបន្ថែម) និង (អានបន្ថែម)

- Video Advertisement -