កិច្ចសម្ភាសន៍៖ នវានុវត្តន៍នៃការរួមបញ្ចូល AI និងនិរន្តរភាពឧស្សាហកម្មដឹកជញ្ជូនបៃតង

ទសវត្សរ៍ចុងក្រោយនេះ សកលលោកបានផ្តោតយ៉ាងខ្លាំងលើបច្ចេកវិទ្យាឌីជីថល និងបញ្ញាសិប្បនិម្មិត (AI)។ ក្រុមហ៊ុន Bentley Systems ដែលជាក្រុមហ៊ុនឈានមុខគេក្នុងការផលិតសូហ្វវែរសម្រាប់វិស្វកម្មហេដ្ឋារចនាសម្ព័ន្ធ ថ្មីៗនេះបានប្រារព្ធពិធីប្រគល់ពានរង្វាន់ 2024 Year in Infrastructure and Going Digital Awards នៅទីក្រុង Vancouver ប្រទេសកាណាដា។ ព្រឹត្តិការណ៍នេះបានប្រមូលផ្តុំអ្នកដឹកនាំឧស្សាហកម្មដ៏លេចធ្លោ និងអ្នកប្រើប្រាស់មកពីជុំវិញពិភពលោក ដើម្បីពិភាក្សាអំពីភាពជឿនលឿនក្នុងវិស័យវិស្វកម្មហេដ្ឋារចនាសម្ព័ន្ធឌីជីថល។ ព្រឹត្តិការណ៍នេះក៏មានការចូលរួមពីអ្នកសារព័ត៌មានល្បីៗមកពីប្រទេសអភិវឌ្ឍន៍ជុំវិញពិភពលោកចូលរួមផងដែរ ក្នុងនោះក៏មានតំណាងអ្នកសារព័ត៌មានមកពីប្រទេសកម្ពុជាផងដែរ។ ទស្សនាវដ្ដីសំណង់និងអចលនទ្រព្យមកពីប្រទេសកម្ពុជាពិតជាមានកិត្តិយសណាស់ដែលបានចូលរួម និងស្វែងយល់អំពីវឌ្ឍនភាពដ៏គួរឱ្យរំភើបដែល Bentley Systems កំពុងអភិវឌ្ឍនៅក្នុងបច្ចេកវិទ្យាឌីជីថលនៅក្នុងព្រឹត្តិការណ៍ពិភពលោកមួយនេះ។

ក្នុងព្រឹត្តិការណ៍នោះ ទស្សនាវដ្តីសំណង់និងអចលនទ្រព្យកម្ពុជាត្រូវបានអនុញ្ញាតឲ្យធ្វើបទសម្ភាសន៍ផ្ទាល់ ជាមួយអ្នកជំនាញមកពី Bentley Systems ដើម្បីពិភាក្សាអំពីភាពជឿនលឿនចុងក្រោយនៃបច្ចេកវិទ្យាឌីជីថលទាក់ទងនឹងឧស្សាហកម្មដឹកជញ្ជូន។ លោក Kaushik Chakraborty អនុប្រធានជាន់ខ្ពស់ប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក និងជប៉ុន នៅ Bentley Systems បានផ្តល់ការយល់ដឹងដ៏មានតម្លៃចំពោះសារៈសំខាន់ និងផលប៉ះពាល់នៃការច្នៃប្រឌិតឌីជីថលក្នុងការដឹកជញ្ជូន ខាងក្រោមនេះគឺជាសំណួរ និងការបកស្រាយអំពីសារសំខាន់ៗមួយចំនួនក្នុងឧស្សាហកម្មដឹកជញ្ជូន៖
សារសំខាន់ក្នុងឧស្សាហកម្មដឹកជញ្ជូន៖

1. តើក្រុមហ៊ុន Bentley Systems ដើរតួនាទីសំខាន់អ្វីខ្លះនៅក្នុងឧស្សាហកម្មដឹកជញ្ជូន? និងរបៀបដែលក្រុមហ៊ុនចងភ្ជាប់ជាមួយឧស្សាហកម្មដឹកជញ្ជូន?

ក្រុមហ៊ុន Bentley Systems ដើរតួនាទីយ៉ាងសំខាន់ណាស់ក្នុងវិស័យដឹកជញ្ជូន ដោយចូលរួមយ៉ាងសកម្មភាពក្នុងរូបភាពផ្សេងៗ រួមមាន ការរចនាប្លង់បណ្តាញដឹកជញ្ជូន និងការជួយគាំទ្រដល់គម្រោងសាងសង់។ នេះរួមបញ្ចូលទាំងផ្លូវថ្នល់ ឬផ្លូវហាយវេ ប្រព័ន្ធផ្លូវដែក អាកាសយានដ្ឋាន ស្ពាន និងផ្លូវរូងក្រោមដីជាដើម។ល។ យើងបង្កើតកម្មវិធីដែលអាចឱ្យអ្នកប្រើប្រាស់របស់យើងអនុវត្តការងាររចនាប្លង់ និងការងារសាងសង់ប្រកបដោយប្រសិទ្ធភាព។ លើសពីនេះ យើងជួយក្នុងប្រតិបត្តិការ និងការគ្រប់គ្រងទ្រព្យសម្បត្តិសម្រាប់ម្ចាស់គម្រោងហេដ្ឋារចនាសម្ព័ន្ធទាំងនេះផងដែរ។

នៅក្នុងដំណោះស្រាយសេវាកម្មរបស់យើងក៏ជួយគាំទ្រដល់ឧស្សាហកម្មដឹកជញ្ជូនកំពង់ផែសមុទ្រ និងព្រលានយន្តហោះផងដែរ។ វាមានសារៈសំខាន់ណាស់សម្រាប់ឧស្សាហកម្មដឹកជញ្ជូន និងការបញ្ជូនទំនិញទូទាំងសាកលលោក។ ការសាងសង់គ្រឿងបរិក្ខារទាំងនេះទាមទារឱ្យមានការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធពាក់ព័ន្ធ ដូចជាផ្លូវថ្នល់ និងស្ថានីយ។ អាស្រ័យហេតុនេះ ដំណោះស្រាយរបស់ Bentley Systems នឹងជួយដោះស្រាយហេដ្ឋារចនាសម្ព័ន្ធគ្រប់ប្រភេទ ដែលវារួមទាំងកំពង់ផែសមុទ្រ និងព្រលានយន្តហោះផងដែរ។

2. តើ Bentley Systems ជួយផ្លាស់ប្តូរឌីជីថលក្នុងហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនបានយ៉ាងដូចម្តេច?

ដោយសារវិស្វកម្មបានវិវឌ្ឍ ហើយគម្រោងកាន់តែធំ និងកាន់តែស្មុគ្រស្មាញ ដូចនេះយើងបានផ្លាស់ប្តូរពីដំណើរការដែលផ្អែកលើក្រដាសឬការងារដោយដៃទៅជាការរចនាប្លង់លក្ខណៈ 2D និងផ្គុំទៅជាគំរូឌីជីថល 3D ហើយឥឡូវនេះ យើងបានផ្តល់ដល់គម្រោងនូវឌីជីថលពិតប្រាកដ ឬឌីជីថលភ្លោះ។ នៅប្រទេសឥណ្ឌូណេស៊ី ជាឧទាហរណ៍ជាក់ស្តែង គម្រោង Uttamacarya, Vijayacarya, Jakarta Metro, និង Nusantara បានបង្ហាញពីការអនុវត្តគម្រោងដែលធំ និងស្មុគស្មាញក្នុងរយៈពេលដ៏ខ្លីបំផុង ជាមួយការកម្រិតថវិកា។

បច្ចេកវិទ្យាឌីជីថលគឺដើរតួនាទីយ៉ាងសំខាន់ក្នុងការបង្កើនប្រសិទ្ធភាព និងផ្តល់នូវភាពមើលឃើញកាន់តែប្រសើរឡើង ដើម្បីកាត់បន្ថយការខ្ជះខ្ជាយក្នុងគម្រោងទាំងនេះ។ ជាប្រពៃណី ដំណាក់កាលរចនាប្លង់គឺផ្តាច់ចេញដាច់ដោយឡែកពីការសាងសង់។ ក្រុមការងារមួយនឹងបង្កើតការរចនា ហើយបន្ទាប់មកក្រុមមួយទៀតនឹងមកបន្តអនុវត្តការសាងសង់។ ការផ្តាច់ទំនាក់ទំនងនេះច្រើនតែនាំទៅរកភាពគ្មានប្រសិទ្ធភាព នៅពេលដែលបញ្ហាកើតឡើងកំឡុងពេលសាងសង់ ចាំបាច់ត្រូវមានការរចនាប្លង់ឡើងវិញ ឬការកែតម្រូវភ្លាមៗនៅ ការដ្ឋាន។

ការផ្លាស់ប្តូរឌីជីថល បានស្វែងរកការរួមបញ្ចូលដំណើរការទាំងនេះក្នុងពេលវេលាតែមួយ។ យើងកំពុងផ្លាស់ប្តូរពីការធ្វើការជាមួយឯកសារដាច់ដោយឡែកទៅប្រើប្រាស់ប្រភពទិន្នន័យទូទៅរួម ដែលអនុញ្ញាតឱ្យមនុស្សគ្រប់គ្នាដែលពាក់ព័ន្ធចូលប្រើព័ត៌មានដូចគ្នាបាន។ នេះមានន័យថា ប្រសិនបើការផ្លាស់ប្តូរកើតឡើងក្នុងកំឡុងពេលសាងសង់ ការធ្វើបច្ចុប្បន្នភាពត្រូវបានឆ្លុះបញ្ចាំងយ៉ាងត្រឹមត្រូវនៅក្នុងទិន្នន័យដែលបានចែករំលែក។ ជាក់ស្តែង ស្ថានីយរថភ្លើងក្រោមដីទីក្រុងហ្សាកាតា នូសានតារ៉ា និងគម្រោងផ្លូវហាយវ៉េជាច្រើននៅក្នុងប្រទេសឥណ្ឌូនេស៊ីបង្ហាញពីការរីកចម្រើនដែលអាចធ្វើទៅបានតាមរយៈបច្ចេកវិទ្យាឌីជីថល។

3. ជាមួយនឹងការរីកចម្រើនយ៉ាងឆាប់រហ័សនៃបច្ចេកវិទ្យា ជាពិសេស AI តើ Bentley Systems ធានាបាននូវដំណោះស្រាយសូហ្វវែររបស់ខ្លួនឆ្លើយតបនឹងតម្រូវការវិវត្តនៃឧស្សាហកម្មដឹកជញ្ជូនបានយ៉ាងដូចម្តេច?

ថ្ងៃនេះ ក្នុងព្រឹត្តិការណ៍ 2024 Year in Infrastructure យើងបានបង្ហាញកម្មវិធីដែលមានមូលដ្ឋានលើ AI មានឈ្មោះថា OpenSight Plus ដែលផ្តោតលើការរចនាប្លង់ជាក់ស្តែងនៅការដ្ឋាន។ នេះពាក់ព័ន្ធនឹងការរៀបចំផែនការសាងសង់បរិវេណជុំវិញអគារ ដូចជាការរចនាផ្លូវ ចំណតរថយន្ត និងប្លង់សហគមន៍ជាដើម។ល។ ដែលវាមិនត្រឹមតែរចនាប្លង់សម្រាប់អគារខ្លួនឯងប៉ុណ្ណោះទេ។ នៅពេលបង្កើតផ្នែកថ្មីនៃទីក្រុង កត្តាដូចជាប្លង់ផ្លូវ និងទីតាំងលំនៅឋាន គឺជាធាតុផ្សំដ៏សំខាន់នៃការរចនាប្លង់នៅការដ្ឋាន ដែលជាទិដ្ឋភាពមូលដ្ឋាននៃវិស្វកម្មសំណង់ស៊ីវិល។

កម្មវិធីរបស់យើងបានរួមបញ្ចូល AI ដើម្បីធ្វើស្វ័យប្រវត្តិកម្មដំណើរការរចនាប្លង់ ដែលធ្វើឱ្យវាកាន់តែមានភាពច្នៃប្រឌិត និងមានវិចារណញាណឆាតវៃ។ ដូចដែលយើងបានបង្ហាញនៅក្នុងវគ្គពិភាក្សាគ្នាជាក្រុមតូចៗក្នុងកម្មវិធី 2024 Year in Infrastructure គឺថាកម្មវិធី OpenSight Plus អាចធ្វើកិច្ចការដោយស្វ័យប្រវត្តិដោយផ្អែកលើតម្រូវការរបស់អ្នកប្រើប្រាស់ ដោយផ្តល់ជូននូវជម្រើសសម្រាប់ដំណោះស្រាយការរចនាប្រកបដោយប្រសិទ្ធភាព និងគុណតម្លៃ។ វាមានសក្តានុពលក្នុងការកាត់បន្ថយពេលវេលាដែលចំណាយលើកិច្ចការដដែលៗ និងដោយដៃគុណនឹងប្រាំទៅដប់ដងឯណោះ។

យើងបានរួមបញ្ចូលមុខងារ Copilot ស្រដៀងគ្នានឹង ChatGPT ដែលប្រើប្រាស់គំរូភាសាដ៏ធំមួយដែលតម្រូវតាមទិន្នន័យជាក់លាក់របស់អតិថិជន។ សំខាន់ ទិន្នន័យនេះនៅតែស្ថិតក្នុងភាពជាឯកជនសម្រាប់អតិថិជន។ ឧទាហរណ៍ ប្រសិនបើអ្នកប្រើក្នុងគម្រោង Vijayakaryan ដែលកំពុងអភិវឌ្ឍជាទីក្រុងថ្មីមួយក្នុងប្រទេសឥណ្ឌូនេស៊ី កម្មវិធីនឹងពិចារណាលើស្តង់ដារក្នុងស្រុក ដូចជាតម្រូវការគម្លាតរវាងផ្ទះ ឬទំហំដែលត្រូវការសម្រាប់កន្លែងចតរថយន្ត ដោយសារស្តង់ដារផ្សេងៗអាចអនុវត្តបានក្នុងបរិបទនោះ។

ពិសេសជាងនេះ នៅពេលដែលយើងរចនាប្លង់ផ្លូវហាយវេ វាជារឿងសំខាន់ក្នុងការវិភាគបទប្បញ្ញត្តិក្នុងស្រុកដើម្បីកំណត់ទទឹងផ្លូវ និងចំនួនគន្លង។ អង្គភាពដែលប្រើកម្មវិធីនេះនឹងផ្តល់នូវនីតិវិធីប្រតិបត្តិការស្តង់ដារ និងច្បាប់ដែលជួយដល់ការកសាងគំរូ។

នៅពេលដែលគំរូត្រូវបានកសាងកាន់តែច្រើន នោះការងារដែលផលិតចេញនឹងកាន់តែមានប្រសិទ្ធភាពខ្ពស់។ ស្រដៀងគ្នាទៅនឹងរបៀបដែល ChatGPT រៀនពីអន្តរកម្មរបស់អ្នកប្រើ គំរូ AI ដែលវាមានភាពប្រសើរឡើងនៅពេលដែលវិស្វករស៊ីវិលបន្តប្រើប្រាស់វា ដោយកែលម្អសមត្ថភាព និងចំណេះដឹងរបស់វា។ ការប្រើប្រាស់ដែលកំពុងបន្តនេះបង្កើនប្រសិទ្ធភាពរបស់វាតាមពេលវេលា ដូចជាវេទិកាដែលបានបង្កើតឡើងជាយូរមកហើយដូចជា Google កាន់តែឆ្លាតវៃតាមរយៈអន្តរកម្មអ្នកប្រើប្រាស់ និងការប្រមូលផ្តុំទិន្នន័យ។

4. តើ Bentley Systems បានរួមបញ្ចូលការគិតគូរអំពីនិរន្តរភាព និងបរិស្ថានទៅក្នុងដំណោះស្រាយរបស់ខ្លួនសម្រាប់ឧស្សាហកម្មដឹកជញ្ជូនដែរឬទេ?

នៅក្នុងព្រឹត្តិការណ៍ 2024 Year in Infrastructure យើងបានពិភាក្សាអំពីនិរន្តរភាព ជាពិសេសផ្តោតលើកាបូនដែលបានបង្កប់នៅក្នុងគម្រោងឧស្សាហកម្មដឹកជញ្ជូន។ ឧទាហរណ៍ ហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនដូចជាផ្លូវថ្នល់ និងផ្លូវហាយវេមានបរិមាណកាបូនដែលបានបង្កប់យ៉ាងច្រើន។ យើងផ្តល់ជូនអ្នកប្រើប្រាស់របស់យើងនូវឧបករណ៍វិភាគកាបូនដែលអនុញ្ញាតឱ្យពួកគេវាយតម្លៃគម្រោងរបស់ពួកគេ និងកំណត់ឥណទានដែលដាក់ចេញសម្រាប់ការបំភាយឧស្ម័នកាបូន ដែលចាំបាច់ពួកគេត្រូវការទិញ និងកំណត់កន្លែងដែលត្រូវផ្តល់ប្រភព។ ការវិភាគនេះគឺមានសារៈសំខាន់ណាស់ក្នុងដំណាក់កាលនៃការរចនាប្លង់។

លើសពីនេះ យើងអាចលើកកម្ពស់និរន្តរភាព ឧទាហរណ៍ជាក់ស្តែង យើងអាចបញ្ចូលប្រព័ន្ធបង្ហូរទឹក និងប្រព័ន្ធគ្រប់គ្រងទឹកដែលប្រសើរឡើងទៅក្នុងការរចនាផ្លូវ និងផ្លូវហាយវេ តាមរយៈការបង្កប់នូវយុទ្ធសាស្ត្រគ្រប់គ្រងទឹកជំនន់ប្រកបដោយប្រសិទ្ធភាព យើងអាចប្រមូល និងកែច្នៃទឹកភ្លៀងសម្រាប់ប្រើប្រាស់នាពេលអនាគត។ វិធីសាស្រ្តនេះកាត់បន្ថយការខ្ជះខ្ជាយទឹក ជាពិសេសនៅតំបន់ដូចជាផ្លូវហាយវេ និងស្ពាន ដែលមានទឹកជំនន់ច្រើន ហើយខ្វះការគ្រប់គ្រងមិនត្រឹមត្រូវ។ ការពិចារណាលើការអនុវត្តទាំងនេះក្នុងអំឡុងពេលដំណើរការរចនាប្លង់ វាបានលើកកម្ពស់ការគ្រប់គ្រងទឹកប្រកបដោយនិរន្តរភាព និងរួមចំណែកដល់អនាគតប្រកបដោយនិរន្តរភាព។

5. តើអ្វីទៅជាបញ្ហាប្រឈមធំបំផុតរបស់ឧស្សាហកម្មដឹកជញ្ជូននាពេលបច្ចុប្បន្ននេះ ហើយតើ Bentley Systems បានចូលរួមដោះស្រាយបញ្ហាប្រឈមទាំងនេះដោយរបៀបណា?

នៅអាស៊ីអាគ្នេយ៍ បញ្ហាប្រឈមចម្បងមួយគឺ លទ្ធភាពទទួលទីធ្លាសម្រាប់សាងសង់ផ្លូវ ឬផ្លូវដែក។ ជាឧទាហរណ៍ជាក់ស្តែង ការកំណត់ទីតាំង (alignment) ផ្លូវដែកល្បឿនលឿនពីហ្សាកាតាទៅ Bandhu បានប្រឈមនឹងការកែតម្រូវជាច្រើន ដោយសារធម្មជាតិនៃតំបន់នេះមានប្រជាជនច្រើនកកកុញ។ តំបន់ជាច្រើនខ្វះទីធ្លាសាងសង់ ដែលធ្វើឲ្យមានការលំបាកក្នុងការសាងសង់ហេដ្ឋារចនាសម្ព័ន្ធចាំបាច់បានលឿន និងប្រកបដោយប្រសិទ្ធភាពដោយមិនមានផលប៉ះពាល់នោះណាស់។ ដើម្បីដោះស្រាយបញ្ហាប្រឈមទាំងនេះ Bentley Systems កំពុងប្រើប្រាស់ AI ក្នុងការផ្តល់ដល់គម្រោងនូវគំរូឌីជីថល និងលំហូរការងារផ្សេងៗដែលឥឡូវនេះត្រូវបានប្រើប្រាស់ដោយអ្នកប្រើប្រាស់របស់យើងជាច្រើន។ នេះធានាថាអ្នកប្រើប្រាស់របស់យើងអាចបង្កើតដំណោះស្រាយប្រកបដោយប្រសិទ្ធភាព ហើយពួកគេកំពុងធ្វើការយ៉ាងសកម្មលើដំណោះស្រាយនេះ។

6. តើអ្នកអាចផ្តល់ដំបូន្មានដល់អ្នកសិក្សាដែលចាប់អារម្មណ៍ក្នុងការបន្តអាជីពជាមួយបច្ចេកវិទ្យា និងឧស្សាហកម្មដឹកជញ្ជូន? តើពួកគេអាចរៀបចំខ្លួនសម្រាប់តួនាទីបែបនេះនៅ Bentley Systems យ៉ាងដូចម្តេច?

វាចាំបាច់ណាស់ក្នុងការសិក្សាជំនាញវិស្វកម្ម ជាជាងការផ្តោតតែលើបច្ចេកវិទ្យាព័ត៌មានវិទ្យា។ ប្រសិនបើអ្នកចាប់អារម្មណ៍លើការសរសេរកម្មវិធី ផ្លូវនោះពិតជាមានប្រយោជន៍។ ជាទូទៅ វាមានប្រយោជន៍ក្នុងការសិក្សាផ្នែកវិទ្យាសាស្ត្រ វិស្វកម្ម បច្ចេកវិទ្យា និងផ្នែកដែលពាក់ព័ន្ធ។ ជាពិសេស គណិតវិទ្យាគឺកាន់តែមានសារៈសំខាន់ជាមួយនឹងការកើនឡើងនៃវិទ្យាសាស្ត្រទិន្នន័យ ដែលផ្អែកលើគោលការណ៍គណិតវិទ្យា។

ពិចារណាពីរបៀបដែលអ្នកអាចប្រើចំណេះដឹងនេះដើម្បីបង្កើតឥទ្ធិពលវិជ្ជមាននៅក្នុងពិភពលោក និងបង្កើនប្រសិទ្ធភាពកម្មវិធី។ យើងអាចរៀនពីក្រុមហ៊ុនដូចជា Google និង Microsoft ដែលជាឧទាហរណ៍ពីរបៀបប្រើបច្ចេកវិទ្យាដើម្បីដោះស្រាយបញ្ហាក្នុងពិភពពិត។

 

- Video Advertisement -

ព័ត៌មានដែលទាក់ទង

មកស្គាល់អ្នកឈ្នះពានរង្វាន់ Going Digital Awards 2025 លំដាប់ពិភពលោក

ក្រុមហ៊ុន Bentley Systems បានប្រកាសជ័យលាភីទាំង ១២ សម្រា […]

មកស្គាល់ក្រុមហ៊ុនខ្លាំងទាំង 36 ប្រកួតយកពានរង្វាន់ 2025 Going Digital Awards នៅអាំស្ទែដាំ

កម្មវិធីអបអរសាទរពានរង្វាន់វានុវត្តននៃគម្រោងហេដ្ឋារចនាសម […]

Bentley Systems ប្រកាសស្វែងរកម្ចាស់ពានរង្វាន់ហេដ្ឋារចនាសម្ព័ន្ធឌីជីថល ២០២៥

អ្នកឈ្នះនឹងត្រូវបានប្រកាសជ័យលាភីក្នុងកម្មវិធីពានរង្វាន់ […]

Bentley Systems ប្រកាសអ្នកឈ្នះពានរង្វាន់ Going Digital Awards ប្រចាំឆ្នាំ 2024

ក្រុមហ៊ុនដែលចូលវគ្គប្រកួតផ្តាច់ព្រាត់ចុងក្រោយ ក៏នឹងទទួល […]

អ្នករៀបចំការប្រកួតពានរង្វាន់ហេដ្ឋារចនាសម្ព័នឌីជីថល ២០២៤ ប្រកាសអ្នកជាប់ទៅប្រកួតវគ្គផ្តាច់ព្រាត់

អ្នកឈ្នះនឹងត្រូវប្រកាសលទ្ធផលនៅថ្ងៃទី ៩ ខែតុលា ក្នុងព្រឹ […]