កូវីដ១៩ បង្ខំសិង្ហបុរីឱ្យផ្អាកស្ថានីយចុះចតលេខ ៤ នៃអាកាសយានដ្ឋានចាងស៊ី មួយទៀតហើយ

អាកាសយានដ្ឋានសិង្ហបុរី ចាងស៊ី ប្រកាសបិទស្ថានីយចុះចតលេខ ៤ (Terminal 4) របស់ខ្លួន ចាប់ពីថ្ងៃទី ១៦ ឧសភា ទៅ បន្ទាប់ពីព្រលានយន្តហោះនេះ បានផ្អាកដំណើរការស្ថានីយលេខ ២ (Terminal 2) មួយរួចមកហើយ កាលពីដើមខែឧសភាកន្លងទៅ។

ការប្រកាសបិទធើមីណលលេខ៤ បណ្តោះអាសន្ននេះ ត្រូវបានធ្វើឡើងដោយសារតែចំនួននៃការហោះហើរ បានធ្លាក់ចុះខ្លាំង បណ្ដាលមកពីវិបត្តិកូវីដ ១៩ នេះបើយោងតាមសេចក្តីប្រកាសរបស់ព្រលានយន្តហោះចាងស៊ីប្រទេសសិង្ហបុរី កាលពីថ្ងៃទី ១២ ខែឧសភាកន្លងទៅ ។

សម្រាប់ជើងហោះហើរទាំងអស់ ដែលធ្លាប់ចុះចត និងហោះហើរនៅស្ថានីយទី៤ (Terminal 4) នេះ ត្រូវប្ដូរទីតាំងទៅដំណើរការនៅស្ថានីយផ្នែកទី ១ ( Terminal 1) និងទី៣ ( Terminal 3) វិញ។ សម្រាប់ជើងហោះហើររបស់ក្រុមហ៊ុនកាថាយ (Cathay Pacific) និងក្រុមហ៊ុនយន្តហោះកូរ៉េ (Korean Air) ត្រូវប្តូរទៅស្ថានីយផ្នែកទី១ (Terminal 1) ចំណែកស្ថានីយចុះចត សម្រាប់ជើងហោះហើរដទៃទៀត នឹងប្រកាសបន្ត បន្ទាប់ពីយន្តហោះទាំងនោះចុះចតនៅចាងស៊ី។

ចំពោះពេលវេលានឹងដាក់ឱ្យដំណើរការឡើងវិញនៅពេលណានោះ នៅមិនទាន់ច្បាស់នៅឡើយទេ ក៏ប៉ុន្តែ ខាងក្រុមហ៊ុនអាកាសយានដ្ឋានចាងស៊ី (CAG) បានឱ្យដឹងថា វាអាស្រ័យលើកំណើនតម្រូវការធ្វើដំណើរតាមជើងហោះហើរងើបឡើងវិញ និងអាស្រ័យតម្រូវការជើងហោះហើរអន្តរជាតិសុំភ្ជាប់មកចាងស៊ីឡើងវិញ។

អ្វីដែលគួរឱ្យចាប់អារម្មណ៍ពីដំណឹងនេះ គឺថាទន្ទឹមការប្រកាសផ្អាកស្ថានីយចុះចត អស់ពីរបីកន្លងមកក្តី តែសិង្ហបុរីឆ្លៀតយកឱកាសផ្អាកជើងហោះហើរនេះ ដើម្បីធ្វើការកែលម្អ និងពង្រីកព្រលានយន្តហោះបន្ថែមទៀត។

លោក Khaw Boo Wan រដ្ឋមន្ត្រីទទួលបន្ទុកខាងហេដ្ឋារចនាសម្ព័ន្ធ និងដំណឹកជញ្ជូនបានបង្ហោះនៅលើគណនីហ្វេសប៊ុកផ្ទាល់ខ្លួនរបស់លោកថា “អនាគតកូវីដ១៩យ៉ាងណានោះ នៅតែមានភាពមិនប្រាកដប្រជា តែយើងនៅតែមានសុទិដ្ឋិនិយមចំពោះការងើបឡើងវីញនៃវិស័យអាកាសចរណ៍រវាងអាកាសយានដ្ឋានចាងស៊ីង និងដៃគូរបស់ខ្លួន។”

គួរបញ្ជាក់ផងដែរថា ព្រលានយន្តហោះចាងស៊ី ធ្លាប់បានប្រកាសផ្អាកស្ថានីយចុះចតលេខ២ ម្តងរួចមកហើយ កាលពីថ្ងៃទី ១ ខែមេសាឆ្នាំ ២០២០ដោយសារមេរោគកូវីដ១៩។ ក៏ប៉ុន្តែ ក្រុមហ៊ុន បានឆ្លៀតយកពេលនេះ ពន្លឿនការសាងសង់ពង្រីកព្រលានយន្តហោះនេះ ឲ្យលឿនជាងការគ្រោងទុកចំនួន ១ ឆ្នាំ ខណៈដែលគម្រោងនេះគ្រោងនឹងបញ្ចប់ការសាងសង់នៅឆ្នាំ ២០២៤។

កាលពីខែមេសាកន្លងទៅ អាកាសយានដ្ឋានចាងស៊ីមានចំនួនអ្នកដំណើរប្រមាណ ២៥ ២០០ នាក់ និងជើងហោះហើរចំនួន ៣ ៨៧០ជើង និងដឹកទំនិញបានប្រមាណ ៩៦ ៥០០ តោន។

រហូតមកដល់ពេលនេះ សិង្ហបុរីប្រកាសរកឃើញអ្នកឆ្លងជំងឺកូវីដ ១៩ ចំនួន ៨៨៤ នាក់បន្ថែមទៀត ដែលធ្វើឲ្យចំនួនអ្នកឆ្លងសរុបក្នុងប្រទេសនេះ កើនដល់ចំនួន ២០ ៥៤១ ករណីហើយ។ ក្នុងនោះ ១ ០៩៣ ករណីកំពុងសម្រាកព្យាបាលក្នុងមន្ទីរពេទ្យ។ នេះបើយោងទៅតាម ទិន្នន័យក្នុងគេហទំព័ររដ្ឋាភិបាលសិង្ហបុរី ថ្ងៃទី១១ ឧសភា ឆ្នាំ២០២០នេះ។

ប្រទេសសិង្ហបុរីបានសម្រេចយកមជ្ឈមណ្ឌលតាំងពិព័រណ៍ដ៏ល្បីរបស់ខ្លួន គឺមជ្ឈមណ្ឌលពិព័រណ៍ចាងស៊ី ( Changi Exhibition Centre) ធ្វើជាមជ្ឈមណ្ឌលថែទាំអ្នកជំងឺកូវីដ ១៩ ខណៈដែលប្រទេសនេះ ក្លាយជាប្រទេសដែលមានករណីឆ្លងច្រើនជាងគេនៅអាស៊ី បន្ទាប់ពីប្រទេសចិន ឥណ្ឌា។ (អានបន្ថែម)

- Video Advertisement -