កំពង់ផែទេសចរណ៍ថ្មីនៅកែបតម្លៃជិត ២លានដុល្លារ នឹងចាប់ផ្តើមសាងសង់នៅថ្ងៃទី ១៥ កញ្ញា នេះ

គម្រោងវិនិយោគសាងសង់កំពង់ផែទេសចរណ៍ថ្មីនៅខេត្តកែប ឬស្គាល់ទូទៅថាជាផែសេះស នឹងត្រូវបើកការដ្ឋានជាផ្លូវការនៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២១ ខាងមុខនេះ ដែលជាការវិនិយោគរបស់ឯកជនក្រោមទុន ១,៩ លានដុល្លារអាមេរិក។

បើតាមសេចក្តីប្រកាសរបស់រដ្ឋបាលខេត្តចុះថ្ងៃទី ០១ ខែកញ្ញា ការសាងសង់នឹងប្រើរយៈពេល ប្រមាណ ២ឆ្នាំ ពោលគឺនឹងបញ្ចប់ក្នុងអំឡុងចុងឆ្នាំ២០២៣។

ក្រោយសាងសង់រួច អ្នកវិនិយោគឯកជន អាចធ្វើអាជីវកម្មភាស៊ីចំណតជលយានរយៈពេល១៥ឆ្នាំ ចប់ និងបន្ត១៥ ឆ្នាំទៀត និងត្រូវបង់ថវិកាជូនរដ្ឋបាលខេត្តក្នុងមួយឆ្នាំ ចំនួន ១១ លានរៀល ដោយត្រូវបង្កើន៥% រៀងរាល់៥ ឆ្នាំម្តងៗ។

មិនត្រឹមតែប៉ុណ្ណោះ ពេលចប់អាណត្តិកិច្ចសន្យា អ្នកវិនិយោគ ត្រូវប្រគល់ទីតាំងកំពង់ផែសេះស និងសំណង់ទាំងអស់ជូនរដ្ឋ ទុកជាទ្រព្យសម្បត្តិរដ្ឋ ដោយគ្មានលក្ខខណ្ឌ។

ឯកឧត្តមអភិបាលខេត្តកែប សោម ពិសិដ្ឋ ធ្លាប់មានប្រសាសន៍ថា៖ «គម្រោងផែសេះស នឹងជាមុខព្រួញថ្មីនៃការអភិវឌ្ឍវិស័យទេសចរណ៍ ឆ្ពោះមកភាគខាងលិចនៃខេត្តកែប និងជាទីតាំងតភ្ជាប់គម្រោងពង្រីកឆ្នេរខ្សាច់កំសាន្តថ្មីក្នុងសង្កាត់ព្រៃធំ និងសង្កាត់អូរក្រសារ ផងដែរ»។ (អានបន្ថែម)

- Video Advertisement -