ក្រសួងកំពុងជំរុញការតភ្ជាប់ជើងហោះត្រង់ពីកោះត្រល់ មកខេត្តសៀមរាប
ក្រសួងទេសចរណ៍ កំពុងសិក្សាពីការរៀបចំកញ្ចប់ទស្សនកិច្ចទេសចរណ៍ពិសេសៗ ដើម្បីជំរុញចលនាទេសចរទៅកាន់ខេត្តសៀមរាប ក្នុងឱកាសនោះដែរ ក្រសួងក៏បានជំរុញការតភ្ជាប់ជើងហោះហើរត្រង់ពីកោះត្រល់ មកកាន់ខេត្តសៀមរាបផងដែរ។ នេះបើយោងតាមកិច្ចប្រជុំស្តីពីការគ្រប់គ្រងនិងអភិវឌ្ឍន៍ទេសចរណ៍សៀមរាប-អង្គរ កាលថ្ងៃទី៨ ខែសីហា ឆ្នាំ២០២២។
ឯកឧត្ដម ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានថ្លែងក្នុងកិច្ចប្រជុំនេះថា ក្រសួងកំពុងសិក្សាជាមួយស្ថានប័នពាក់ព័ន្ធ និងផ្នែកឯកជនក្នុងវិស័យទេសចរណ៍ដាក់ចេញនូវកញ្ចប់ទស្សនកិច្ចទេសចរណ៍ពិសេសសម្រាប់ខេត្តសៀមរាប ដោយក្នុងនោះនឹងសិក្សាស្នើសុំការពិនិត្យ និងសម្រេចពីរាជរដ្ឋាភិបាលលើសំណើមួយចំនួនរួមមាន៖
១. ការជំរុញការតភ្ជាប់ជើងហោះត្រង់ពីកោះត្រល់ (Phu Quoc) មកកាន់ខេត្តសៀមរាប។
២. បណ្ណចូលទស្សនារមណីយដ្ឋានអង្គរពេញមួយជីវិត (Angkor Life time Pass)។
៣. ការដោះស្រាយថ្លៃសំបុត្រទូកទេសចរណ៍តំបន់ចុងឃ្នៀសសម្រាប់ទេសចរជាតិ។
៤. ការជំរុញប្រតិបត្តិការរបស់ក្រុមហ៊ុនអាកាសចរណ៍ ដែលលក់សំបុត្រ តម្លៃទាបនៅកម្ពុជា។
គួររម្លឹកដែរថា សម្រាប់ឆមាសទី១ ឆ្នាំ២០២២នេះ កម្ពុជាទទួលបានទេសចរអន្តរជាតិចំនួនជាង ៥០ម៉ឺននាក់ កើនទ្បើង ៣៩៤.១% ធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០២១ ក្នុងនោះខេត្តសៀមរាបទទួលបានទេសចរអន្តរជាតិចំនួន ៦០,៤៣៥នាក់។
ផ្អែកតាមទិន្នន័យខាងលើ ក្រសួងមានបំណងចង់ជំរុញបន្ថែមនូវចលនាទេសចរទៅកាន់ខេត្តគោលដៅមួយនេះឱ្យបានប្រមាណ៥០ម៉ឺននាក់ ឬច្រើនលើសពីនេះនៅឆ្នាំ២០២៣ខាងមុខ៕

