ក្រសួងកំពុងសិក្សាប្លង់ និងតម្រាយផ្លូវក្រវាត់ក្រុងទី៣ បែកខាងកើត ភ្ជាប់ភ្នំពេញ កោះដាច់ ល្វាឯម

ក្រសួងសាធារណការ និងដឹកជញ្ជូន បាននិងកំពុងសិក្សាលើប្លង់ និងតម្រាយផ្លូវក្រវាត់ក្រុងទី៣ បែកខាងកើត ដែលអាចនឹងតភ្ជាប់ពីតំបន់ស្រុកល្វាឯម ឆ្លងកាត់កោះដាច់ និងតភ្ជាប់ទៅកាន់ផ្លូវជាតិលេខ៦។

ផែនការផ្លូវក្រវាត់ក្រុងទី ៣ បែកខាងកើតនេះ គឺការបំពេញបន្ថែមលើផ្លូវក្រវាត់ក្រុងទី៣ ដែលកំពុងសាងសង់នាពេលបច្ចុប្បន្ន ទិសដៅដើម្បីបង្កើតជាក្រវាត់ក្រុងពេញរង្វង់។

ឯកឧត្តម វ៉ាស៊ីម សុរិយា អ្នកនាំពាក្យក្រសួង បានបញ្ជាក់ប្រាប់ទស្សនាវដ្តីសំណង់ និង អចលនទ្រព្យនៅថ្ងៃទី១៦ ខែវិច្ឆិកានេះថា ក្រសួងកំពុងស្ថិតក្នុងការសិក្សា និងកំពុងតែគូសប្លង់តម្រាយផ្លូវ ដោយមិនទាន់អាចបញ្ជាក់ច្បាស់នៅឡើយថា ផ្លូវនឹងត្រូវឆ្លងកាត់ទីតាំងណាខ្លះ។

ឯកឧត្តម វ៉ាស៊ីម សុរិយា ថ្លែងថា៖ «ធម្មតា វាមាន Alignment (តម្រាយផ្លូវ) របស់វា។ គម្រោងផ្លូវក្រវាត់ក្រុងទី៣ ខាងកើតនេះ វាអាចនឹងឆ្លងកោះដាច់ កោះអន្លង់ចិន រួចត្រូវឡើងទៅផ្លូវជាតិលេខ៦»។

«ប៉ុន្តែ យើងមិនទាន់កំណត់ជាក់ច្បាស់ទេ ព្រោះក្រសួងកំពុងធ្វើតម្រាយប្លង់ផ្លូវ ២ ទៅ ៣ ជម្រើស សម្រាប់ទីតាំងដែលផ្លូវនេះត្រូវឆ្លងកាត់» ឯកឧត្ដមបានបន្ដ។

គួរបញ្ជាក់ថា ឯកឧត្តម ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន ធ្លាប់បានឱ្យដឹងកាលពីខែ សីហា កន្លងមកនេះ ថារដ្ឋនឹងផ្ដោតលលើផ្លូវក្រវាត់ក្រុងទី៣ ប៉ែកខាងកើតនេះសិន មុននឹងគិតដល់ក្រវាត់ក្រុងទី ៤។ (អានបន្ថែម)

- Video Advertisement -

ព័ត៌មានដែលទាក់ទង

កម្ពុជា-World Bank កំពុងសិក្សាលម្អិតពីការគ្រប់គ្រងសំណល់ភក់បង្គន់ក្នុងក្រុងសៀមរាប

ក្រសួងសាធារណការ និងដឹកជញ្ជូន ភាគីពាក់ព័ន្ធ និងជំនាញការន […]