ក្រសួងចរចាតម្លៃសង់ផ្លូវ ៣៨ខ្សែ នៅសៀមរាបឡើងវិញ ទោះផ្លូវសង់បានជាង ៦៣% ហើយក្ដី

ក្រសួងសាធារណការ និងដឹកជញ្ជូន កំពុងចរចាតម្លៃសាងសង់ផ្លូវ ៣៨ខ្សែ នៅក្រុងសៀមរាបឡើងវិញ ជាមួយក្រុមហ៊ុនដែលទទួលខុសត្រូវសាងសង់ ទោះបីបច្ចុប្បន្នការសាងសង់សម្រេចបានជាង ៦៣% ហើយក្ដី។

នេះបើយោងតាមកិច្ចប្រជុំរវាង ឯកឧត្តម សួង ហេង រដ្ឋលេខាធិការក្រសួងសាធារណការនិងដឹកជញ្ជូន ជាមួយនឹងភាគីពាក់ព័ន្ធ កាលពីថ្ងៃទី ៧ កក្កដា កន្លងទៅ។

អ្នកនាំពាក្យក្រសួង ឯកឧត្តម វ៉ាស៊ីម សុរិយា បានពន្យល់ថា មូលហេតុដែលទើបតែចរចាតម្លៃពេលផ្លូវសង់ជិតរួចហើយដូច្នេះ គឺដោយសារតែមូលហេតុ ២។

ទី១ ការចរចាគឺសម្រាប់ផ្នែកដែលមិនទាន់បានចាប់ផ្ដើមសាងសង់ ឬសម្រាប់ថ្លៃសេវាដែលមិនទាន់បានគិតគូរ។ នេះគឺដោយសារតែគម្រោងត្រូវធ្វើជាដំណាក់កាលៗ ដូច្នេះការបង់ថ្លៃសេវាក៏ធ្វើឡើងជាដំណាក់កាលៗដែរ។

ទី២ ការសាងសង់ដែលសម្រេចបាន គឺធ្វើឡើងដោយប្រើថវិកាបុរេប្រទាន (ថរិកាត្រៀមបម្រុង) សិន ដោយមិនទាន់មានការចរចាតម្លៃជាមួយនឹងក្រុមហ៊ុនឡើយទេ។ ការធ្វើដូច្នេះ គឺដើម្បីកុំឱ្យខាតពេល ដោយរដ្ឋអាចបើកការដ្ឋានបានឆាប់ៗ ហើយរឿងតម្លៃគឺមកចរចាពេលក្រោយបាន។

ក្រៅពីការចរចាថ្លៃសាងសង់ កិច្ចប្រជុំក៏បានពិភាក្សាអំពីការងារបច្ចេកទេសដើម្បីរិះរកនីតិវិធីធ្វើឱ្យផ្លូវទាំង ៣៨ខ្សែ នេះ មានគុណភាពរឹងមាំ ប្រើប្រាស់បានយូរ ចំណាយថវិកាចំគោលដៅ និងអាចបញ្ចប់តាមផែនការ។

សូមជម្រាបជូនថា គិតត្រឹមថ្ងៃទី ២៥ ខែមិថុនា ឆ្នាំ២០២១ គម្រោងសាងសង់ផ្លូវទាំង ៣៨ខ្សែ នៅក្រុងសៀមរាប សម្រេចបានប្រមាណ ៦៣,៨៧% ហើយ ដោយគម្រោងនឹងបញ្ចប់តាមផែនការនៅខែធ្នូ ឆ្នាំ២០២១។ (អានបន្ថែម)

- Video Advertisement -