ក្រសួងទេសចរណ៍ គ្រោងកែច្នៃផ្ទះកំណើតរបស់សម្តេចតេជោទៅជារមណីយដ្ឋានប្រវត្តិសាស្ត្រ

ក្រសួងទេសចរណ៍ មានគម្រោងរៀបចំផ្ទះកំណើតរបស់សម្តេចតេជោ ហ៊ុន សែន ទៅជារមណីយដ្ឋានប្រវត្តិសាស្ត្រ ដើម្បីទុកជាកេរ្តិ៍ដំណែលសម្រាប់អ្នកជំនាន់ក្រោយ ខណៈគម្រោងនេះក៏ទទួលបានការគាំទ្រពីសម្តេច ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រផងដែរ។

គម្រោងនេះ ត្រូវបានលើកឡើងដោយឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ក្នុងឱកាសអញ្ជើញទស្សនាផ្ទះកំណើត របស់សម្ដេចតេជោ ហ៊ុន សែន ស្ថិតក្នុងភូមិពាមក្រៅ ឃុំពាមកោះស្នា ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម នៅថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៥។

នាឱកាសនោះ ឯកឧត្តម ហួត ហាក់ បានបង្ហើបពីគម្រោងកែច្នៃ និងរៀបចំផ្ទះនោះ ទៅជារមណីយដ្ឋានប្រវត្តិសាស្ត្រតេជោសែន ដើម្បីទុកជាកេរ្តិ៍ដំណែលប្រវត្តិសាស្ត្ររបស់សម្តេចតេជោ ហ៊ុន សែន និងជាកំណប់ទ្រព្យរបស់អ្នកខេត្តស្ទឹងត្រង់។ ឯកឧត្តមថា គម្រោងនេះ ក៏ទុកជាការសិក្សាស្រាវជ្រាវរបស់យុវជនជំនាន់ក្រោយៗ ជួយជំរុញវិស័យទេសចរណ៍ និងជួយលើកស្ទួយមុខមាត់ខេត្តកំពង់ចាមឱ្យកាន់តែមានភាពរីកចម្រើនផងដែរ។

ជុំវិញរឿងនេះ សម្តេច ម៉ែន សំអន បានបង្ហាញការគាំទ្រយ៉ាងពេញទំហឹងចំពោះគំនិតផ្តួចផ្តើមក្នុងការប្រែក្លាយផ្ទះនៅស្រុកកំណើតរបស់សម្តេចតេជោ ទៅជារមណីយដ្ឋានប្រវត្តិសាស្ត្រតេជោសែន និងបានជម្រុញឱ្យ ឯកឧត្តម ហួត ហាក់ និង ឯកឧត្តម អ៊ុន ចាន់ដា រួមសហការគ្នាសិក្សាអំពីនីតិវិធីក្នុងរៀបចំគម្រោងនេះឱ្យបានជោគជ័យ។

បើតាមឯកឧត្តម ច្រឹង គឹមស្រ៊ាន អតីតសមាជិកព្រឹទ្ធសភានីតិកាលទី៤ បច្ចុប្បន្នជាទីប្រឹក្សាសម្តេច តេជោ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់នាឱកាសនោះដែរថា កាលពីអំឡុងខែមករា ឆ្នាំ១៩៨៨ ដោយឃើញថាផ្ទះចាស់ មានសភាពទ្រុឌទ្រោមខ្លាំង ទើបសុំការឯកភាពពី ឯកឧត្តម ហ៊ុន នាង រុះរើផ្ទះចាស់នោះចេញ ជំនួសដោយផ្ទះថ្មី ដែលសង់អំពីឈើប្រក់ក្បឿង ទំហំ ៦ម×១៤ម ដែលមានអ្នកស្រី សុន ជូ និងស្វាមី ជាអ្នកមើលថែទាំរហូតដល់សព្វថ្ងៃនេះ។

នៅពេលដែលក្រសួងទេសចរណ៍បន្តឆ្ពោះទៅមុខជាមួយនឹងគម្រោងមួយនេះ វាមិនត្រឹមតែអាចការពារផ្នែកប្រវត្តិសាស្ត្រដ៏សំខាន់ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជួយជំរុញទេសចរណ៍ក្នុងស្រុក និងមោទនភាពសហគមន៍ចំពោះបេតិកភណ្ឌដ៏សម្បូរបែបនៃតំបន់ផងដែរ៕

- Video Advertisement -

ព័ត៌មានដែលទាក់ទង

ឆ្នាំ២០២៥៖ វិស័យទេសចរណ៍កម្ពុជា ទទួលបានទុនវិនិយោគរហូតដល់ជាង ៧១០លានដុល្លារ

នៅក្នុងឆ្នាំ២០២៥ កន្លងទៅនេះ កម្ពុជាទទួលបានគម្រោងវិនិយោគ […]

ឥណ្ឌាប្តេជ្ញាជួយជំរុញទេសចរណ៍កម្ពុជា និងពង្រីកការតភ្ជាប់ជើងហោះហើរត្រង់ទៅកាន់ខេត្តសៀមរាប

កុងស៊ុលកិត្តិយសប្រចាំទីក្រុង Bengaluru ផ្តោតលើភាពជាដៃគូ […]

ការប្រែក្លាយមុខមាត់ថ្មីនៃភ្នំខ្នងផ្សារ៖ គម្រោងអភិវឌ្ឍន៍លម្ហែបៃតងសម្រេចបានលទ្ធផល ១០០ ភាគរយ

វិស័យទេសចរណ៍ប្រកបដោយចីរភាពនៅកម្ពុជាបានបានសម្រេចនូវសមិទ្ […]

២០២៥ កម្ពុជារកចំណូលបាន ៤៤លានដុល្លារពីការលក់សំបុត្រចូលទស្សនារមណីយដ្ឋានអង្គរ

នៅក្នុងរយៈពេល១ឆ្នាំ២០២៥  កម្ពុជាបានទទួលចំណូលរហូតដល់ $៤៤ […]

២០២៥ កម្ពុជារកចំណូលបាន ៤៤លានដុល្លារពីការលក់សំបុត្រចូលទស្សនារមណីយដ្ឋានអង្គរ

នៅក្នុងរយៈពេល១ឆ្នាំ២០២៥  កម្ពុជាបានទទួលចំណូលរហូតដល់ $៤៤ […]