ក្រសួងនឹងបង្កើនសមត្ថភាពអាងច្រោះទឹកកខ្វក់នៅខេត្តសៀមរាបដល់ទៅ៨ម៉ឺនគូប/ថ្ងៃ

ក្រសួងសាធារណការ និងដឹកជញ្ជូន គ្រោងនឹងបង្កើនសមត្ថភាពប្រព័ន្ធច្រោះទឹកកខ្វក់ នៅក្នុងខេត្តសៀមរាប ឲ្យបានដល់ទៅពី៥០.០០០ម៉ែត្រគូប ទៅ ៨០.០០០ម៉ែត្រគូប នៅឆ្នាំ២០៤០ ដើម្បីឆ្លើយតបទៅនឹងការកើនឡើងនៃបរិមាណកាកសំណល់ជាបន្តបន្ទាប់ក្នុងខេត្តមួយនេះ។

ក្រសួងបានប្រកាសអំពីគម្រោងនេះ កាលពីថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៩ កន្លងមកនេះ ក្នុងឱកាសដែលឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន ចុះពិនិត្យស្ថានភាពស្ថានីយប្រព្រឹត្តិកម្មទឹកកខ្វក់ និងការគ្រប់គ្រងនិងអភិវឌ្ឍបណ្ដាញប្រព័ន្ធលូទឹកកខ្វក់ នៅក្នុងខេត្តសៀមរាប។

គម្រោងនេះគឺជាផ្នែកមួយនៃផែនការមេរបស់ក្រសួងក្នុងការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធរបស់ខេត្តនេះឲ្យកាន់តែប្រសើរឡើង ដែលនឹងត្រូវអនុវត្តតាមផែនការរយៈពេលខ្លី មធ្យម និងវែង។

សូមបញ្ជាក់ថា បច្ចុប្បន្នខេត្តសៀមរាប មានស្ថានីយប្រព្រឹត្តិកម្មទឹកកខ្វក់មួយកន្លែង ដែលមានសមត្ថភាពច្រោះកាកសំណល់ទឹកកខ្វក់ចំនួន៨.០០០ម៉ែត្រគូបក្នុងមួយថ្ងៃ និងមានម៉ាស៊ីនបូបទឹកកខ្វក់ចំនួន៣ កន្លែង ពោលគឺម៉ាស៊ីនមេមួយកន្លែង និងម៉ាស៊ីនរងចំនួន២ ដែលមានសមត្ថភាពបូមទឹក ៥៦.៣៨៦ម៉ែត្រគូបក្នុងមួយថ្ងៃ។

ក៏ប៉ុន្តែ ដោយសារភូមិសាស្ត្រខេត្តនេះមានការរីកចម្រើនយ៉ាងខ្លាំង ជាពិសេស វិស័យទេសចរណ៍ ក៏បានធ្វើឲ្យបរិមាណកាកសំណល់បានកើនឡើងជាបន្តបន្ទាប់លើសពីការរំពឹងទុក។

អាស្រ័យហេតុនេះ ឯកឧត្តម ស៊ុន ចាន់ថុល បានឲ្យដឹងថា ស្ថានីយប្រព្រឹត្តិកម្មទឹកកខ្វក់ដែលមានស្រាប់គឺមិនទាន់គ្រប់គ្រាន់នៅឡើយទេ ជាពិសេស គឺនៅពេលអនាគត ដូច្នេះក្រសួងត្រូវតែបន្តអភិវឌ្ឍបន្ថែមលើវិស័យនេះ។

ឯកឧត្ដម បានមានប្រសាសន៍ថា៖ “ក្រសួងមានទីតាំង និងទំហំដីគ្រប់គ្រាន់ក្នុងការគ្រប់គ្រងកាកសំណល់ទឹកកខ្វក់ទាំងនេះ។ ជាក់ស្ដែង យើងមានទំហំផ្ទៃដីនៅភាគខាងលិចក្រុងចំនួន៣៨ ហិកតា ដែលបានសាងសង់ស្ថានីយប្រព្រឹត្តិកម្មទឹកកខ្វក់រួចលើទំហំផ្ទៃដី២០ហិកតា។ ចំណែកឯ ផ្ទៃដីបម្រុងនៅភាគខាងកើតក្រុងមានចំនួនប្រមាណជាង ៥០ហិកតា”។

លើសពីនេះទៅទៀត ក្រសួងនឹងប្រើប្រាស់បច្ចេកទេស ដើម្បីបង្កើនសមត្ថភាពបន្សុទ្ធទឹកកខ្វក់ឱ្យបានច្រើនជាងនេះទ្វេដង និងបូមភក់បាតអាងដើម្បីផលិតជាជីសរីរាង្គផងដែរ” ឯកឧត្តម បានបន្ត។

គួរបញ្ជាក់ផងដែរថា កន្លងមកក្រសួងសាធារណការ និងដឹកជញ្ជូន បាននិងកំពុងសហការជាមួយក្រុមហ៊ុន និងដៃគូអភិវឌ្ឍដូចជាធនាគារអភិវឌ្ឍន៍អាស៊ី និងធនាគារពិភពលោក ក៏ដូចជាក្រុមហ៊ុនឯកជនមួយចំនួន សិក្សាផែនការមេប្រព័ន្ធគ្រប់គ្រងទឹកកខ្វក់ និងទឹកភ្លៀងនៅទូទាំងខេត្តសៀមរាប ដើម្បីរក្សាបាននូវបរិស្ថានល្អ និងការពារការជន់លិចលង់ដោយសារទំនន់ទឹកភ្លៀង។

ទាក់ទងនឹងការគ្រប់គ្រងទឹកកខ្វក់នេះ រដ្ឋាភិបាលក៏គ្រោងនឹងចំណាយថរិកា ប្រមាណ ២០០លានដុល្លារអាមេរិក ដើម្បីសាងសង់ប្រព័ន្ធចម្រោះទឹកកខ្វក់ដែលមានសមត្ថភាពចម្រោះទឹកកខ្វក់៦ម៉ឺនម៉ែត្រគូបក្នុងមួយថ្ងៃនៅខេត្តព្រះសីហនុផងដែរ។ (អានបន្ថែម)

- Video Advertisement -

ព័ត៌មានដែលទាក់ទង

កម្ពុជាចូលរួមកិច្ចសន្ទនាថ្នាក់តំបន់ «Asia-Pacific Dialogue on Heritage and Authenticity» នៅប្រទេសវៀតណាម

ប្រតិភូមកពីអាជ្ញាធរជាតិព្រះវិហារ និងសំបូរព្រៃគុក ក្រោមក […]

ផ្លូវជាតិលេខ១០ ប្រវែងជិត ២០០ គីឡូម៉ែត្រ ភ្ជាប់ខេត្តចំនួន៣ ដាក់សម្ពោធឱ្យប្រើប្រាសជាផ្លូវការ

ផ្លូវយុទ្ធសាស្ត្រដ៏សំខាន់ដែលមានប្រវែង ១៩៨,៥ គីឡូម៉ែត្រន […]

កម្មវិធីសំណង់ឌីជីថលអាចបង្កើតប្រយោជន៍អ្វីខ្លះចេញពីថាមពលកម្ដៅផែនដី?

បច្ចេកវិទ្យាឌីជីថលកំពុងជួយផ្លាស់ប្តូរការអភិវឌ្ឍថាមពលកម្ […]