ក្រសួងបរិស្ថានផ្តល់ភ្លើងខៀវដល់គម្រោងរោងចក្រស៊ីម៉ង់ត៍កម្ពុជាចក្រីទីងក្នុងខេត្តកំពត
ក្រសួងបរិស្ថានកាលពីថ្ងៃទី២៣ ខែកក្កដា បានសម្រេចផ្តល់ភ្លើងខៀវដល់គម្រោងរោងចក្រស៊ីម៉ង់ត៍កម្ពុជាចក្រីទីង ទៅលើការវាយតម្លៃហេតុប៉ះពាល់បរិស្ថាន និងសង្គមពេញលេញ ឬ Environmental and Social Impact Assessment (ESIA)។
រោងចក្រស៊ីម៉ង់ត៍កម្ពុជាចក្រីទីងត្រូវបានផ្តួចផ្តើមឡើងកាលពីឆ្នាំ២០១៤ ក្រោមទុនវិនិយោគប្រមាណជា ១០០ លានដុល្លារអាមេរិក ស្ថិតក្នុងភូមិភ្នំតូច ឃុំកណ្តាល ស្រុកទឹកឈូ ខេត្តកំពត លើផ្ទៃដីប្រមាណជា ៣២ ហិកតា។ រោងចក្រនេះអាចមានសមត្ថភាពផលិតស៊ីម៉ងបានដល់១,២២ លានតោនក្នុងមួយឆ្នាំៗ។
ក្រសួងបរិស្ថាន តាមការចុះផ្សាយនៅលើទំព័រហ្វ៊េសប៊ុករបស់ខ្លួន បានឲ្យដឹងថា ក្រសួងបានសម្រេចគាំទ្រគម្រោងខាងលើនេះបន្ទាប់ពីពិនិត្យលើរបាយការណ៍វាយតម្លៃហេតុប៉ះពាល់បរិស្ថាន និងសង្គមពេញលេញ ពីក្រុមហ៊ុនទីប្រឹក្សា SBK Research and Development Co., Ltd។
តាមការបញ្ជាក់តាមទូរសព្ទរបស់ឯកឧត្តម នេត្រ ភក្រ្តា អ្នកនាំពាក្យក្រសួងបរិស្ថាន ការសិក្សាវាយតម្លៃហេតុប៉ះពាល់បរិស្ថាន និងសង្គមពេញលេញ គឺត្រូវបានធ្វើឡើងជារៀងរាល់ ១០ ឆ្នាំ ម្តង ក៏ប៉ុន្តែ ក៏មានគម្រោងខ្លះមិនទាន់បានសិក្សា គឺតម្រូវឲ្យមានការសិក្សាជាចាំបាច់។
តាមការចុះផ្សាយដដែល កិច្ចប្រជុំស្តីពីរបាយការណ៍ខាងលើនេះបានសម្រេចដូចខាងក្រោម៖
១) គាំទ្រចំពោះគម្រោងបង្កើតរោងចក្រផលិតស៊ីម៉ងត៍ (ស៊ីម៉ងត៍កម្ពុជាចក្រីទីង)
២) សូមឲ្យក្រុមហ៊ុនចូលរួមដាំដើមឈើឱ្យបានច្រើននៅជុំវិញទីតាំងគម្រោង
៣) សូមឲ្យក្រុមហ៊ុនមានផែនការគ្រប់គ្រងលើការប្រើប្រាស់ទឹកក្រោមដី
៤) ក្រុមហ៊ុនត្រូវគ្រប់គ្រងសំណល់រឹង-រាវឱ្យបានល្អ និងសំណូមពឲ្យមានអាងប្រព្រឹត្ដកម្មសំណល់រាវ
៥) សូមក្រុមហ៊ុនបំពាក់ឧបករណ៍ស្វ័យត្រួតពិនិត្យគុណភាពខ្យល់ និងឧបករណ៍ចាប់យកភាគល្អិតចេញពីចំហេះ
៦) ក្រុមហ៊ុនត្រូវមានឧបរណ៍សុវត្ថិភាពសម្រាប់បុគ្គលិក-កម្មករប្រើប្រាស់ និងមានផែនការត្រួតពិនិត្យសុខភាពបុគ្គលិក-កម្មករជាប្រចាំ
៧) ការដឹកជញ្ជូនរបស់ក្រុមហ៊ុនត្រូវគោរពទៅតាមបទដ្ឋានបច្ចេកទេស និងការបើកបរត្រូវគោរពច្បាប់ចរាចរណ៍
៨) សូមក្រុមហ៊ុនពិនិត្យពីការបង្កើនមូនិធិបរិស្ថាន និងសង្គម។
គួររម្លឹកថា បច្ចុប្បន្ននេះ កម្ពុជាមានរោងចក្រផលិតស៊ីម៉ង់ចំនួនបួន ដែលមានសមត្ថភាពផលិតស៊ីម៉ង់បានចំនួនប្រមាណ៧លានតោនក្នុងមួយឆ្នាំ។ រោងចក្រទាំងនោះរួមមាន រោងចក្រស៊ីម៉ងត៍កំពត រោងចក្រស៊ីម៉ងត៍ចក្រីទីង រោងចក្រស៊ីម៉ងត៍ជីបម៉ុង អ៊ិនស៊ី និងរោងចក្រស៊ីម៉ងត៍ បាត់ដំបង ខនស៍ ស៊ីមេន។ (អានបន្ថែម)
- Video Advertisement -