ក្រសួងបើកឱ្យប្រើសេវាស្កេន QR Code លើប្លង់រឹងឡើងវិញ ក្រោយផ្អាកមួយរយៈដើម្បីដំឡើងប្រព័ន្ធថ្មី
ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ កាលពីថ្ងៃទី៣១ ខែមីនា កន្លងមកនេះ បានប្រកាសបើកដំណើរប្រព័ន្ធស្កេន QR Code លើសន្លឹកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ (ប្លង់រឹង) ឡើងវិញហើយ បន្ទាប់ពីបានផ្អាកមួយរយៈដើម្បីដំឡើងប្រព័ន្ធថ្មី។
សេចក្ដីប្រកាសរបស់ក្រសួងបានឱ្យដឹងថា ក្រុមការងារបច្ចេកទេសបានដំឡើងប្រព័ន្ធថ្មីឡើងវិញរួចរាល់ហើយ ដូច្នេះការប្រើប្រាស់នឹងងាយស្រួល និងរលូនជាងប្រព័ន្ធចាស់។ (អានបន្ថែម)
គួរបញ្ជាក់ផងដែរថា ប្រព័ន្ធពិនិត្យព័ត៌មានសុរិយោដីតាមរយៈការស្កេន QR Code ដោយប្រើកម្មវិធីលើទូរស័ព្ទដៃស្មាតហ្វូន ត្រូវបានដាក់ឱ្យប្រើប្រាស់តាំងពីដើមឆ្នាំ ២០២០ មកម្ល៉េះ។ ប្រព័ន្ធនេះធ្វើឡើងដើម្បីឱ្យសាធារណជនអាចស្វែងរកព័ត៌មានរបស់អចលនទ្រព្យបានដោយខ្លួនឯង ពោលគឺដើម្បីជៀសវាងបញ្ហាក្ដីក្ដាំពេលទិញលក់។ (អានបន្ថែម)
តាមរយៈទូរស័ព្ទស្មាតហ្វូន លោកអ្នកនឹងអាចដឹងពីព័ត៌មាននៃដី ដូចជា ថ្ងៃខែឆ្នាំធ្វើបច្ចុប្បន្នភាព ទីតាំងក្បាលដី លេខក្បាលដី ទំហំដី រូបភាពប្រើប្រាស់ដី លក្ខណៈនៃការប្រើប្រាស់ដី ប្រភេទទ្រព្យ ម្ចាស់កម្មសិទ្ធិ សិទ្ធិលើការបញ្ចាំ ហ៊ីប៉ូតែក សិទ្ធិជួលអចិន្រ្តៃយ៍ សេវភាព ការរឹបអូស និងព័ត៌មានជាច្រើនទៀត។


