ក្រសួងរៀបចំដែនដីកំពុងពន្លឿនបញ្ចប់ផែនការប្រើប្រាស់ដីនៅមណ្ឌលគិរី

ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ កាលពីថ្មីៗនេះ បានដឹកនាំកិច្ចប្រជុំពិនិត្យ និងពន្លឿនបញ្ចប់ការរៀបចំផែនការប្រើប្រាស់ដីនៅខេត្តមណ្ឌលគិរី ក្នុងគោលបំណងដើម្បីរឹតបន្តឹងករណីកាន់កាប់ដីខុសច្បាប់ ក៏ដូចជារៀបចំសណ្ដាប់ធ្នាប់ការទិញលក់ និងប្រើប្រាស់ដីនៅក្នុងខេត្តនេះផងដែរ។

កិច្ចប្រជុំនេះ ធ្វើឡើងកាលពីថ្ងៃទី ៨ ខែមេសា កន្លងទៅនេះ ដែលដឹកនាំដោយឯកឧត្តមបណ្ឌិត ប៉ែន សុផល រដ្ឋលេខាធិការក្រសួងដែនដី នគរូបនីយកម្ម និងសំណង់ និងមានការចូលរួមពីក្រុមការងារអនុគណៈកម្មការរៀបចំផែនការប្រើប្រាស់ដីនៅខេត្តមណ្ឌលគីរី។

ផែនការប្រើប្រាស់ដីធ្វើឡើងក្នុងគោលបំណង ដើម្បីធ្វើឱ្យការគ្រប់គ្រងនៅខេត្តនេះ មានភាពច្បាស់លាស់ មានតម្លាភាព និងមានប្រសិទ្ធភាពជាងមុន។

ក្រោយផែនការនេះសម្រេចជោគជ័យ សង្ឈឹមថា ស្ថានភាពដីនៅខេត្តមណ្ឌលគិរីនឹងមានភាពច្បាស់លាស់ជាងមុន ការទិញលក់នឹងមិនសូវមានបញ្ហា និងជាពិសេសគឺបញ្ចប់បញ្ហាលើការទន្រ្ទានដីរដ្ឋ និងដីការពារ។

ខេត្តមណ្ឌលគិរីកន្លងមកតែងតែមានបញ្ហាទាំងអស់នេះ។ ជាក់ស្ដែង បើយោងតាមទិន្នន័យបង្ហើបដោយឯកឧត្តមអភិបាលខេត្ត កាលពីឆ្នាំមុន អាជ្ញាធរខេត្តមណ្ឌលគិរីបានដកហូតដីកាន់កាប់ខុសច្បាប់យ៉ាងហោច ២ពាន់ហិចតា។ (អានបន្ថែម)

លើសពីនេះ កាលពីឆ្នាំមុន ក្រសួងមហាផ្ទៃ ក៏បានសម្រេចបង្កើតក្រុមការងារអន្តរក្រសួងប្រមាណ ៥៥០នាក់ ដើម្បីចុះពិនិត្យ និងវាស់វែង ក៏ដូចជារឹតបន្តឹងការអនុវត្តច្បាប់ លើករណីទន្ទ្រាន និងកាន់កាប់ដីព្រៃខុសច្បាប់ ក្នុងតំបន់ការពារធម្មជាតិខេត្តមណ្ឌលគិរីនេះផងដែរ។ (អានបន្ថែម)

គួរបញ្ជាក់ផងដែរថា បើតាមការវិភាគរបស់អ្នកជំនាញអចលនទ្រព្យ ខេត្តមណ្ឌលគិរី ជាទិសដៅវិនិយោគសក្ដានុពលមួយសម្រាប់អ្នកវិនិយោគិន ប៉ុន្តែមានលក្ខណៈប្រថុយប្រថានខ្ពស់នានាពេលបច្ចុប្បន្ន។ (អានបន្ថែម)

ប៉ុន្តែ ជាមួយនឹងការរៀបវាស់វែង និងរៀបចំផែនការប្រើប្រាស់ដីនៅមណ្ឌលគិរីនេះ សង្ឃឹមថានឹងជួយជំរុញសក្ដានុពលអចលនទ្រព្យខេត្តនេះ បានមួយកម្រិតទៀត។

- Video Advertisement -