ក្រសួងរៀបចំដែនដីចាត់តាំងមន្រ្តីត្រួតពិនិត្យសំណង់ទូទាំងប្រទេស
ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានចាត់តាំងមន្រ្តីត្រួតពិនិត្យសំណង់ ហើយការចាត់តាំងនេះ ធ្វើឡើងបន្ទាប់ពីករណីបាក់រលំអគារ នៅខេត្តកែប កាលពីដើមខែមករា និងករណីបាក់រលំអគារនៅខេត្តព្រះសីហនុ កាលពីខែមិថុនា ឆ្នាំ២០១៩។
តាមរយៈសេចក្តីសម្រេច ដែលចុះហត្ថលេខាដោយ ឯកឧត្តម ជា សុផារ៉ា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់កាលពីថ្ងៃទី៩ ខែមករា ក្រសួងបានចាត់តាំងមន្រ្តី រាប់ចាប់ពីរដ្ឋលេខាធិការ អនុរដ្ឋរដ្ឋលេខាធិការ និងមន្រ្តីក្រសួង មន្ទីរនៅតាមរាជធានីខេត្ត ដើម្បីត្រួតពិនិត្យមើលសំណង់។
ក្រុមមន្ត្រីត្រួតពិនិត្យសំណង់នេះ មានក្រុមមន្ត្រីត្រួតពិនិត្យទទួលបន្ទុកជារួម និងមានក្រុមមន្រ្តីត្រួតពិនិត្យនៅតាមតំបន់គោលដៅសំខាន់ចំនួន ៨ខុសគ្នា។
យោងតាមសេចក្តីសសម្រេច មន្ត្រីត្រួតពិនិត្យសំណង់ទទួលបន្ទុករួម ដឹកនាំកំណត់ទិសដៅអនុវត្តដល់មន្ត្រីត្រួតពិនិត្យសំណង់រាជធានី ខេត្ត មានតួនាទី និងភារកិច្ច តាមដាន និងត្រួតពិនិត្យការអនុវត្តការងារត្រួតពិនិត្យសំណង់រាជធានី ខេត្ត ធ្វើរបាយការណ៍ស្នើសុំលើការផ្អាក ការកែតម្រូវ ការបញ្ឈប់ ការតម្រូវឪ្យរុះរើ និងចាត់វិធានការផ្សេងទៀត ក្នុងករណីការងារសាងសង់ ឬរុះរើ មិនអនុលោមតាមបទប្បញ្ញត្តិបច្ចេកទេសសំណង់ និងបទប្បញ្ញត្តិជាធរមានដទៃទៀត។
ចំណែក មន្ត្រីត្រួតពិនិត្យសំណង់ រាជធានីខេត្ត មានតួនាទី និងភារកិច្ច ពិនិត្យ និងផ្តល់យោបល់ទាំងលើទិដ្ឋភាពច្បាប់ និងបច្ចេកទេសលើគម្រោងសាងសង់ និងតាមដានត្រួតពិនិត្យការសាងសង់ ចុះត្រួតពិនិត្យ និងបោះបង្គោលព្រំកំណត់ទីតាំងស្នើសាងសង់ ឬរុះរើ ចុះត្រួតពិនិត្យការងារសាងសង់ និងរុះរើ និងធ្វើរបាយការណ៍ស្នើសុំទៅថា្នក់ដឹកនាំក្រសួង សម្រេច លើការផ្អាក ការកែតម្រូវ ការបញ្ឈប់ ការតម្រូវឪ្យរុះរើ។
មន្ត្រីត្រួតពិនិត្យសំណង់ទាំងពីរក្រុម អាចលើកសំណើរសុំធ្វើអធិការកិច្ចសំណង់ ក្នុងករណី ការងារសាងសង់ ឬរុះរើ មិនអនុលោមតាមបទប្បញ្ញត្តិបច្ចេកទេសសំណង់ និងបទប្បញ្ញត្តិជាធរមានដទៃទៀត។
គួរបញ្ជាក់ថា ក្រោយករណីបាក់រលំអគារកំពស់៦ជាន់នៅខេត្តកែប កាលពីដើមខែមករា ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានបង្កើតគណៈកម្មការធ្វើកោសល្យវិច័យអគារបាក់រំលំ ត្រួតពិនិត្យលក្ខណសម្បត្តិ របស់អ្នកសាងសង់ និងធ្វើរបាយការណ៍លទ្ធផលជូនក្រសួង៕
- Video Advertisement -