ក្រសួងរៀបចំដែនដីចុះផ្សាយខ្លឹមសារទាំងស្រុងនៃច្បាប់ស្តីពីសំណង់ដែលទើបអនុម័ត
ក្រសួងរៀបចំដែនដី នគររូបនីយកម្ម និងសំណង់ បានសម្រេចចុះផ្សាយខ្លឹមសារទាំងស្រុងនៃច្បាប់ស្តីពីសំណង់ ដែលត្រូវបានព្រះករុណា ព្រះបាទសម្ដេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ឡាយព្រះហត្ថលេខា កាលពីថ្ងៃទី ០២ ខែវិច្ឆិកា កន្លងទៅនេះ បន្ទាប់ពីរដ្ឋសភាកម្ពុជាបានពិនិត្យ និងអនុម័ត ។
នេះបើយោងតាមការបង្ហោះឯកសារនៃច្បាប់ស្តីពីសំណង់នៅលើទំព័រហ្វ៊េសប៊ុកផ្ទាល់របស់ក្រសួងកាលពីថ្ងៃទី ០៧ ខែវិច្ឆិកា ឆ្នាំ2019 នេះ។
ការចុះផ្សាយខ្លឹមសារទាំងស្រុងនៃច្បាប់ស្តីពីសំណង់ខាងលើនេះ គឺនឹងអនុញ្ញាតឲ្យសាធារណៈជន ជាពិសេស ក្រុមហ៊ុនប្រកបអាជីវកម្មសំណង់មានមូលដ្ឋានគ្រឹះដ៏រឹងមាំមួយសម្រាប់ជួយដល់ការប្រកបអាជីវកម្មរបស់ខ្លួននៅកម្ពុជា។
ច្បាប់ខាងលើនេះ មានកម្រាស់ ៣១ ទំព័រនេះ ចែកចេញជា ២២ជំពូក និង ១១៣មាត្រា ដែលត្រូវបានតាក់តែងឡើងជាលើកដំបូងនៅឆ្នាំ២០១៧ ដោយមន្ត្រីជំនាញនៃក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងមានការចូលរួមផ្ដល់មតិយោបល់ និងធាតុចូលពីអ្នកជំនាញនៃក្រសួងដីធ្លី ហេដ្ឋារចនាសម្ព័ន្ធ ដឹកជញ្ជូន និងទេសចរណ៍នៃប្រទេសជប៉ុន។
ច្បាប់សំណង់នេះ គឺតាក់តែងឡើងដើម្បីឆ្លើយតបនឹងសន្ទុះនៃការរីកចម្រើនរបស់វិស័យសំណង់ ដែលតម្រូវឲ្យមានការពង្រឹងការគ្រប់គ្រងរាល់ដំណើរការ និងប្រតិបត្តិការក្នុងវិស័យសំណង់ និងអ្នកពាក់ព័ន្ធនឹងការងារសំណង់។
ឯកឧត្តម ឆាន់ សូរ្យផល អគ្គនាយកសំណង់នៃក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានប្រាប់ទស្សនាវដ្តីសំណង់ និងអចលនទ្រព្យយើងខ្ញុំថា ច្បាប់សំណង់នេះ គឺផ្តោតសំខាន់ទៅលើចំណុចពីរដែលនឹងពង្រឹងសុខមាលភាព និងការអភិវឌ្ឍន៍ប្រកបដោយចីរភាព។
ឯកឧត្តមថ្លែងថា៖ «ទីមួយគឺ យើងពង្រឹងគុណភាពក្នុងការអភិវឌ្ឍន៍ក្នុងវិស័យសំណង់ ទីពីរគឺយើងការពារផលប្រយោជន៍សាធារណៈ និងផលប្រយោជន៍ឯកជន»។
ជាក់ស្តែងណាស់ ចាប់តាំងពីឆ្នាំ ២០០០ ដល់ខែមិថុនា ឆ្នាំ ២០១៩ គម្រោងសំណង់ចំនួន ៤៥ ៦០៥ គម្រោងត្រូវបានអនុមត័ជាមួយនឹងទុនវិនិយោគប្រមាណជាង ៤៥ ពាន់លានដុល្លារអាមេរិក សម្រាប់បំរើដល់ វិស័យពាណិជ្ជកម្ម ទេសចរណ៍ លំនៅដ្ឋាន សាធារណៈ និងឧស្សាហកម្មជាដើម។ (អានបន្ថែម)
ដើម្បីជ្រាបកាន់តែច្បាស់អំពីច្បាប់សំណង់ថ្មីនេះ ទស្សនាវដ្តីសំណង់ និងអចលនទ្រព្យកាលពីពេលថ្មីនេះ ក៏បានផលិតជាខ្សែវីដេអូខ្លីដែលរៀបរាប់អំពីសារៈសំខាន់ដែលកម្ពុជានឹងទទួលបានពីច្បាប់ថ្មី ក៏ដូចជា ខ្លឹមសារនានានៃច្បាប់នេះផងដែរ។
សម្រាប់ទាញយកច្បាប់ខាងលើសូមចុច
សម្រាប់ទស្សនាវិដេអូខ្លីសូមចុច
- Video Advertisement -