ក្រសួងរៀបចំដែនដីជំរុញអនុវត្តច្បាប់សំណង់ដល់ម្ចាស់សំណង់ ក្រុមហ៊ុនសំណង់ និងស្ថាបត្យករសំណង់
ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានជំរុញម្ចាស់សំណង់ ក្រុមហ៊ុនសំណង់ ស្ថាបត្យករ និងអ្នកប្រកបរបរវិជ្ជាជីវៈក្នុងវិស័យសំណង់ ត្រូវអនុវត្តតាមច្បាប់សំណង់ និងគោរពទៅតាមបទដ្ឋានបច្ចេកទេសនៃការសាងសង់។
ការក្រើនរំលឹកនេះ ធ្វើឡើងបន្ទាប់ពីមានការករណីបាក់រលំអាគារនៅខេត្តកំពត និងខេត្តព្រះសីហនុ និងការរលំអគារព្រះវិហារនៅខេត្តសៀមរាប។
ថ្លែងនៅក្នុងពិធីផ្សព្វផ្សាយច្បាប់សំណង់ជូនអ្នកប្រកបវិជ្ជាជីវៈក្នុងវិស័យសំណង់ ធ្វើឡើងកាលពីថ្ងៃទី១៤ ខែមករា ឯកឧត្តម ជា សុផារ៉ា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្រុមហ៊ុនដែលទទទួលបានវិញ្ញាបនបត្រលើវិស័យសំណង់ ត្រូវគោរព បទដ្ឋានបច្ចេកទេស ស្តង់ដារ សំណង់ឱ្យបានត្រឹមត្រូវ ដើម្បីធានាគុណភាព សុវត្ថិភាព និងសោភ័ណភាពនៃសំណង់ ជាពិសេសដើម្បីជៀសវាងគ្រោះថ្នាក់ដោយយថាហេតុ បង្កឡើងដោយការធ្វេសប្រហែស។
ឯកឧត្តម ជា សុផារ៉ា ថ្លែងថា៖ “ខ្ញុំបើកវេទិការនេះ សុំការគាំទ្រពីអស់លោក លោកស្រីដែលជាវិស្វករ ដែលជាស្ថាបត្យករ។ វិស្វករ ជួយគាំទ្រឱ្យមានភាពរឹងមាំ និងជំនឿជឿជាក់ លើវិស័យសំណង់។ ស្ថាបត្យករជួយធ្វើការរៀបចំសិក្សាគម្រោងប្លង់ ហើយឱ្យបានផ្សារភ្ជាប់ជាមួយនឹងអត្តសញ្ញាណជាតិខ្មែររបស់យើងនៅក្នុងវិស័យសំណង់”។
ឯកឧត្តម ជា សុផារ៉ា បញ្ជាក់ថា ក្រសួងនឹងបន្តធ្វើការផ្សព្វផ្សាយច្បាប់សំណង់ ដើម្បីធានាថា ការអនុវត្តច្បាប់សំណង់បានត្រឹមត្រូវ។
គួរបញ្ជាក់ជូនថា ច្បាប់សំណង់ ត្រូវបានអនុម័តប្រកាសប្រើកាលពីខែវិច្ឆិកា ឆ្នាំ២០១៩ ហើយការអនុវត្តច្បាប់សំណង់ពេញលេញ គឺរយៈពេល៦ខែ បន្ទាប់ពីច្បាប់សំណង់ប្រកាសឱ្យប្រើ ដោយព្រះហត្ថលេខារបស់ព្រះមហាក្សត្រ។
ទាក់ទងនឹងការពង្រឹងគុណភាពសំណង់នេះដែរ ក្រសួងរៀបចំដែនដី កាលពីសប្តាហ៍មុន បានចេញសេចក្តីណែនាំមួយចំនួន ក្នុងនោះ មានដូចជា ហាមដាច់ខាតការសាងសង់គ្មានលិខិតអនុញ្ញាត ឬវិញ្ញាបនបត្របញ្ជាក់ពីក្រសួងរៀបចំដែនដី ការស្នាក់នៅក្នុងអគារដែលកំពុងសាងសង់ និងជំរុញមន្រ្តីមានសមត្ថកិច្ចចុះត្រួតពិនិត្យការសាងសង់ ដើម្បីធានាថាសំណង់មានច្បាប់អនុញ្ញាតត្រឹមត្រូវ៕




- Video Advertisement -