ក្រសួងរៀបចំដែនដី៖ ៣ចំណុចធំៗ ត្រូវបានផ្លាស់ប្តូរ ក្រោយពេលមានច្បាប់ស្ដីពីសំណង់
វិស័យសំណង់នៅកម្ពុជា ឃើញថាមានរបៀបរៀបរយជាងមុនស្ទើរគ្រប់ផ្នែក ចាប់តាំងពីច្បាប់សំណង់ថ្មីត្រូវបានអនុវត្តកាលពីឆ្នាំ២០១៩មក ពិសេសលើអនុវិស័យធំៗ៣។
នេះជាការលើកឡើងរបស់ឯកឧត្តម ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្នុងជំនួបជាមួយលោកស្រី Kamei Haruko ប្រធានទីភ្នាក់ងារកិច្ចសហប្រតិបត្តិការអន្តរជាតិកម្ពុជាជប៉ុន JICA នៅកម្ពុជា កាលថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២១។
កន្លងមកប្រទេសជប៉ុន បានជួយជ្រោមជ្រែងលើការងារជាច្រើនទាក់ទិននឹងវិស័យសំណង់ និងដីធ្លីនៅកម្ពុជា ពិសេស JICA គឺបានជួយជ្រោមជ្រែងតាក់តែងច្បាប់ស្ដីពីសំណង់តាំងពីឆ្នាំ ២០១៧ មកម្ល៉េះ។
ឯកឧត្តមបានឱ្យដឹង ៖ «នៅប្រទេសកម្ពុជា មុននិងក្រោយពេលមានច្បាប់ស្ដីពីសំណង់នេះ គឺមានចំណុចធំៗ៣ មានភាពខុសប្លែកគ្នាច្រើន។ ទី ១ គឺការថយចុះនូវសំណង់ឥតច្បាប់ ២) មានការកើនឡើងនូវចំនួនវិស្វករ និងស្ថាបត្យករដែលបានចុះបញ្ជី និង ៣) ក្រុមហ៊ុនសាងសង់ក៏មានទំនុកចិត្តចំពោះរដ្ឋាភិបាលជាងមុន»។
«ដោយសារតែមានច្បាប់ស្ដីពីសំណង់ត្រឹមត្រូវ បានធ្វើឱ្យអ្នកវិនិយោគសម្រេចចិត្តមកចុះបញ្ជីនៅក្រសួងរៀបចំដែនដី នគររូបនីយកម្ម និងសំណង់ បានយ៉ាងភ្លូកទឹកភ្លូកដីផងដែរ» ឯកឧត្តមបានបន្ត។
ជាមួយគ្នានេះ លោកស្រី Kamei Haruko ក៏បានសង្កេតឃើញដែរថា ច្បាប់នេះបានជួយគាំទ្រដល់ការអភិវឌ្ឍន៍វិស័យសំណង់នៅក្នុងប្រទេសកម្ពុជាបានយ៉ាងច្រើនផងដែរ។
គួរបញ្ជាក់ផងដែរថា ច្បាប់ស្តីពីសំណង់នេះ បានលេចជារូបរាងឡើងក្រោមកិច្ចសហប្រតិបត្តិការកម្ពុជា-ជប៉ុន ហើយភាគីទាំង ២ ក៏នៅតែបន្តការងារលើកកម្ពស់ការអនុវត្តច្បាប់នេះផងដែរ។
ច្បាប់សំណង់នេះ ត្រូវបានដាក់ឱ្យប្រើប្រាស់ជាផ្លូវការ កាលពីថ្ងៃទី ០៣ ខែ វិច្ចិកា ឆ្នាំ២០១៩ មានទាំងអស់ ២២ ជំពូក និង ១១១មាត្រា៕

