ក្រសួងរៀបចំដែនដី នគរូបនីយ៍កម្ម និងសំណង់ធ្វើទំនើបកម្មប្លង់រឹងឱ្យមាន QR Code
ឯកឧត្តម ឡោ ដាវុធ ថ្លែងក្នុងវីដេអូឃ្លីបរបស់ក្រសួង
ក្រសួងរៀបចំដែនដី នគរូបនីយ៍កម្ម និងសំណង់របស់កម្ពុជា បានប្រកាសជាផ្លូវការពីការណែនាំឲ្យប្រើប្រាស់វិញ្ញាបនបត្រសំគាល់ម្ចាស់អចលនវត្ថុថ្មី (ប្លង់រឹងថ្មី) ដែលមានភ្ជាប់ជាមួយប្រព័ន្ធ QR Code នៅក្នុងការធ្វើទំនើបកម្មមួយ ដើម្បីជួយសម្រួលភាពងាយស្រួលក្នុងការគ្រប់គ្រងប្រព័ន្ធទិន្នន័យរបស់នាយកដ្ឋានសុរិយោដី និងភូមិសាស្ត្រ, ការទទួលបានព័ត៌មានឆាប់រហ័ស និងបញ្ចប់ដោយប្រសិទ្ធិភាពនូវក្តីបារម្ភនៃប្លង់រឹងក្លែងក្លាយ។
នៅក្នុងវីដេអូឃ្លីបមួយ ដែលបានចេញផ្សាយនៅក្នុងគណនីហ្វេសប៊ុករបស់ក្រសួង ឯកឧត្តម ឡោ ដាវុធ អគ្គនាយក នៃអគ្គនាយកដ្ឋានសុរិយោដី និងភូមិសាស្ត្រ បានប្រកាសថា៖ «វិញ្ញាបនបត្រសំគាល់ម្ចាស់អចលនវត្ថុថ្មី ដែលត្រូវបានដាក់ឲ្យប្រើប្រាស់ចាប់ពីថ្ងៃទី១ មិថុនា២០១៨នេះ នឹងត្រូវបោះពុម្ពភ្ជាប់មកជាមួយប្រព័ន្ធ QR code ជាកូដឆ្លើយតបរហ័សមួយ ដែលគេអាចផ្ទៀងផ្ទាត់ទិន្នន័យ និងព័ត៌មានសំខាន់ៗ ជាមួយកម្មវិធី QR Code reader គេអាចទាញយកបានក្នុងទូរស័ព្ទស្មាតហ្វូនរបស់អ្នក ដែលមានសារប្រយោជន៍សម្រាប់ម្ចាស់កម្មសិទ្ធិ និងអគ្គនាយកដ្ឋានរបស់យើង»។
នៅក្នុងវីដេអូឃ្លីបដែលមានរយៈពេល៧នាទី និង១០វិនាទីនោះ ឯកឧត្តម ដាវុធ បានជម្រាបជូនសាធារណជនថា មានការកែប្រែពីរទៀតដែលយើងអាចមើលឃើញនឹងភ្នែកលើគំរូវិញ្ញាបនបត្រសំគាល់ម្ចាស់អចលនវត្ថុថ្មីនេះ។ អក្សរ វិញ្ញាបនបត្រសំគាល់ម្ចាស់អចលនវត្ថុថ្មីតូចៗព្រាលៗលើវិញ្ញាបនបត្រសំគាល់ម្ចាស់អចលនវត្ថុចាស់ ត្រូវបានជំនួសដោយផែនទីព្រះរាជាណាចក្រកម្ពុជានៅចំកណ្តាលសន្លឹកគំរូថ្មី រីឯលេខសន្លឹកថ្មីគឺមាន៨តួលេខ ខុសពីគំរូចាស់ដែលមានតែ៧តួលេខ។
ជាចុងក្រោយ ឯកឧត្តមអគ្គនាយក បានប្រាប់ថា ពុំមានការចាំបាច់ ត្រូវឲ្យម្ចាស់កម្មសិទ្ធិដីធ្លីចាស់ មកប្តូរយកវិញ្ញាបនបត្រសំគាល់ម្ចាស់អចលនវត្ថុថ្មី នោះទេ ព្រោះសន្លឹកបណ្ណទាំងពីរនេះ នៅតែមានតម្លៃស្មីគ្នា លើកលែងតែក្នុងករណីមានការប្តូរ ផ្ទេរសិទ្ធិ ឬការដាក់បន្ទុកណាមួយប៉ុណ្ណោះ ខណៈដែលតម្លៃនៃការធ្វើវិញ្ញាបនបត្រសំគាល់ម្ចាស់អចលនវត្ថុថ្មី មិនមានបង្កើនតម្លៃបន្ថែមទេ គឺនៅរក្សាតម្លៃដដែល៕

សន្លឹកបណ្ណប្លង់រឹងចាស់ ប្រៀបធៀបនឹងសន្លឹកចេញថ្មី ដែលមាន QR code (ស្តាំ)។
https://www.facebook.com/mlmupc.pressteam/videos/1550361395093074/
- Video Advertisement -