ក្រសួងរ៉ែត្រៀមបើកឲ្យមានការដេញថ្លៃបង្កើតរោងចក្រផលិតអគ្គិសនីចេញពីសំរាម
ក្រសួងរ៉ែ និងថាមពលបាននិងកំពុងរៀបចំឲ្យមានការដេញថ្លៃសម្រាប់គម្រោងវិនិយោគបង្កើតជារោងចក្រផលិតអគ្គិសនីចេញពីសំរាម ក្នុងគោលបំណងដោះស្រាយបញ្ហាគ្រប់គ្រងសំរាមក៏ដូចជាបង្កើនការផ្គត់ផ្គង់អគ្គិសនីនៅកម្ពុជា នេះបើយោងតាមការបញ្ជាក់របស់អ្នកនាំពាក្យ។
ថ្លែងប្រាប់ទស្សនាវដ្តីសំណង់ និងអចលនទ្រព្យ តាមទូរសព្ទ័ ឯកឧត្តម វ៉ិចទ័រ ហ្សូណា អ្នកនាំពាក្យក្រសួងរ៉ែ និងថាមពល បានបញ្ជាក់ថា ក្រោយពីមានការណែនាំពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជារួចមក ក្រសួងរ៉ែ និងថាមពលបាននិងកំពុងរៀបចំឯកសារដេញថ្លៃ ដើម្បីឲ្យក្រុមហ៊ុនដែលឈ្នះផលិតអគ្គិសនីលក់ទៅឲ្យអគ្គិសនីកម្ពុជា ឬ EDC។
ការរៀបចំនេះ ធ្វើឡើងបន្ទាប់ពីរដ្ឋាភិបាលសម្រេចដកហូតសិទិ្ធប្រមូលសំរាមពីក្រុមហ៊ុនស៊ីនទ្រី ជាបណ្តោះអាសន្នមុននឹងធ្វើការបើកឲ្យក្រុមហ៊ុនផ្សេងធ្វើការដេញថ្លៃបន្ត។ (អានបន្ថែម)
តាមការបញ្ជាក់របស់ឯកឧត្តម ដំណើរការរៀបចំការដេញថ្លៃនិងឈានដល់ការវិនិយោគបង្កើតរោងចក្រផលិតអគ្គិសនីចេញពីសំរាមនេះ គឺនឹងប្រើប្រាស់រយៈពេលវេលពី៤ ទៅ៥ខែ គិតចាប់ពីពេលនេះទៅ។
ទោះបីមិនទាន់អាចបញ្ជាក់ថានឹងមានក្រុមហ៊ុនប៉ុន្មានអាចនឹងចូលរួមក្នុងការដេញថ្លៃក្តី ឯកឧត្តម វ៉ិចទ័រ ហ្សូណា បញ្ជាក់ថា៖ «យើងត្រូវរៀបចំឯកសារដេញថ្លៃចំនួន២ខែ ហើយយើងជ្រើសរើសក្រុមហ៊ុនដែលឈ្នះរយៈពេល៣ខែ បន្ទាប់ពីហ្អឹងទាល់តែយើងរៀបចំឯកសារដេញថ្លៃចប់ បានយើងប្រកាសដេញថ្លៃ»។
តាមការឲ្យដឹងបន្ថែមពីឯកឧត្តម អគ្គិសនីផលិតចេញពីសំរាមនឹងមានតម្លៃខ្ពស់ជាងអគ្គិសនីផលិតចេញពីធ្យូងថ្ម ឬទំនប់វារីប្រមាណជា ១០ សេនបន្ថែមទៀត ព្រោះការផលិតតាមវិធិសាស្រ្តនេះ ត្រូវប្រើបច្ចេកវិទ្យាខ្ពស់ និងតម្លៃច្រើន។
ទោះបីជាតម្លៃអាចនឹងថ្លៃក៏ពិតមែន តែវិធីសាស្រ្តនេះពិតជាចាំបាច់ណាស់សម្រាប់កម្ពុជា។
ឯកឧត្តមបញ្ជាក់ថា៖ «យើងគិតពីថ្លៃអគ្គីសនីមួយវាសំខាន់ហើយ ប៉ុន្តែក្រៅពីផលិតអគ្គិសនី វាបានជួយសម្រួលដល់ការកាត់បន្ថយសំរាម ព្រោះរាល់ថ្ងៃយើងយកសំរាម ២៨០០តោនក្នុងមូយថ្ងៃ ប្រសិនបើយើងអត់មានគោលការណ៍កំទេចវាទេ យើងរកកន្លែងដាក់អត់បានទេ ហើយដីវារឹតតែថ្លៃ»។
គួរបញ្ជាក់ថា កន្លងមក ក៏មានក្រុមហ៊ុនអន្តរជាតិចង់វិនិយោគបង្កើតរោងចក្រផលិតអគ្គិសនីចេញពីសំរាមនៅក្នុងខេត្តព្រះសីហនុផងដែរ។ (អានបន្ថែម)
- Video Advertisement -