ក្រសួងសេដ្ឋកិច្ចក្រើនសាធារណជនឱ្យប្រុងប្រយ័ត្នការឆបោកពេលទិញអចលនទ្រព្យពិសេសដីឡូត៍
ក្រសួងសេដ្ឋកិច្ច និង ហរិញ្ញវត្ថុ កាលពីថ្មីៗនេះ ចេញសេចក្តីប្រកាស ក្រើនរំលឹកដល់សាធារណជនថាត្រូវតែប្រុងប្រយ័ត្ន ក្នុងអំឡុងពេលទិញលក់អចលទ្រព្យ ជាពិសេសដីឡូត៍ និងផ្ទះ ដោយត្រូវតែស្វែងយល់ពីព័ត៌មាន និងភាពជាម្ចាស់កម្មសិទ្ធដីនោះ ឱ្យបានច្បាស់លាស់ មុននឹងសម្រេចចិត្តទិញ ក្នុងគោលបំណងដើម្បីជៀសវាងហានិភ័យជាយថាហេតុដែលបង្កឡើងដោយជនខិលខូច។
នៅក្នុងសេចក្តីប្រកាសនោះ ខាងក្រសួងសេដ្ឋកិច្ច និង ហរិញ្ញវត្ថុ បានចែកជា ២ ផ្នែកធំៗ ទី១ ព័ត៌មានសម្រាប់ការទិញដីឡូតិ៍ ដែលតម្រូវអោយអ្នកទិញ ត្រូវតែដឹងអោយច្បាស់ពី ឈ្មោះអ្នកកាន់អចលនទ្រព្យ តាមរយៈវិញ្ញាបនប័ត្រអចនទ្រព្យ ។ ក្នុងនោះដែរ ត្រូវមានលិខិតអនុញាត្តិអភិវឌ្ឍន៍ដី ដែលចេញដោយអាជ្ញាធរ ឬ អង្គភាពមានសមត្ថកិច្ច ដូចមានចែងក្នុងប្រកាសលេខ ០៨៧ ដ.ន.ស ប្រក/នីក ចុះថ្ងៃទី ១១ ខែឧសភា ឆ្នាំ ២០១៨ ស្តីពីការអភិវឌ្ឍន៍ដីរបស់ក្រសួងរៀបចំដែនថី នគរូបនីយកម្ម និង សំណង់ ។
រីឯព័ត៌មានសម្រាប់ការទិញលំនៅឋាន តម្រូវអោយមាន លិខិតអនុញាតិសាងសង់ អាជ្ញាបណ្ណអភិវឌ្ឍលំនៅឋាន ព្រមនិង ឯកសារពាក់ព័ន្ធផ្សេងទៀត ដូចបានចែងក្នុងសេចក្តីប្រកាស ។
លោក សន សៀប នាយកប្រតិបត្តិនៃក្រុមហ៊ុនអចលនទ្រព្យ Key Real Estate និងជាអ្នកជំនាញក្នុងវិស័យនេះ បានផ្តល់បទសម្ភាសន៍តាមទូរស័ព្ទថា៖ «សម្រាប់ការប្រកាសរបស់ក្រសួង គឺជារឿងមួយល្អ ដោយសារតែរឿងនេះ គឺធ្វើឱ្យប្រជាជន មានទំនួលខុសត្រូវខ្ពស់ជាងមុន ក្នុងការសម្រេចចិត្ត ទិញ-លក់ អចលនទ្រព្យ (ដីឡូត៍ និងផ្ទះ) »។
«មួយវិញទៀតដែរ បងប្អូនមួយចំនួន ពុំទាន់ការចំណេះដឹងអោយច្បាស់ខ្លាំងសម្រាប់រឿងនេះទេ ដូចនេះសេចក្តីប្រកាសនេះ គឺបានផ្តល់នូវការពារខ្ពស់ លើហានិយភ័យជាយថាហេតុពី ជនខិលខូច» លោកបានបន្ត។
គួរបញ្ជាក់ផងដែរថា សេចក្តីប្រកាសនេះបានចេញក្រោយពី សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន បានប្រកាសថា តម្លៃអចនទ្រព្យលំនៅឋាន ក្រោម ៧ ម៉ឺន ដុល្លារ នឹងជាប់ពន្ធប្រថាប់ត្រាក្នុងរយៈពេលមួយឆ្នាំ (អានបន្ថែម) ។
- Video Advertisement -