ក្រសួងឧស្សាហកម្មចេញគោលការណ៍ថ្មី ៧ ចំណុច រឹតបន្ដឹងសុវត្ថិភាពវិស័យសំណង់ និងអគ្គិសនី
ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បចេ្ចកវិទ្យា និងនវានុវត្តន៍ បានសម្រេចយកស្តង់ដារ ISO, IEC និងស្តង់ដារ UNECE Regulation ចំនួន ២០ចំណុចបន្ថែម មកប្រើប្រាស់នៅកម្ពុជា ក្នុងនោះ ៧ចំណុច គឺដើម្បីរឹតបន្តឹងគុណភាព និងសុវត្ថិភាពក្នុងវិស័យសំណង់ និងការប្រើប្រាស់អគ្គិសនីក្នុងផ្ទះ និងអគារ។
នេះបើតាមកិច្ចប្រជុំលើកទី២៤ របស់ក្រុមប្រឹក្សាស្តង់ដារជាតិ តាមប្រព័ន្ធ Video Conference (Zoom) ក្រោមអធិបតីភាពរបស់ឯកឧត្ដមកិត្តិសេដ្ឋាបណ្ឌិត ទេសរដ្ឋមន្រ្តី ចម ប្រសិទ្ធ និងជាប្រធានក្រុមប្រឹក្សាស្ដង់ដារជាតិ កាលពីថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២១។
នៅក្នុងវិស័យសំណង់ ក្រសួងបានអនុម័តស្តង់ដារ ចំនួន ០៣ រួមមានស្ដង់ដាសម្រាប់ការប្រើប្រាស់៖
១) បំពង់ទុយោផ្លាស្ទិកមិនរងសម្ពាធ សម្រាប់បំពង់បង្ហូរទឹក និងបណ្តាញលូទឹកស្អុយសាងសង់បង្កប់ក្រោមដី
២) បំពង់ទុយោផ្លាស្ទិកមិនរងសម្ពាធ សម្រាប់ទឹកស្អាត និងសម្រាប់បំពង់បង្ហូរទឹក និងលូទឹកស្អុយ ប៉ូលីអេទីឡែន(PE)
៣) បំពង់ទុយោផ្លាស្ទិករងសម្ពាធសម្រាប់ទឹកស្អាត និងសម្រាប់បំពង់បង្ហូរទឹក និងលូទឹកស្អុយPE។
ដោយឡែក ក្រសួងបានអនុម័តចំនួន ០៤ស្តង់ដារ សម្រាប់គ្រប់គ្រងការប្រើប្រាស់បរិក្ខារអគ្គិសនី ដូចជា៖
១) បរិក្ខារអគ្គិសនីប្រើប្រាស់ក្នុងលំនៅឋាន និងបរិក្ខារអគ្គិសនីស្រដៀងគ្នា ដែលអាចធ្វើឲ្យប៉ះពាល់ស្បែក ដោយសារសាយភាយកាំរស្មីវិទ្យុសកម្ម
២) បរិក្ខារអគ្គិសនីប្រើប្រាស់ក្នុងលំនៅឋាន និងបរិក្ខារអគ្គិសនីស្រដៀងគ្នា សម្រាប់សុវត្ថិភាពឆ្នាំងអគ្គិសនីក្នុងវិស័យពាណិជ្ជកម្ម
៣) បរិក្ខារអគ្គិសនីប្រើប្រាស់ក្នុងលំនៅឋាន និងបរិក្ខារអគ្គិសនីស្រដៀងគ្នា សម្រាប់សុវត្ថិភាពបរិក្ខារអគ្គិសនីអាំងសាច់ និងនំបុ័ងក្នុងវិស័យពាណិជ្ជកម្ម
៤) បរិក្ខារអគ្គិសនីប្រើប្រាស់ក្នុងលំនៅឋាន និងបរិក្ខារអគ្គិសនីស្រដៀងគ្នា ពាក់ព័ន្ធសុវត្ថិភាពបរិក្ខាអគ្គិសនីកម្តៅម្ហូបអាហារ និងឧបករណ៍ដាក់ម្ហូបអាហារក្នុងវិស័យពាណិជ្ជកម្ម។
នៅក្នុងអង្គប្រជុំនេះ ឯកឧត្តម ចម ប្រសិទ្ធ មានប្រសាសន៍ថា ការសម្រេចយកស្តង់ដារអន្តរជាតិ មកធ្វើជាស្តង់ដារជាតិនេះ គឺដើម្បីផលប្រយោជន៍សេដ្ឋកិច្ច ការធ្វើពាណិជ្ជកម្ម កិច្ចការពារសុវត្ថិភាព និងការទាក់ទាញការវិនិយោគដ៏សំខាន់សម្រាប់ពេលបច្ចុប្បន្ន និងអនាគត ។
យ៉ាងណាមិញ កាលពីអង្គប្រជុំលើកទី២៣ ក្រុមប្រឹក្សាស្តង់ដារជាតិ បានអនុម័តស្តង់ដារទាក់ទងនឹងការប្រើប្រាស់បរិក្ខាអគ្គីសនីក្នុងលំនៅឋាន ចំនួន ៤ រួចមកហើយ ពីគណៈកម្មការអគ្គិសនីអន្តរជាតិ ឬ IEC មកប្រើនៅកម្ពុជា។ (អានបន្ថែម)
គួរបញ្ជាក់ថា មកទល់ពេលនេះ កម្ពុជាមានស្តង់ដារជាតិសរុបប្រមាណចំនួន ៩៨៨ ហើយ។

