ក្រសួងឧស្សាហកម្មទាក់ទាញវិនិយោគិនជប៉ុនវិនិយោគក្នុងវិស័យផ្គត់ផ្គង់ទឹកស្អាត
ក្រសួងឧស្សាហកម្ម និងសិប្បកម្ម បានលើកទឹកចិត្តដល់វិនយោគិនជប៉ុនធ្វើការវិនិយោគក្នុងវិស័យទឹកស្អាតនៅកម្ពុជា ដើម្បីជំរុញឲ្យប្រជាពលរដ្ឋទទួលបានសេវាទឹកស្អាតប្រើប្រាស់ប្រកបដោយនិរន្តរភាពបានឆាប់បំផុតតាមដែលអាចធ្វើទៅបាន។
ការចូលរួមវិនិយោគក្នុងវិស័យទឹកស្អាត នឹងរួមចំណែកក្នុងគោលនយោបាយរាជរដ្ឋាភិបាល កំណត់យកឆ្នាំ២០២៥ តម្រូវឲ្យតំបន់ទីក្រុង និងទីប្រជុំជន មានទឹកស្អាតប្រើប្រាស់ ១០០ ភាគរយ។
ថ្លែងនៅក្នុងសិក្ខាសាលា ស្តីពីទឹកស្អាត និងប្រព័ន្ធអនាម័យ កម្ពុជា-ជប៉ុន ធ្វើឡើងកាលពីថ្ងៃទី២២ ខែមករា ឯកឧត្តម ចម ប្រសិទ្ធ ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម និងសិប្បកម្ម បានមានប្រសាសន៍ថា តម្រូវការប្រើប្រាស់ទឹកស្អាតមានកំណើនកើនឡើងគួរឲ្យកត់សំគាល់ ដោយសារកំណើនសេដ្ឋកិច្ច ជីវិភាពប្រជាពលរដ្ឋ និងគម្រោងអភិវឌ្ឍន៍នានា។
ឯកឧត្តម ចម ប្រសិទ្ធ ថ្លែងទៀតថា៖ «ក្រសួងបន្តផ្តល់ការគាំទ្រ និងលើកទឹកចិត្តដល់វិនិយោគទាំងក្នុង និងក្រៅស្រុក ដែលមានសមត្ថភាពខាងបច្ចេកទេស និងហិរញ្ញវត្ថុ ជាពិសេស វិស័យឯកជនជប៉ុនធ្វើការវិនិយោគក្នុងវិស័យទឹកស្អាតនៅកម្ពុជា ក្នុងបំណងជំរុញឲ្យប្រជាពលរដ្ឋទទួលបានសេវាទឹកស្អាតប្រើប្រាស់ប្រកបដោយនិរន្តរភាព បានឆាប់បំផុតតាមដែលអាចធ្វើទៅបាន»។
បើយោងតាមតួលេខផ្តល់ដោយឯកឧត្តមរដ្ឋមន្រ្តី ការប្រើប្រាស់ទឹកស្អាត គឺមានប្រមាណ ៣០លានម៉ែត្រត្រីគុណក្នុងមួយថ្ងៃ។
បច្ចុប្បន្ន ក្រសួងមានប្រតិបត្តិករសាធារណៈចំនួន១១ និងឯកជនមានចំនួន ២៥៨។
“យើងកំពុងតែផលិតហើយ តែមិនទាន់គ្រប់គ្រាន់ទេ។ ចឹងហើយបានយើងធ្វើសិក្ខាសាលានេះ ដើម្បីទាក់ទាញយកអ្នកវិនិយោគបន្ថែមទៀត ជួយផ្គត់ផ្គង់ទឹក។ ជាសំខាន់ យើងចង់ស្វែងរកអ្នកផ្គង់ផ្គង់ទឹកលក់ដុំ។ គឺផលិតទឹកឲ្យធំ ហើយតបំពង់ទុយោមេឲ្យធំ តទៅគ្រប់កន្លែង ដល់អ្នកលក់រាយដើម្បីឲ្យអ្នកលក់រាយពង្រីកទីតាំងរបស់គាត់ថែមទៀត”។
គួរបញ្ជាក់ជូនថា សិក្ខាសាលានេះ ធ្វើឡើងដើម្បីបង្ហាញអំពីទស្សនវិស័យទឹកស្អាតរបស់កម្ពុជា ការចែករំលែកបទពិសោធន៍នៃការអភិវឌ្ឍវិស័យទឹកស្អាតរបស់ប្រទេសជប៉ុន ការជួយគាំទ្ររបស់ភាគីជប៉ុន ដល់វិស័យទឹកស្អាតនៅកម្ពុជា៕
Photo by progressivedrilling
- Video Advertisement -