ក្រសួង២ រួមគ្នាបង្កើតមណ្ឌលសុខភាពថ្មី ១៣កន្លែង និងពង្រឹងសមត្ថភាពមណ្ឌលសុខភាពនៅទូទាំងប្រទេស
ក្រសួងសុខាភិបាល និងក្រសួងមហាផ្ទៃសម្រេចបង្កើតមណ្ឌលសុខភាពថ្មីចំនួន ១៣កន្លែង មន្ទីរពេទ្យបង្អែកថ្មី ១កន្លែង ប៉ុស្តិ៍សុខភាពថ្មី ១កន្លែង និងតម្លើងកម្រិតមន្ទីរពេទ្យបង្អែកចំនួន ២កន្លែង និងតម្លើងប៉ុស្តិ៍សុខភាពឱ្យទៅជាមណ្ឌលសុខភាពចំនួន ៥កន្លែង នៅទូទាំងប្រទេស។ នេះបើតាមប្រកាសអន្តរក្រសួងលេខ ០៣១ សនរ/ប្រក ចុះថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២២។
ការសម្រេចបង្កើតមណ្ឌលសុខភាពថ្មីចំនួន ១៣កន្លែង រួមមាន៖
- មណ្ឌលសុខភាពដីក្រហម ស្ថិតក្នុងខេត្តឧត្តរមានជ័យ
- មណ្ឌលសុខភាពតាំងសំរោង និងមណ្ឌលសុខភាពត្រាចទង ស្ថិតក្នុងខេត្តកំពង់ស្ពឺ។
- មណ្ឌលសុខភាពអូរសណ្តាន់ មណ្ឌលសុខភាពអន្លង់ត្នោត មណ្ឌលសុខភាពឧទ្យានសំកុលសែនជ័យ មណ្ឌលសុខភាពរវៀង មណ្ឌលសុខភាពសន្ទ្រែ និងមណ្ឌលសុខភាពរកាត ស្ថិតក្នុងខេត្តពោធិ៍សាត់។
- មណ្ឌលសុខភាពគគីរសោម ស្ថិតក្នុងខេត្តស្វាយរៀង
- មណ្ឌលសុខភាពទំនប់រលក ស្ថិតក្នុងខេត្តព្រះសីហនុ
- មណ្ឌលសុខភាពពារាម ស្ថិតក្នុងខេត្តតាកែវ
- មណ្ឌលសុខភាពផាត់សណ្តាយ ស្ថិតក្នុងខេត្តកំពង់ធំ។
ទន្ទឹមនឹងនេះផងដែរ ក្រសួង បានសម្រេចឱ្យបង្កើតប៉ុស្តិ៍សុខភាពអាយុយឺនយូរ អូរបាក់រទេះ ស្ថិតក្រោមណ្ឌលសុខភាពថ្មី ស្ថិតក្នុងខេត្តព្រះសីហនុ និងបង្កើតមន្ទីរពេទ្យបង្អែកថ្មី ១កន្លែង ឈ្មោះថាមន្ទីរពេទ្យបង្អែកកែវសីមា ជាប្រភេទមន្ទីរពេទ្យផ្តល់សេវាសំណុំសកម្មភាពបង្គ្រប់កម្រិត១ (CPA1) ស្ថិតក្នុងខេត្តមណ្ឌលគិរី។
បន្ថែមពីនេះ ក្រសួង បានតម្លើងកម្រិតមន្ទីរពេទ្យបង្អែកចំនួន ០២កន្លែង រួមមាន មន្ទីពេទ្យបង្អែកខេត្តឧត្តរមានជ័យ តម្លើងពីកម្រិត CPA2 ទៅជា CPA3 និងមន្ទីពេទ្យបង្អែកអង្គរជុំ ក្នុងខេត្តសៀមរាប តម្លើងពីកម្រិត CPA1 ទៅជា CPA2។
ក្រៅពីនេះ ក្រសួងទាំងពីរ បានតម្លើងប៉ុស្តិ៍សុខភាពចំនួន ០៥កន្លែង ទៅជាមណ្ឌលសុខភាពរួមមាន៖
- មណ្ឌលសុខភាពអូរក្ល មណ្ឌលសុខភាពស្រែឈូក មណ្ឌលសុខភាពពាមជីមៀត ស្ថិតក្នុងខេត្តមណ្ឌលគិរី
- មណ្ឌលសុខភាពអូរសោម ស្ថិតក្នុងខេត្តពោធិ៍សាត់
- មណ្ឌលសុខភាពសៀង ណាំ កំពង់ភ្លុក ស្ថិតក្នុងខេត្តសៀមរាប។
- Video Advertisement -