ក្រុងស៊ីវិល័យ តែផ្លូវសំបុកមាន់! ចៅហ្វាយខេត្តប្ដេជ្ញាដោះស្រាយរឿងនេះ តែត្រូវចាំ…

អភិបាលខេត្តបាត់ដំបង ឯកឧត្តម សុខ លូ បានប្ដេជ្ញាថានឹងជួសជុលផ្លូវដែលខូចខាត ឬហៅថាផ្លូវសំបុកមាន់ តាមតែថវិកាអាចធ្វើបាន ក្រោយរដូវភ្លៀងចប់។

ការលើកឡើងនេះគឺ ដើម្បីឆ្លើយតបទៅបណ្ដាញសង្គមដែលបង្ហោះរូបផ្លូវជាច្រើនក្នុងក្រុងបាត់ដំបង ដែលរងការខូចខាត ព្រមពាក្យរិះគន់ថា «បាត់ដំបងក្រុងស៊ីវិល័យ តែកុំមើលផ្លូវ»។

ឯកឧត្តម សុខ លូ បានឱ្យដឹងកាលពីថ្ងៃទី ០២ ខែតុលា ឆ្នាំ២០២២ ថា នៅពេលអស់ភ្លៀងខាងមុខនេះ ខេត្តនឹងចាប់ផ្តើមជួសជុលលុបសំបុកមាន់ ខណៈផ្លូវមួយចំនួននឹងធ្វើថ្មីទៅតាមទំហំថវិកា។

«ផ្លូវក្នុងក្រុងបាត់ដំបងមានចំនួន៧៦ខ្សែ(ទាំងវែង ទាំងខ្លី)ហើយ ភាគច្រើនជាផ្លូវដែលបានសាងសង់យូរហើយ។ ពេលនេះផ្លូវមួយចំនួនធំមានការខូចខាត។ ផ្លូវទាំងនោះសុទ្ធតែបានរងផលប៉ះពាល់ដោយទឹកជំនន់ច្រើនលើកច្រើនសារមកហើយ» ឯកឧត្តមបានឱ្យដឹង។

ឯកឧត្តមបន្តថា៖ «ពេលនេះរដូវភ្លៀងច្រើន យើងលុបសំបុកមាន់ក៏មិនជាប់ដែរ។ នៅពេលអស់ភ្លៀងខាងមុខនេះ ខេត្តនឹងចាប់ផ្តើមជួសជុលសំបុកមាន់ទាំងនេះ»។

គួរបញ្ជាក់ថា ផ្លូវមួយចំនួនក្នុងខេត្តបាត់ដំបង រដ្ឋបាលខេត្តកូចង់ជួសជូលដែរ ប៉ុន្តែមិនអាចធ្វើកើត ព្រោះទាក់នឹងគម្រោងដែល ADB ធ្វើប្រព័ន្ធលូរំដោះទឹកភ្លៀង និងទឹកកខ្វក់ទាំងខាងកើតស្ទឹងនិងខាងលិចស្ទឹង។

ដូច្នេះរដ្ឋបាលខេត្តត្រូវរង់ចាំមួយរយ:សិន ដើម្បីកុំអោយពិបាកធ្វើពីរដង តែរដ្ឋបាលខេត្តនឹងលុបសំបុកមាន់ប្រើប្រាស់បណ្តោះអាសន្នសិន។

 

- Video Advertisement -