ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាអនុម័តគម្រោងវិនិយោគធំៗ ៧តម្លៃសរុបជាង៦០ លានដុល្លារ
ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានអនុម័តឱ្យក្រុមហ៊ុនឯកជនវិនិយោគសាងសង់រោងចក្រ ៦ និងវារីវប្បកម្ម ១ កន្លែង តម្លៃសរុបជាង ៦០ លានដុល្លារ នៅខេត្តតាកែវ ពោធិ៍សាត់ ស្វាយរៀង កណ្តាល ព្រះសីហនុ និងរាជធានីភ្នំពេញ។
ក្រុមហ៊ុនទី១ គឺក្រុមហ៊ុន YUAN SHUO (CAMBODIA) CO., LTD ដែលនឹងវិនិយោគ ២,២ លានដុល្លារអាមេរិក បង្កើតរោងចក្រផ្គុំដំទ្បើងសម្ភារអេទ្បិចត្រូនិក និងគ្រឿងបន្លាស់អេទ្បិចត្រូនិកគ្រប់ប្រភេទ ដែលមានទីតាំងស្ថិតនៅភូមិចមពល ឃុំពពេល ស្រុកត្រាំកក់ ខេត្តតាកែវ។
ក្រុមទី២ គឺក្រុមហ៊ុន SCHNEITIC CHINT CO., LTD ដែលនឹងវិនិយោគ ២,៥ លានដុល្លារអាមេរិក បង្កើតរោងចក្រផ្គុំដំទ្បើងគ្រឿងសម្ភារអគ្គិសនី ដែលមានទីតាំងស្ថិតនៅភូមិអន្សក្តាម ឃុំស្នាអន្សា ស្រុកក្រគរ ខេត្តពោធិ៍សាត់។
ក្រុមហ៊ុនទី៣ គឺក្រុមហ៊ុន XIN WEI JIE CO., LTD ដែលនឹងវិនិយោគ ២,៩ លានដុល្លារអាមេរិក បង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ ដែលមានទីតាំងស្ថិតនៅភូមិចុងថ្នល់ខាងលិច សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
ក្រុមហ៊ុនទី៤ គឺក្រុមហ៊ុន GREEN SUSTAINABLE VENTURES (CAMBODIA) CO., LTD ដែលនឹងវិនិយោគ ១៧,៦ លានដុល្លារអាមេរិក សាងសង់រោងចក្រផលិតថាមពលអគ្គិសនីដើរដោយពន្លឺព្រះអាទិត្យ អានុភាព 20MW ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិមនោរម្យ ឃុំមនោរម្យ ស្រុកស្វាយទាប ខេត្តស្វាយរៀង។
ក្រុមហ៊ុនទី៥ គឺក្រុមហ៊ុន FIRST AQUATIC INDUSTRIAL CO., LTD ដែលនឹងវិនិយោគ២៥,២លានដុល្លារអាមេរិកបង្កើតវារីវប្បកម្ម ដែលមានទីតាំងស្ថិតនៅភូមិដីឥដ្ឋកោះផុស ឃុំដីឥដ្ឋ ស្រុកកៀនស្វាយ និងភូមិតោតម៉ា ឃុំកណ្តោក ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។
ក្រុមហ៊ុនទី៦ គឺក្រុមហ៊ុន INNOMED HEALTHCARE PRODUCTS (CAMBODIA) CO., LTD ដែលនឹងវិនិយោគ ១០លានដុល្លារអាមេរិក បង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់វេជ្ជសាស្ត្រ និងផលិតសម្ភារបរិក្ខារវិជ្ជសាស្ត្រ ដែលមានទីតាំងស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស ខេមបូឌាន ចេជាង ហ្គរ័ជី ខេត្តព្រះសីហនុ។
ដោយឡែក ក្រុមហ៊ុនទី៧ គឺក្រុមហ៊ុន HUIQUANFENG TECHNOLOGY (CAMBODIA) CO., LTD ដែលនឹងវិនិយោគ ៧ លានដុល្លារអាមេរិក បង្កើតរោងចក្រផលិតគ្រឿងបង្គុំទោចក្រយាន និងគ្រឿងបំណែកទោចក្រយានគ្រប់ប្រភេទ ដែលមានទីតាំងវិនិយោគស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស តាយសេង បាវិត ខេត្តស្វាយរៀង។
បើយោងតាមក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា គម្រោងទាំង ៧ នេះនឹងចូលរួមបង្កើតការងារចំនួន ២៦៣៨ កន្លែងដល់ប្រជាពលរដ្ឋក្នុងតំបន់។
សម្រាប់ឆ្នាំ ២០២១ នេះ គិតត្រឹមពាក់កណ្តាលខែមីនា ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចអនុម័តគម្រោងធំៗ យ៉ាងហោច ២២គម្រោង រួចមកហើយ ដែលរួមទាំងគម្រោងខាងលើនេះផងដែរ។ ក្នុងនោះទុនវិនិយោគសរុបមានប្រមាណជាង ៧៦០ លានដុល្លារ។ (អានបន្ថែម)
- Video Advertisement -